រាជធានីភ្នំពេញ៖ ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកកន្លងមកនេះសមត្ថកិច្ចបានទទួលប្រាក់ពិន័យចំនួនជាង ១២ ៥០១ លានរៀល (ប្រមាណ 3,059,463.49 ដុល្លារអាមេរិក) ក្នុងនោះ មិនទាន់បង់ប្រាក់ពិន័យចំនួន២០%។ នេះបើតាមការឲ្យដឹងរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅក្នុងឱកាសធ្វើការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២០ នៅព្រឹកថ្ងៃទី៧ កក្កដានេះ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំឱ្យមន្ត្រីឲ្យធ្វើបែងចែកថវិកា ដែលបានពីការផាកពិន័យ ប្រកបដោយតម្លាភាពដើម្បីផ្ដល់ការលើកទឹកចិត្តដល់មន្ត្រីតាមច្បាប់កំណត់ ។

មន្ត្រីក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបន្ទុកការងារចាចរណ៍ ធ្លាប់បានឲ្យដឹងថា ប្រាក់ចំណូលដែលបានមកពីការផាកពិន័យនេះតម្រូវបែងចែកជាបីចំណែកគឺ ៧០ % ប្រគល់ជូនដល់នគរបាលផ្ទាល់ជាការលើកទឹកចិត្ត ចំពោះការអនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍ ២៥ភាគរយប្រគល់ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ និង៥ភាគរយ ត្រូវបង់ចូលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថានៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ១៦១៩លើក ស្លាប់៨១៦នាក់ របួស២៤៤៩នាក់ ភាគច្រើនកើតឡើងនៅភ្នំពេញ កំពង់ធំ និងខេត្តកណ្ដាល ។ បើធៀបនឹងឆ្នាំ២០១៩ គ្រោះថ្នាក់នេះបានថយចុះ៥៥២លើកស្មើនឹង២៥ភាគរយ។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថាការធ្លាក់ចុះអត្រាគ្រោះថ្នាក់ចរាចរណ៍នាពេលនេះ កើតចេញពីការរឹតបន្តឹងច្បាប់ចរាចរណ៍។ សម្តេចមានប្រសាសន៍ថាការឹតបន្តឹងច្បាប់ចរាចរណ៍កន្លងមកបានធ្វើឲ្យមានការរិៈគន់ផងនិងសារទរផង ប៉ុន្តែដើម្បីការពារអាយុជីវិតពលរដ្ឋសមត្ថកិច្ចត្រូវតែពង្រឹងការអនុវត្តច្បាប់។ សម្តេចបានបញ្ជាក់ថា ការរិៈគន់ជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍ ៦ខែដើមឆ្នាំ២០២០នេះ បើធៀបនឹង២០១៩ មានគម្លាតខុសគ្នា។ ៦ខែឆ្នាំ២០១៩មានអ្នកស្លាប់ជាមធ្យមជាង៦នាក់ក្នុងមួយថ្ងៃ ប៉ុន្តែ៦ខែឆ្នាំ២០២០មានអ្នកស្លាប់តែជាង៥នាក់ទេ។
សម្ដេចឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថាការអនុវត្តច្បាប់ចរាចរណ៍ នឹងមិនអាចដកថយឡើយ ពីព្រោះនេះជាវិធីតែមួយគត់ដើម្បីកែប្រែឥរិយាបទអ្នកបើកបរដែលមិនគោរពច្បាប់ ឲ្យមកគោរពច្បាប់។
សូមជម្រាបថា តាមការកត់សម្គាល់របស់សមត្ថកិច្ច អ្នកស្លាប់លើដងផ្លូវភាគច្រើន គឺជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ពិសេសគឺនៅពេលយប់ ហើយមូលហេតុបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍មានដូចជា ការបើកបរល្មើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ វ៉ាជែង បត់ ស្រវឹង កត្តាយានយន្ត ជាដើម ៕
ចែករំលែកព័តមាននេះ