ខេត្តកណ្តាល ៖ កាលពីយប់ថ្ងៃទី៦ កក្កដា មានខិត្តប័ណ្ឌជាច្រើនសន្លឹក ត្រូវបានបោះចោលពាសវាលពាសកាលពេញផ្លូវ២១A ពីភូមិសិត្បូដល់ភូមិព្រែកត្រែង ដោយបានហែកកេរ្តិ៍ខ្ទេចខ្ទីរ ចំពោះលោកអនុសេនីយ៍ឯក ថន ចាន់រ័ត្ន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ។
ជុំវិញបញ្ហានេះដែរ លោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ បានប្រាប់អោយដឹងថា លោកនឹងចុះទៅជួបប្រជាពលរដ្ឋផ្ទាល់ ដើម្បីស៊ើបអង្កេតករណីនេះ តើលោកមេប៉ុស្តិ៍សិត្បូ មានបញ្ហាដូចការចោទប្រកាន់ដែរឬទេ ? ។
ក្នុងខិត្តប័ណ្ណជាច្រើនសន្លឹក បានហែកកេរ្តិ៍លោកអនុសេនីយ៍ឯក ថន ចាន់រ័ត្ន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ជាច្រើនចំណុចដូចជា ៖ -មេប៉ុស្តិ៍សង្កាត់សិត្បូ មិនសូវយកចិត្តទុកដាក់ជាមួយប្រជាជន ។
-មិនសូវមកកន្លែងធ្វើការ បើចង់ប្តឹងទាល់តែណាត់មុនសិន ។ -មិនចេះដឹកនាំកូនចៅធ្វើការ ។ កូនចៅបែងចែកបក្ខពួកគ្មានការសហការគ្នា ធ្វើអោយប្រជាជនលំបាកក្នុងការសាកសួរព័ត៌មាន ព្រោះមួយរុញទៅមួយ ។ -ពេលប្រជាជនមានរឿងខលមិនដែលលើក ថ្នាំញៀនរីករាលដាលស្ទើរពេញភូមិ ចោរគាស់ផ្ទះ លួចលុយមាសប្រាក់ គាស់កុដិលោក ក៏មិនខ្វល់ ។ -
ចូលចិត្តដោះស្រាយរឿងថ្នាំញៀនក្រៅប្រព័ន្ធ ចាប់យកលុយហើយលែងវិញ ។ -ម៉ូតូបាត់រាប់ភ្លេច អសមត្ថភាព រហូតដល់បាត់ម៉ូតូ ប្រជាជនលែងប្តឹង ។ -កាន់តែហួសចិត្តនោះ គឺ ដើរយកលុយពីវង់ល្បែងមិនញញើតដៃ ។ -ទទួលបណ្តឹងរើសមុខ ចូលចិត្តដើររកតែកន្លែងស៊ីផឹក ។ ប្រជាជនមិនពេញចិត្តស្ទើរពេញសង្កាត់ ។
ចុងក្រោយមានការចោទប្រកាន់ ធ្ងន់ៗថា «និយាយតែរឿងលុយ មេប៉ុស្តិ៍មុខលុយ សូមថ្នាក់លើជួយដកមេប៉ុស្តិ៍ចង្រៃនេះ ចេញពីសង្កាត់សិត្បូទៅ» ៕
ចែករំលែកព័តមាននេះ