«ទឹកធ្លាក់អន្លង់ស្វាយ» សម្លឹងពីអនាគតប្រែក្លាយជាតំបន់កសិ-ទេសចរណ៍
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់អន្លង់ស្វាយ ស្ថិតក្នុងឃុំក្បាលទឹក ស្រុកទឹកផុស បានសម្រេចចុះកិច្ចសន្យាចាប់ដៃគូជាមួយវិទ្យាស្ថានប្រាយហូម ដើម្បីអភិវឌ្ឍន៍តំបន់
របស់ខ្លួនឱ្យក្លាយជាតំបន់កសិ-ទេសចរណ៍ ដាំដំណាំកសិកម្មបែបទំនើបសម្រាប់ទទួលភ្ញៀវទេស
ចរ និងនិស្សិតធ្វើកម្មសិក្សា ក៏ដូចជាដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ។

លោក នុត ហេង ប្រធានសហគមន៍ទេសចរណ៍ទឹកធ្លាក់អន្លង់ស្វាយ បានឲ្យដឹងថា ខាងវិទ្យា
ស្ថានប្រាយហូមនៅខេត្តកំពង់ឆ្នាំង បានចុះកិច្ចព្រមព្រៀងជាមួយក្រុមប្រឹក្សាឃុំក្បាលទឹករួចហើយ កាលពីខែមីនាកន្លងទៅ ដើម្បីធ្វើការអភិវឌ្ឍតំបន់ទេសចរណ៍នៅទីនេះរយៈពេល២០ឆ្នាំ ដោយចាប់ដៃគូជាមួយសហគមន៍ ក្នុងការដាំដុះដំណាំកសិកម្មរួមមាន ដើមទុរេន ដើមប័រ
និងដើមកាហ្វេជាដើម ។ បើគិតមកដល់ពេលនេះ គឺដាំបានប្រមាណជាង៣០០ដើមហើយលើដីប្រមាណ៣ហិកតាក្នុងដីសហគមន៍ ។ ជាមួយគ្នានេះ ក៏បានធ្វើគ្រោងឆ្អឹងខ្យូសសម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្តបានមួយចំនួនផងដែរ ។

លោកប្រធានសហគមន៍ទេសចរណ៍ទឹកធ្លាក់អន្ល់ងស្វាយ បន្តថា នៅក្នុងគម្រោងអភិវឌ្ឍន៍ ភាគីដៃគូនឹងរៀបចំឲ្យមានមជ្ឈមណ្ឌលកម្មសិក្សាកសិកម្មទំនើប តំបន់កសិ-ទេសចរណ៍សម្រាប់និស្សិតធ្វើកម្មសិក្សា ធ្វើការស្រាវជ្រាវ និងសម្រាប់សហគមន៍អនុវត្តដោយផ្ទាល់ ដើម្បីដកស្រង់
បទពិសោធន៍ផងដែរ ។ ក្នុងនោះក៏ត្រូវរៀបចំទីតាំងកសិ-ទេសចរណ៍ធម្មជាតិ ទេសចរណ៍កែច្នៃ ធ្វើខ្ទម ឬបន្ទប់ហូមស្តេយ៍ សម្រាប់ស្នាក់កម្សាន្ត និងសម្រាប់បង្រៀននិស្សិតឲ្យអនុវត្តផ្ទាល់ ។ ត្រូវបង្កើតថ្នាក់រៀនកសិកម្មទំនើប ដើម្បីអនុវត្តផ្ទាល់សម្រាប់យុវជនយុវនារី ដោយរៀបចំបង្កើតកសិដ្ឋានបង្ហាញតាមបែបកសិកម្មទំនើប ដើម្បីឲ្យកសិករអនុវត្តតាម មានដូចជាចិញ្ចឹមឃ្មុំ ចិញ្ចឹមសត្វព្រៃ ដាំដើមផ្កា ដាំឫស្សីទំពាំង ដាំដើមល្ម៉ើជាដើម ។

នៅក្នុងគម្រោង វិទ្យាស្ថានប្រាយហូមក៏មានគម្រោងផ្ដល់អាហារូបករណ៍៥០% នៃថ្លៃសិក្សារយៈពេល៤ឆ្នាំដល់សិស្សឃុំក្បាលទឹកចំនួន១០នាក់ជារៀងរាល់ឆ្នាំផងដែរ ។
ចំពោះទិសដៅរបស់គម្រោង គឺកែប្រែតំបន់ព្រៃភ្នំនៃរមណីយដ្ឋានទឹកធ្លាក់អន្ល់ងស្វាយ ឲ្យក្លាយ
ទៅជាតំបន់កសិ-ទេសចរណ៍ មានភ្ញៀវទេសចរជាប្រចាំ មានដំណាំឧស្សាហកម្ម និងការធ្វើកសិ
កម្មតាមបែបទំនើបនៅពេញតំបន់ ដើម្បីឱ្យប្រជាពលរដ្ឋមានជីវភាពប្រសើរឡើង ។ បង្កើតតំបន់ទេសចរណ៍តាមជ្រលងអូរ សម្រាប់ការលេងទឹក សម្រាកកម្សាន្ត មើលសួនបន្លែ សួនផ្កា មើលចម្ការកាហ្វេ ប័រ ទុរេន ល្ម៉ើ និងចម្ការដាំបន្លែ ដាំផ្កាបែបទំនើប ដែលមានប្រភពទឹកហូរពីភ្នំមិនដាច់ ដើម្បីបានប្រាក់ចំណូលទ្រទ្រង់និស្សិតកម្មសិក្សា និងប្រជាពលរដ្ឋក្នុងសហគមន៍ ។

តាមការបញ្ជាក់របស់លោកប្រធានសហគមន៍ឱ្យដឹងថា តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់អន្លង់
ស្វាយ មានប្រភពទឹកហូរមិនដាច់ពីលើភ្នំឱរ៉ាល់ទាំងវស្សានិងប្រាំង ដែលបង្កលក្ខណៈងាយស្រួលដល់ការដាំដុះដំណាំកសិ-ឧស្សាហកម្មទទួលបានផលល្អប្រសើរ ។ សហគមន៍សង្ឃឹមថា នៅពេលគម្រោងអភិវឌ្ឍន៍បានដំណើរការតាមការគ្រោងទុក នោះភ្ញៀវទេសចរនឹងមានមកលេងកម្សាន្តជាប្រចាំ ដែលអាចធ្វើឲ្យជីវភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍បានប្រសើរជាពុំខាន ៕ (កែសម្រួលដោយ ៖ បុប្ផា)















ចែករំលែកព័តមាននេះ