ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី6 ខែកក្កដា ឆ្នាំ2020 ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ បាននាំគ្នាប្រមូលផ្តុំមកសាលាឃុំគគីរធំ ដើម្បីទាមទារអោយអាជ្ញាធរជួយរកដំណោះស្រាយចំនួន4ចំណុច ពីអ្នកគ្រប់គ្រងអគ្គិសនីឯកជន នៃមូលដ្ឋានរបស់ពួកគាត់។

បើតាមប្រជាពលរដ្ឋបានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគាត់នាំគ្នាមកសាលាឃុំគគីរធំនេះ គឺទាមទារអោយអាជ្ញាធរជួយអន្តរាគមន៍ដោះស្រាយជូនពួកគាត់ចំនួន4ចំណុច ពីអ្នកគ្រប់គ្រងអគ្គិសនីឯកជននោះ ៖
ទី១- បញ្ហាគីឡូវ៉ាត់ភ្លើងចេះតែឡើងគីឡូជារៀងរាល់ខែរហូត ខណៈដែលឧបករណ៍ប្រើប្រាស់ចរន្តអគ្គិសនីរបស់ពួកគាត់មិនបានថែមឡើយ មានតែថយ ដូចជាម៉ាទ័របូមទឹកដាក់ស្រះត្រី តែលក់ត្រីអស់ គឺផ្អាកលែងប្រើអគ្គិសនីហើយ។
ទី២- រាជរដ្ឋាភិបាលបានប្រកាសថា ស្របពេលដែលប្រទេសជាតិ កំពុងតែរីករាលដាលនូវជំងឺកូវីដ-19 នេះ តាមបណ្តាអគ្គិសនីខ្នាតធំ ខ្នាតតូច ត្រូវតែបញ្ចុះតម្លៃ25% តែអ្នកគ្រប់គ្រងអគ្គិសនីឯកជនក្នុងឃុំគគីរធំនេះ មិនបានអនុវត្តតាមនោះទេ បើទោះបីបញ្ចុះក៏មិនដល់25%ដែរ។

ទី៣- អ្នកគ្រប់គ្រងភ្លើងប្រើសិទ្ធិផ្តាច់ការ បើប្រជាពលរដ្ឋដូរខ្សែ ឬឌីសង់ទ័រ ពីកន្លែងផ្សេង គឺគាត់មិនតភ្ជាប់អគ្គិសនីឱ្យប្រើទេ លុះត្រាតែទិញរបស់គាត់ (ម្ចាស់ភ្លើង) ដែលមានតម្លៃខ្ពស់ ទើបគេមកដាក់ឱ្យប្រើ ដោយទារសេវាថ្លៃទៀតផង។
ទី៤- បញ្ហារឿងម្ចាស់អគ្គិសនីចាក់សោកាប៊ីនភ្លើងតាមមុខផ្ទះជាប់ធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំងនូវការឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងបង្កជាគ្រោះអគ្គិភ័យ ឬឆក់មនុស្សដោយយថាហេតុ។

ពាក់ព័ន្ធនឹងទុក្ខកង្វល់របស់ប្រជាពលរដ្ឋបានសំណូមពរ4ចំណុចរឿងអគ្គិសនីខាងលើនេះ លោក អៀម សម្បត្តិ ជំទប់ទី1 ឃុំគគីរធំ ក៏បានទទួលយក និងឱ្យក្រុមប្រឹក្សាឃុំ ចេញលិខិតអញ្ជើញម្ចាស់គ្រប់គ្រងភ្លើង និងតំណាងប្រជាពលរដ្ឋមកសម្របសម្រួលដោះស្រាយគ្នានៅសាលាឃុំព្រឹក នៅព្រឹកម៉ោង8ព្រឹកថ្ងៃទី7 ខែកក្កដា ឆ្នាំ2020នេះ។ ចំណែកម្ចាស់គ្រប់គ្រងភ្លើង អ្នកសារព័ត៌មានយើងមិនអាចទំនាក់ទំនងសូមការបំភ្លឺបានទេ៕ (កែសម្រួលដោយ ៖ បុប្ផា)







ចែករំលែកព័តមាននេះ