ម្ចាស់ភោជនីយដ្ឋាន៤នាក់ទៀតស្ម័គ្រចិត្តរុះរើសំណង់នៅមុខប្រាសាទអង្គរវត្ត
- សៀមរាប
ខេត្តសៀមរាប ៖ អាជីវករ៤នាក់ទៀតបានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានរបស់ខ្លួននៅមុខប្រាសាទអង្គរវត្ត ក្នុងស្មារតីចូលរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសម្បទានទេសចរណ៍នៅបរិវេណមុខប្រាសាទអង្គរវត្តជាមួយអាជ្ញាធរជាតិអប្សរា ដោយម្ចាស់ភោជនីយដ្ឋានចំនួន៤ទីតាំងបានរុះរើដោយស្ម័គ្រចិត្ត នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។

លោក ញៀន ទឿម ជាម្ចាស់ភោជនីយដ្ឋាន «នារីខ្មែរអង្គរ» ដែលបានបើកបម្រើសេវាកម្មម្ហូបអាហារនិងភេសជ្ជៈជូនភ្ញៀវទេសចរជាតិ-អន្តរជាតិជាង១០ឆ្នាំមកនោះ បានយល់ស្របពេញចិត្តចូលរួមរុះរើទីតាំងជូនអាជ្ញាធរជាតិអប្សរារៀបចំសណ្តាប់ធ្នាប់ ហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អសោភ័ណភាពមុខប្រាសាទអង្គរវត្តឱ្យស្រស់ស្អាតជាងមុន ។ លោកក៏បានសម្តែងនូវការសោកស្តាយដែរ តែដើម្បីប្រយោជន៍រួម គឺត្រូវលះបង់ ព្រោះអាជ្ញាធរជាតិអប្សរា ក៏បានប្រគល់ទីតាំងថ្មីមួយសម្រាប់លោកលក់ដូរនៅក្នុងទីលានបដិសណ្ឋារកិច្ចវិញផងដែរ។

ម្ចាស់ភោជនីយដ្ឋាន «នគររាជ» គឺអ្នកស្រី លី សាវេត ដែលបានប្រកបរបរជាង២០ឆ្នាំមកហើយនោះបានលើកឡើងថា «ខ្ញុំក៏សោកស្តាយដែរ ព្រោះធ្លាប់ជាទីតាំងរកចំណូលចិញ្ចឹមជីវិត ធ្លាប់មានអនុស្សាវរីយ៍ច្រើន តែជាកាតព្វកិច្ច ខ្ញុំត្រូវចូលរួមលះបង់ដើម្បីអង្គរម្តង ព្រោះអង្គរក៏បានផ្តល់ស្នាមញញឹម ផលកម្រៃ សុភមង្គលសម្រាប់ការរស់នៅរបស់ខ្ញុំច្រើនមកដែរ» ។ អ្នកស្រីក៏សម្តែងក្តីត្រេកអរចំពោះការរៀបចំសោភ័ណភាពមុខអង្គរវត្ត និងការអនុវត្តច្បាប់រុះរើដោយស្មើភាពគ្នា ហើយអ្នកស្រីសង្ឃឹមថា ក្រោយការរៀបចំអង្គរវត្តកាន់តែស្រស់ស្អាតប្លែកហើយ ភ្ញៀវទេសចរនឹងកើនឡើងច្រើនជាមុន នៅពេលជំងឺកូវីដ១៩បានបញ្ចប់។

លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណដល់ម្ចាស់អាជីវកម្មទាំងអស់ដែលបានយល់ដឹង និងចូលរួមសហការជាមួយអាជ្ញាធរជាតិអប្សរាឱ្យដំណើរការការងារយ៉ាងរលូន។ នៅចុងខែសីហានេះ អាជីវករនឹងអាចចូលទៅលក់ដូរនៅក្នុងទីលានបដិសណ្ឋារកិច្ចដែលកំពុងសាងសង់បាន៧០% ហើយក្រុមការងារក៏នឹងបន្តការរុះរើសំណង់ផ្សេងៗទៀតដែលមានការស្ម័គ្រចិត្តពីម្ចាស់រហូតដល់អស់ពីមុខក្នុងពេលដ៏ខ្លីខាងមុខនេះ ។ លោកបញ្ជាក់ទៀតថា តាំងពីដើមឆ្នាំ២០២០ រហូតមកដល់ខែកក្កដានេះ មានតូបលក់ដូរ និងភោជនីយដ្ឋានធំៗចំនួន១១ខ្នងហើយដែលម្ចាស់បានស្ម័គ្រចិត្តរុះរើចេញ ៕ (កែសម្រួលដោយ ៖ ធីតា)













ចែករំលែកព័តមាននេះ