ប៉ូលិស​ខណ្ឌទួលគោក​បកស្រាយ​ក្រោយ​រង​ការ​រិះគន់​រឿង​ដើរ​ចាក់សោ​កង់​រថយន្ត​ចត​លើ​ចិញ្ចើម​ផ្លូវ


រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​មាន​អ្នកលេង​បណ្តាញ​សង្គម​បាន​ថត​សកម្មភាព​សមត្ថកិច្ច​ប៉ូលិស​ចាក់សោ​រថយន្ត​មួយ​ចំនួន​ដែល​ចត​លើ​ចិញ្ចើម​ផ្លូវ​អម​ជាមួយនឹង​ការ​បង្ហោះ​សារ​រិះគន់​ធ្ងន់​ៗ​ថា ដើរ​ចាក់សោ​កង់​រថយន្ត​ចត​លើ​ចិញ្ចើម​ផ្លូវ បើ​ទោះបីជា​ការ​ចត​លើ​ចិញ្ចើម​ផ្លូវ ឬ​តំបន់​មួយ​ចំនួន​ជា​ការ​ខុសច្បាប់​ចរាចរណ៍​ក៏​ដោយ ។

ក្រោយ​រង​ការ​រិះគន់​បែប​នេះ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​បកស្រាយ​បំភ្លឺ ទាក់ទង​ទៅ​នឹង​ច​ម្ង​ល់​របស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែល​បាន​ចុះ​ផ្សាយ​ថា «​ដើរ​ចាក់សោ​កង់​រថយន្ត​ចត​លើ​ចិញ្ចើម​ផ្លូវ តែ​តាម​មើល​រថយន្ត​ខ្លះ​គេ​ចត​ហួស​ផ្លូវ​ហើយ ហេតុ​អ្វី​ក៏​ចាក់​ដែរ ? អត់​យល់​» នោះ​ក្រុមការងារ​ប្រតិកម្ម​រហ័ស និង​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក សូម​ធ្វើការ​បកស្រាយ​ជូន​សាធារណ​:​ជន​ឲ្យ​បាន​ជ្រាប​ថា បានជា​រថយន្ត​ទាំងអស់​ដែល​ចត​ផុត​ទៅ​ខាងលើ​ចិញ្ចើម​ហើយ បែរជា​ត្រូវ​ចាក់សោ​កង់​ទៀត អធិការ​នគរបាល​ខណ្ឌទួលគោក សូម​ធ្វើការ​បញ្ជាក់​ជូន​ដូច្នេះ​ថា « ការ​ចត​របស់​ពួក​គាត់ គឺជា​ការ​ចត​ខុសច្បាប់​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណ​: »

ដូច​ជា ៖ ១- ចត​បញ្ច្រាស់ទិស​ចរាចរណ៍ ២-​ចត​លើ​ផ្លូវ​សាធារណ​:​សម្រាប់​ធ្វើ​ចរាចរណ៍ ៣-​ចិញ្ចើម​ផ្លូវ​សម្រាប់​ជន​ថ្មើរជើង​ដើរ​មិនមែន​សម្រាប់​ចត​រថយន្ត​នោះ​ទេ ៤-​យក​ចិញ្ចើម​ផ្លូវ និង​ទ្រូងផ្លូវ​ប្រកប​អាជីវកម្ម​តាំង​លក់ និង​ជួសជុល​រថយន្ត ។

សូម​បញ្ជាក់​បន្ថែម​ថា រូបភាព​ទាំងនេះ​ជា​ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​របស់​គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក ដោយ​មានការ​ចូលរួម​ពី​កម្លាំង​ចរាចរណ៍​នៃ​អធិការ​ខណ្ឌទួលគោក​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ ២៧៥ សង្កាត់​បឹង​កក់​ទី​១ ក្រោយ​ពី​ទទួល​បានការ​ប្តឹង​ពី​ប្រជាពលរដ្ឋ ។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា «​សូម​ស្វែង​យល់​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ កុំ​ផ្អែក​លើ​តែ​រូបភាព​មួយ​ផ្នែក ហើយ​ចាប់ផ្តើម​វាយតម្លៃ​វិធាន​ការណ៍​របស់​សមត្ថកិច្ច​ថា មិន​ត្រឹមត្រូវ ។ សូម​ចូលរួម​គោរព​ច្បាប់ ផ្លា​ក​សញ្ញា​ចរាចរណ៍ និង​គំនូស​សញ្ញា​ចរាចរណ៍​ទាំងអស់​គ្នា ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ និង​សោ​ភណ្ឌ​ភាព​ទីក្រុង » ។

ជុំវិញ​បញ្ហា​នៃ​ការ​ចត​លើ​ចិញ្ចើម​ផ្លូវ សាធារណៈជន​មួយ​ចំនួន​បាន​គាំទ្រ​ចំណាត់ការ​នេះ ហើយ​ស្នើ​ឲ្យ​មាន​វិធាន​ការណ៍​បាន​គ្រប់​ដងផ្លូវ ព្រោះ​ការ​កកស្ទះ​ចរាចរណ៍​មួយ​ចំនួន​ក៏​ពាក់ព័ន្ធ​នឹង​ការ​ឈប់ ឬ​ចត​យ៉ាង​អនាធិបតេយ្យ​នៅ​តាម​ដង​ផ្លុ​វ​តូច​-​ធំ ក្នុង​ក្រុងភ្នំពេញ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ