រាជធានីភ្នំពេញ ៖ បើតាមថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជួនបានឱ្យដឹងថា ត្រឹមឆមាសទី១ ក្រសួងបានត្រួតពិនិត្យរថយន្តចំនួន ១ ០៩៤ ៣៩៧ គ្រឿង ហើយក្នុងនោះគឺរកឃើញរថយន្តដែលបានដឹកលើសទម្ងន់កម្រិតកំណត់ដល់ទៅ ចំនួន ២៨១ ២៤៤ គ្រឿង ស្មើនឹង ២៥.៧០% ។

ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានបានឲ្យដឹងថា តាមរបាយការណ៍ នៃការអនុវត្តការងារក្នុងឆមាសទី១ នេះ បានបន្តថា មានរថយន្តលើសទម្ងន់កម្រិតកំណត់ទាំងនោះមានដូចជា ៖ ១ – រថយន្តផ្ទុកលើសទម្ងន់ក្រោម ៥% ចំនួន ២៧៩ ៤៧៨គ្រឿង, ២ – រថយន្តផ្ទុកលើសទម្ងន់ពី ៥% ទៅ ១០% មានចំនួន ២៧គ្រឿង, ៣ -រ ថយន្តផ្ទុកលើសទម្ងន់ពី ១០% – ២០% មានចំនួន ១ ១៦៦គ្រឿង និង ៤ – រថយន្តផ្ទុកលើសទម្ងន់លើសពី ២០% មានចំនួន ៥៧៣គ្រឿង។

កិច្ចប្រជុំបានធ្វើឡើង ដោយមានការចូលរួមពីលោកអនុរដ្ឋលេខាធិការទទួលបន្ទុក អនុប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ សមាជិក សមាជិកាលេខាធិការដ្ឋាន និងប្រធាន អនុប្រធានស្ថានីយជញ្ជីងទាំង ២៨ ដែលបានលើកឡើងពីទិសដៅការងារ ដែលត្រូវអនុវត្ត ក្នុងឆមាសបន្ទាប់ ដូចជាការបង្កើតទីតាំងស្ថានីយថ្មី ការរុះរើ និងការធ្វើឱ្យប្រសើរឡើងនៅតាមស្ថានីយមួយចំនួន។

លោករដ្ឋលេខាធិការ បានណែនាំដល់មន្ត្រីតាមស្ថានីយ ឱ្យពង្រឹងការអនុវត្តការងារឱ្យបានកាន់តែប្រសើរ និងមានប្រសិទ្ធភាព ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ការងារ និងសហការល្អជាមួយដៃគូពាក់ព័ន្ធ។
គួរបញ្ជាក់ថា នេះជាឆមាសដំបូង នៃការអនុវត្តការងាររបស់គណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលលោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើកំណែទម្រង់ សមាសភាពមន្ត្រីដោយផ្អែកតាមអនុក្រិត្យលេខ ១៤១អនក្រ.បក ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំ ត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់៕ (កែសម្រួលដោយ ៖ បុប្ផា)

ចែករំលែកព័តមាននេះ