ខេត្តស្វាយរៀង ៖ ក្រុមអាជីវកររកស៊ីដឹកទំនិញតាមម៉ូតូ តាមរ៉ឺម៉កម៉ូតូ និងតាមត្រាក់ទ័រ បាននាំគ្នារអ៊ូរទាំប្រាប់អ្នកកាសែតថា មានមនុស្សឈរនៅមុខរបងការិយាល័យគយ និងរដ្ឋាករបុសមន ស្ទាក់បង់ប្រាក់ ដោយក្នុង១ម៉ូតូចំនួន១ម៉ឺនរៀល, មួយរ៉ឺម៉កម៉ូតូចំនួន៤ម៉ឺនរៀលទៅ៨ម៉ឺនរៀល អាស្រ័យតាមរ៉ឺម៉ក់នោះវែង ឬខ្លី និងតាមមុខទំនិញ។ បើតាមត្រាក់ទ័រវិញ គេយក១០ម៉ឺនរៀល ក៏ប៉ុន្តែពុំមានសរសេរវិក័យប័ត្រ ឬវីញ៉ែតបង់ពន្ធទេ គ្រាន់តែដើរមើលមុខទំនិញ ហើយទារលុយតែម្តង។

ការបែកធ្លាយករណីមនុស្សឈរទារប្រាក់អ្នកដឹកទំនិញនេះ គឺបានកើតឡើងនាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅជិតច្រកទ្វារព្រំដែនទ្វេភាគីបុសមន ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង។
ទាក់ទិនករណីខាងលើនេះដែរ អ្នកសារព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក ឃុត សាលីន ប្រធានការិយាល័យគយ និងរដ្ឋាករបុសមន បានទេ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ ដោយទូរស័ព្ទចូល០៣ដង គឺទូរស័ព្ទជាប់រវល់។

ក្រោយមកក៏មានស្ត្រីម្នាក់ស្លៀកសម្លៀកបំពាក់ស៊ីវិលបានមកប្រាប់ថា មេមិនអាចឲ្យចូលជួបសម្ភាសន៍បានទេ បើអ្នកសារព័ត៌មានគ្មានលិខិតបញ្ជាបេសកកម្មសុំជួបសម្ភាសន៍។
ហើយខណៈនោះដែរ អ្នកសារព័ត៌មានយើងបានសួរទៅស្ត្រីនោះដែរថា ពួកខ្ញុំចង់សម្ភាសន៍អំពីករណីក្រុមអាជីវករដឹកទំនិញតាមម៉ូតូ តាមម៉ូតូរ៉ឺម៉ក និងតាមត្រាក់ទ័រ ពួកគាត់រអ៊ូរទាំថា មានមនុស្សស្លៀកពាក់គ្មានឯកសណ្ឋានឈរនៅខាងមុខការិយាល័យគយ និងរដ្ឋាករបុសមន ទារលុយពីពួកគេដែលដឹកអីវ៉ាន់បន្តិចបន្តួចតាមម៉ូតូ ក្នុង១ម៉ូតូ១ម៉ឺនរៀល ក្នុង១រ៉ឺម៉កម៉ូតូ ៤ម៉ឺនរៀល បើរ៉ឺម៉កម៉ូតូណាវែងដឹកមុខទំនិញចាប់ហួយ ឬតុ ទូ កៅអីជ័រ ក្នុងមួយរ៉ឺម៉កចាប់ពី៨ម៉ឺនរៀលទៅ១០ម៉ឺនរៀល បើដឹកតាមត្រាក់ទ័រវិញមួយគ្រឿង១០ម៉ឺនរៀល និយាយទៅគឺគេមើលតាមមុខទំនិញ ដោយគ្មានសរសេរវិក័យប័ត្របង់ប្រាក់នោះទេ។

ចំណែកស្ត្រីម្នាក់ដែលមកជួបអ្នកសារព័ត៌មានយើងនោះ បានអះអាងថា រូបគាត់ជាគយ ហើយចំពោះមានអ្នកឈរយកលុយនៅមុខការិយាល័យគយ និងរដ្ឋាករបុសមននោះ ក៏ជាមន្ត្រីគយដែរ គ្រាន់តែមិនបានពាក់សម្លៀកបំពាក់ជាឯកសណ្ឋានប៉ុណ្ណោះ ហើយលុយកាក់បន្តិចបន្តួចពីអ្នកដឹកទំនិញតាមម៉ូតូ ឬតាមរ៉ឺម៉កនោះ គឺគេបង់ឲ្យគ្រាន់ថ្លៃបាយ ថ្លៃកាហ្វេធម្មតាប៉ុណ្ណោះ បើទំនិញដឹកតាមរថយន្ត ទើបមានវិក័យប័ត្ររាយមុខទំនិញបង់តាមបារ៉ែមគយ ហើយក៏មិនអាចជម្រាបជូនអ្នកយកព័ត៌មានបានទេ នេះជាជំនាញរបស់ស្ថាប័ន។

រីឯមហាជនផ្សេងទៀតគេរិះគន់ថា ស្ថាប័នការិយាល័យគយ និងរដ្ឋាករបុសមន នៅសម័យកូវីដ-១៩នេះ រវល់មមាញឹកណាស់ គ្មានពេលមើលទង់ជាតិទេ រហែកអស់ហើយ នៅចងសំញ៉ែងមិនចេះខ្មាស់ប្រទេសអ្នកជិតខាងសោះ ល្មមដូរថ្មីហើយទង់ជាតិ ដូរទាំងមនុស្សប្រមូលលុយនេះផង ទុកផ្សំថ្នាំដល់ណាទៀត សម័យសេដ្ឋកិច្ចធ្លាក់ក្រោមសូន្យយ៉ាងនេះ មិនគួរទុកដល់រហែកឈ្មោះអស់ ហើយមិនខ្វល់បែបនេះសោះ ។ ចំណែកនៅច្រកទ្វារតន់ហន់ ខេត្តកំពត ក៏គយឈរចាំប្រមូលលុយក្រៅច្រកបាវ ច្រកថង់ដែរ ទុកដល់ណាទៀត៕







ចែករំលែកព័តមាននេះ