ខេត្តតាកែវ ៖ កាលពីម្សិលមិញនេះ ក្រោយពីបុរសម្នាក់ឈ្មោះ សេម ថា អាយុ៣២ឆ្នាំ បានចងកសម្លាប់ខ្លួន នៅផ្ទះចាស់របស់ខ្លួន ស្ថិតនៅក្នុងភូមិត្រាច ឃុំស្រែរនោង ស្រុកត្រាំកក់ ត្រូវបានគេយករូបភាពមកបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក អមដោយសំណេរថា បុរសរូបនេះចងក ព្រោះតែជំពាក់លុយធនាគារ ហើយត្រូវធនាគាររឹបអូសទ្រព្យសម្បត្តិនោះ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ ស្ត្រីជាប្រពន្ធ របស់ជនរងគ្រោះ បានចេញមកបដិសេធ និងច្រានចោលព័ត៌មានទាំងស្រុង ចំពោះការលើកឡើងដោយគ្មានមូលដ្ឋានបែបនេះ ។
អ្នកស្រី សេម ជ្រឿន ជាប្រពន្ធរបស់ជនរងគ្រោះដែលបានចងកសម្លាប់ខ្លួន បានថ្លែងថា «ក្រុមគ្រូសារខ្ញុំ មិនបានជំពាក់លុយធនាគារ ណាមួយនោះទេ ហើយប្ដីខ្ញុំ ចងកសម្លាប់ខ្លួន គឺដោយសារតែគាត់មានជំងឺសសៃប្រាសាទ មិនដូចជាការលើកឡើងតាមបណ្ដាញសង្គមថា ធនាគាររឹបអូសយកទ្រព្យសម្បត្តិ ប្ដីខ្ញុំគ្មានជម្រើសក៍ចងកសម្លាប់ខ្លួន » ។
អ្នកស្រីបានមានប្រសាសន៍បន្តថា កន្លងមក ប្ដីរបស់អ្នកស្រី ដែលមានជំងឺសសៃប្រសាទ ធ្លាប់បានចងក និងលេបថ្នាំសម្លាប់ខ្លួន រួចមកហើយ ប៉ុន្តែត្រូវបានញាតិជិតខាង និងក្រុមគ្រួសារឃើញទាន់ និងបានជួយទាន់ពេលវេលា ក៍ប៉ុន្តែកាលពីម្សិលមិញនេះ ខណៈពេលក្រុមគ្រួសារមិននៅផ្ទះ ជនរងគ្រោះក៍បានចងក សម្លាប់ខ្លួន បានសម្រេចតែម្ដង ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែកក្កដា ២០២០ ជនរងគ្រោះម្នាក់ឈ្មោះ សេម ថា បានចងកសម្លាប់ខ្លួននៅផ្ទះរបស់ខ្លួន ក្នុងឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយសារជំងឺសសៃប្រសាទ ដោយបន្សល់ទុកអោយក្មេងម្នាក់ ក្លាយជាក្មេងកំព្រា និងម្នាក់ទៀតនៅក្នុងផ្ទៃម្ដាយ ដោយមានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានបង្ហោះសារដោយគ្មានមូលដ្ឋានថា បុរសខាងលើ ចងកសម្លាប់ខ្លួន ព្រោះតែជំពាក់ប្រាក់ធនាគារ ហើយត្រូវធនាគាររឹបអូសទ្រព្យសម្បត្តិ ទៅវិញ ៕




ចែករំលែកព័តមាននេះ