សម្រេចចោទប្រកាន់លោកឧកញ៉ាសង ថន និងលោកស៊ូ អារ៉ាហ្វាត់
- បាត់ដំបង
រាជធានីភ្នំពេញ៖ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យកោះសន្តិភាពដឹងនៅព្រឹកថ្ងៃទី៧ កក្កដា នេះថា លោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារង បានសម្រេចធ្វើការចោទប្រកាន់ជនសង្ស័យ២នាក់ ពាក់ព័ន្ធសំណុំរឿងវិវាទដីធ្លីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែកមានឧកញ៉ា សង ថន ត្រូវបានចោទប្រកាន់ពីបទ-ផ្តើមគំនិតក្នុងការបំផ្លាញដោយចេតនា កេងបំបាត់ដោយទុច្ចរិត និងបទសូកប៉ាន់ ។ ចំណែកលោក ស៊ូ អារ៉ាហ្វាត់ ត្រូវបានចោទប្រកាន់ពីបទ-បំផ្លាញដោយចេតនា កេងបំបាត់ដោយទុច្ចរិត និងស៊ីសំណូក ។
ក្រោយពីតំណាងអយ្យការចោទប្រកាន់ជាផ្លូវការហើយសំណុំរឿងនេះ បានចាត់បញ្ជូនទៅខាងចៅក្រមស៊ើ ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។

គួរបញ្ជាក់ថា ៖ នៅទីបំផុតកាលពីព្រឹកថ្ងៃទី៦ កក្កដា ម្សិលមិញ អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានបញ្ជូនឧកញ៉ា សង ថង និងលោក ស៊ូ អារ៉ាហ្វាត់ ដែលជាអតីតអភិបាលរងខេត្តបាត់ដំបងមកកាន់សាលាដំបូងរាជធានីភ្នំពេញ តាមរយៈរថយន្ត២គ្រឿងផ្សេងគ្នា ដើម្បីធ្វើការសាកសួរពាក់ព័ន្ធលើសំណុំវិវាទដីធ្លី ប្រមាណជាង៥ពាន់ហិកតា នៅស្រុកគាស់ក្រឡ ។

សំណុំរឿងនេះបានស្ថិតនៅដៃលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងកំពុងបើកការស៊ើបសួរ ។ ក្រោយបញ្ចប់ការសាកសួរតំណាងអយ្យការបានចោទប្រកាន់លើជនសង្ស័យទាំង២នាក់ជាផ្លូវការ រួចបានចាត់ទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ឬបែបណាដែលនេះជានីតិវិធីតាមផ្លូវច្បាប់ ។
ក្រោមការសាកសួរស្ទើរតែពេញ១ថ្ងៃ លោក គុជ គឹមឡេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី និងជាអ្នកនាំពាក្យតំណាងអយ្យការ បានឱ្យដឹងថា ត្រឹមវេលាម៉ោង៥និង៣០នាទី ល្ងាចម្សិលមិញខាងអយ្យការបានសាកសួរអ្នកទាំង២រួចរាល់ហើយ តែមិនទាន់បានចោទប្រកាន់នៅឡើយទេ ដោយប្រគល់ឱ្យទៅមន្ត្រី ACU វិញសិន ដើម្បីព្រឹកស្អែកថ្ងៃទី៧ កក្កដា និងនាំមកបន្តនីតិវិធី ។

គួររំលឹកថា លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបងទទួលបន្ទុកដោះស្រាយវិវាទដីធ្លីត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) នាំខ្លួនមកកាន់ស្នាក់ការនៅរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងអំពើពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
លោក(ស៊ូអារ៉ាហ្វាត់) ធ្លាប់ជាប្រធានគណៈកម្មការថ្នាក់ខេត្តដោះស្រាយវិវាទដីធ្លីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបងនេះតែម្តង ដែលនេះជារឿងតែមួយពាក់ព័ន្ធក្នុងករណីឧកញ៉ា សង ថន ដែលត្រូវអង្គភាព ACU ឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះដែរ ។

ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ខណៈដែលឧកញ៉ារូបនោះ មានដីប្រមាណ៥ពាន់ហិកតា ដែលស្មើនឹង១ភាគ៤ នៃផ្ទៃដីស្រុកគាស់ក្រឡទាំងមូល ។
បើតាមសេចក្តីរាយការណ៍ឲ្យដឹងទៀតថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក៏បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក ម៉ៅ សុចាន់ អភិបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបងផងដែរ ។ ដូច្នោះរឿងដំបៅដីធ្លីនៅស្រុកគាល់ក្រឡនេះ នឹងត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនមន្ត្រីមូលដ្ឋានពាក់ព័ន្ធវិវាទដីធ្លីប៉ុន្មាននាក់ទៀត ដើម្បីកុំឲ្យរាស្ត្រទឹកភ្នែក ដោយសារអ្នកមានអំណាចនេះបំពានយកមិនឈប់ឈរ ។

មានការកត់សម្គាល់ថា ភ្លាមៗក្រោយការចាប់ខ្លួនឧកញ៉ា សង ថន ទាក់ទិននឹងរឿងដីធ្លីនេះ សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក ម៉ៅ សុចាន់ ពីមុខងារជាអភិបាលស្រុកគាស់ក្រឡ ដោយបានផ្ទេរឲ្យទៅបម្រើការងារនៅសាលាខេត្តបាត់ដំបងវិញ ។
លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង ត្រូវបានបណ្តាញព័ត៌មានមួយដកស្រង់សម្តីថា ការដកតំណែងនេះកើតមានឡើង ក្រោយក្រុមការងារថ្នាក់ជាតិចុះមកស្រាវជ្រាវវិវាទដីធ្លីមួយរវាងក្រុមពលរដ្ឋចំនួន៤គ្រួសារ និងលោក សង ថន នៅស្រុកគាស់ក្រឡ ។ លោកបន្តថា «ពាក់ព័ន្ធបញ្ហាហ្នឹង ជាបញ្ហារបស់ថ្នាក់ជាតិ ដោយសារគាត់ចុះមកធ្វើការស្រាវជ្រាវករណីបងប្អូនប្រជាពលរដ្ឋបួនគ្រួសារដែលរងគ្រោះដោយសារការប្តឹងផ្តល់ពីលោកឧកញ៉ា សង ថន តាំងពីឆ្នាំ២០១៣ ឆ្នាំ២០១៤មក ។

ក្រោយពីមានការស្រាវជ្រាវករណីហ្នឹង គឺថា្នក់ជាតិ គាត់ចុះមកស្រាវជ្រាវហើយយើងខ្ញុំនៅថ្នាក់ក្រោមជាតិនេះ ប្រតិបត្តិករក្នុងការងារ ធ្វើការដោះស្រាយបញ្ហាឲ្យបងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះ ។ កាលពីប៉ុន្មានសប្តាហ៍មុនគេបានឃើញលោកមេធាវី គី តិច និងក្រុមមេធាវីសម្តេចតេជោ ជាច្រើននាក់បានចុះទៅដល់ស្រុកគាស់ក្រឡផងដែរ ក្នុងការស៊ើបអង្កេតជុំវិញបញ្ហាដីធ្លីនេះ ។
តំណាងប្រជាពលរដ្ឋចំនួន២២២គ្រួសារ ដែលមានវិវាទដីធ្លីជាមួយលោកសង ថន លើដីទំហំប្រមាណ៨០០ ទៅ១០០០ហិកតា ក្នុងឃុំព្រះផុស និយាយថា ប្រជាពលរដ្ឋបានប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយចោទលោក ម៉ៅ សុចាន់ ដែលកាន់តំណែងបានពីរឆ្នាំថា មិនមានភាពច្បាស់លាស់ក្នុងការគ្រប់គ្រងឯកសារពាក់ព័ន្ធនឹងដីធ្លីរបស់ប្រជាពលរដ្ឋ ហើយតែងតែរុញឯកសារទាំងនោះទៅតុលាការ ។
ចំណែកលោកឧកញ៉ា សង ថន កំពុងមានវិវាទដីធ្លីជាមួយប្រជាពលរដ្ឋលើផ្ទៃដីជាង៥ពាន់ហិកតា ក្នុងឃុំព្រះផុស និងឃុំឆ្នាល់មាន់ ។ តាមព័ត៌មានបានបន្ថែមថា លោកឧកញ៉ា សង ថន បានទិញដីតែ៨០ហិកតាប៉ុណ្ណោះពីក្រុមយោធាក្នុងចំណុចផ្សេងដែលគ្មានទំនាស់ ហើយថាដីទំហំជាង៥ពាន់ហិកតានោះជាដីរដ្ឋ ៕


ចែករំលែកព័តមាននេះ