រាជធានីភ្នំពេញ៖ ក្រោយមានការបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីឲ្យសមត្ថកិច្ចព័ន្ធកាត់ឆ្វៀលនិងផ្តល់កម្មសិទ្ធិដីដល់ពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែងលើដីព្រៃការពារធម្មជាតិ មកនោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្កើតក្រុមការងារមួយ ដើម្បីចុះស្រាយជ្រាវ និងផ្ទៀតផ្ទាត់ទិន្នន័យដីព្រៃដែល ប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលជាក់ស្តែង។
លោក វែង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាប្រធានគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈួសឆាយ និងហ៊ុមព័ន្ធដីព្រៃឈើ ដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិ នៅតាមបណ្តាលមួយចំនួន កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ បានបង្កើតក្រុមការងារចុះផ្ទៀងផ្ទាត់ការកាន់កាប់ដីព្រៃរបស់ពលរដ្ឋជាក់ស្តែង នៅក្នុងខេត្តកោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ ត្បូងឃ្មុំ កណ្តាល ស្វាយរៀង ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី កែប រតនគីរី ពោធិ៍សាត់។

លោករដ្ឋមន្ត្រីបានបញ្ជាក់ពីតួនាទីក្រុមការងារដែលលោកបង្កើតនោះ គឺត្រូវចុះស្រាវជ្រាវ និងផ្ទៀតផ្ទាត់ដីព្រៃដែលពលរដ្ឋកាន់កាប់ និងអាស្រ័យផលជាក់ស្តែងនៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងសកិកម្ម ដោយក្នុងនោះចុះអនុវត្តផ្ទាល់ និងសហការជាមួយមន្ទីរកសិកម្ម តាមខេត្តនីមួយ។
នៅក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរ ក្រសួងស្ថាប័នពាក់ព័ន្ធកាត់ឆ្វៀលដី និងផ្តល់កម្មសិទ្ធិដីជូនដល់ប្រជាពលរដ្ឋដែលកាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំហើយ នៅលើទីតាំងដីដែលស្ថិតនៅក្នុងផែនទីតំបន់ការពារធម្មជាតិគម្របព្រៃឈើ នៅតាមខេត្តនានាដូចជាខេត្តកោះកុង ព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង ជាដើមនោះ។ សម្តេចបានបញ្ជាឲ្យអាជ្ញាធរ ត្រៀមបម្រុងដី១០% សម្រាប់ការការប្រើប្រាស់រួមរបស់សហគមន៍ផងដែរ។
សម្តេចនាយករដ្ឋមន្ត្រីបានផ្តល់ជាអនុសាសន៍ថា ដំណើរការនេះ ត្រូវចុះអនុវត្តផ្ទាល់ ជាក់ស្តែង និងឲ្យបានច្បាស់លាស់ ។ ត្រូវទប់ស្កាត់ដាច់ខាតកុំឲ្យមានការរុករានទន្ទ្រានដីដោយខុសច្បាប់ ដើម្បីបង្ការកុំឲ្យមានក្លាយជាសង្គ្រាមដីធ្លី៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ