ខេត្តត្បូងឃ្មុំ ៖ អនុវត្តតាមបញ្ជារបស់ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តកម្លាំងនគរបាលក្រោមឱវាទ បានចុះបង្ក្រាបសង្វៀនបញ្ជល់មាន់មានបង្កប់វង់អាប៉ោងមួយកន្លែង កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នៅភូមិទំពាំងបង្កង់ ឃុំអំពិលតាពក ស្រុកអូររាំងឪ ។

សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា ទីតាំងលេងល្បែងបញ្ជល់មាន់់ខាងលើនេះ ត្រូវបានប្រជាពលរដ្ឋនៅមូលដ្ឋានរាយការណ៍មកប្រាប់សមត្ថកិច្ច ដោយម្ចាស់សង្វៀនតែងតែលេងចល័តពីកន្លែងមួយទៅកន្លែងមួយ ។ ទោះជាយ៉ាងណាសមត្ថកិច្ចបានស្រាវជ្រាវដឹង និងបានដឹកនាំកងកម្លាំងចុះបង្ក្រាបដោយវរសេនីយ៍ឯក លឿង រដ្ឋា អធិការនគរបាលស្រុកអូរាំងឪ។

សមត្ថកិច្ចមូលដ្ឋានឲ្យដឹងទៀតថា ក្នុងគ្រាដែលកម្លាំងនគរបាលចុះទៅដល់គោលដៅ មានក្រុមអ្នកនៅចាំមើលផ្លូវទូរស័ព្ទប្រាប់អ្នកលេង នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់មុនពេលកម្លាំងសមត្ថកិច្ចចូលទៅដល់ ដោយបន្សល់ទុកវត្ថុតាងមានបាវហ៊ុមព័ទ្ធសង្វៀននិងតង់ ហើយត្រូវបានសមត្ថកិច្ចប្រមូលដុតចោលនៅនឹងកន្លែងតែម្តង ។

អ្នកស្រុកអូររាំងឪឲ្យដឹងថា កន្លងមកក្រុមអ្នកញៀនល្បែងបញ្ជល់មាន់តែងតែលេងចល័តនៅក្នុងចម្ការកៅស៊ូពីកន្លែងមួយទៅកន្លែងមួយហើយម្ចាស់សង្វៀនត្រូវបានគេស្គាល់មុខ គឺធ្លាប់លេងនៅក្នុងចម្ការចំប៉ី ក្នុងឃុំជប់ស្រុកត្បូងឃ្មុំ ជាប់ព្រំប្រទល់នឹងស្រុកអូររាំងឪ ។
ដោយសារបែកការណ៍ ក្រុមនេះក៏នាំគ្នាចល័តចូលមកលេងក្នុងស្រុកអូររាំងឪតែម្ដង តែក៏ត្រូវសមត្ថកិច្ចចុះទៅបង្ក្រាបឡុងចុងតែម្រ៉ង ៕ (កែសម្រួលដោយ ៖ បុប្ផា)



ចែករំលែកព័តមាននេះ