មុខរបរ​ចល័ត​! ពេល​ព្រឹក​មក​ដល់​ភ្នំពេញ ពេល​ល្ងាច​វិល​វិញ​(វីដេអូ)


រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ភូមិ​មាន់​ដប់ ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់​ចាម បាន​ចាប់​យក​របរ​លក់​អាហារ​ប្លែក​ៗ​ដោយ​ប្រើ​កង់ ដើម្បី​រក​ចំណូល​បន្ថែម​មក​ផ្គត់ផ្គង់​គ្រួសារ ក្រៅពី​របរ​ធ្វើស្រែ​ចំការ​ដែល​ត​ពី​ដូនតា​នោះ ។ ទោះជា​យ៉ាងណា នៅ​ក្នុង​រដូវ​ជំងឺ​កូ​វី​ដ​១៩​លក់​មិនសូវ​ដាច់​ប៉ុន្មាន​នោះ​ទេ តែ​ប្រជាពលរដ្ឋ​នៅ​ភូមិ​មាន់​ដប់​បន្ត​ចាប់​មុខរបរ​លក់​អាហារ​សម្រន់​នៅ​ភ្នំពេញ​ដដែល ។

ជា​ប្រវត្តិ​ទៅ​ហើយ​រៀង​រាល់​ព្រឹក​វេលា​ម៉ោង​៤​ទៅ​ម៉ោង​៥ គេ​ឃើញ​ស្ត្រី​ៗ​ជា​ច្រើន​នាក់​នាំ​គ្នា​ជិះ​រថយន្តឈ្នួល​ប្រចាំ​ភូមិ​ធ្វើ​ដំណើរ​ពី​ភូមិ​មាន់​ដប់ ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម មក​ឈប់​នៅ​ខាងកើត​ផ្សារ​ធំ​ថ្មី ដើម្បី​រៀបចំ​អាហារ​ធម្មជាតិ​មាន​ដូច​ជា​ដំឡូងជ្វា ត្រាវ នំត្នោត នំ​បត់ នំគម ចេក អន្សម ដាក់​នៅ​លើ​កញ្ច្រែង​ដែល​ជាប់​នៅ​លើ​កង់ ដើម្បី​ចល័ត​លក់​ឲ្យ​អ្នក​ភ្នំពេញ ។

អ្នកស្រី ណា​វី រស់នៅ​ភូមិ​មាន់​ដប់ ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ដែល​កំពុង​តែ​រៀប​ចំ​ចំណី​នំនែក​អាហារ​ដាក់​ក្នុង​កញ្ច្រែង​ញាប់ដៃ​ញាប់​ជើង​ទាំង​ព្រឹក​បាន​និយាយ​ឲ្យ​ដឹង​ថា​៖ គាត់​ប្រកប​មុខរបរ​លក់​ចំណីអាហារ​នៅ​ភ្នំពេញ​នេះ​អស់​រយៈពេល​ជិត​ដប់​ឆ្នាំ​មក​ហើយ ដោយសារ​គ្មាន​ដីស្រែ​ចំការ​និង​គេ មុខរបរ​នេះ​បាន​ជួយ​ដោះស្រាយ​ជីវភាព​គ្រួសារ​របស់​គាត់​ជា​ប្រចាំ​ផង​ដែរ។

គាត់​រៀបរាប់​ថា ជា​រៀង​រាល់​ល្ងាច​នៅ​ពេល​ទៅ​ដល់​ផ្ទះ​គាត់​ត្រូវ​ដើរ​ទិញ​ដំឡូងជ្វា ចេក​ក្រមួន ត្រាវ យក​មក​ស្ងោរ​ពី​ល្ងាច​ឲ្យ​ហើយ ។ ដោយឡែក​នំគម នំ​បត់ និង​នំអន្សម​គឺ​ម៉ូយ​គេ​យក​មក​ដល់​ផ្ទះ​រាល់​ៗ​ល្ងាច​ជា​ប្រចាំ ។ នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​រថយន្តឈ្នួល​គេ​មក​ដឹក​ដល់​ផ្ទះ​ទៅ​ភ្នំពេញ​ឈប់​ខាងជើង​ផ្សារ​ធំ​ថ្មី​ក្នុង​តម្លៃ​ម្នាក់​៥០០០​រៀល ។ ទោះ​ក្នុង​ការ​លក់ដូរ​មាន​នឿយហត់​ក៏​ពិតមែនតែ​អ្នកស្រី​សប្បាយចិត្ត​ចាប់​យកមុខ​របរ​នេះ​ចិញ្ចឹមជីវិត ហើយ​យ៉ាង​ហោច​ណាស់​ក្នុង​មួយ​ថ្ងៃ​រក​ចំណូល​ពី​ការ​លក់​នេះ​បាន​ពី​៤​ទៅ​៥​ម៉ឺ​ន​រៀល​ផង​ដែរ ។

លោក សុខ វិសាល និង​ប្រពន្ធ រស់នៅ​ភូមិ​ព្រែក​តា​មា​ក់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ដែល​លក់​អាហារ​ចល័ត​តាម​កង់​នៅ​ភ្នំពេញ​បាន​ត្អូញត្អែរ​ថា កូ​វី​ដ​១៩​បាន​ធ្វើ​ឱ្យ​ពួក​គេ លក់​របស់​ខ្មែរ​មាន​ចេកស្ងោ នំត្នោត នំ​បត់ ដំឡូង​មី ដំឡូងជ្វា​និង​នំ​ផ្សេង​ៗ​ទៀត​លក់​មិនសូវ​ដាច់​ប៉ុន្មាន​នោះ​ទេ ។ ក៏​ប៉ុន្តែ​ពេល​នេះ​លក់​បាន​គ្រាន់បើ​ហើយ ដោយសារ​ជំងឺ​កូ​វី​ដ​១៩​មិន​មាន​រីក​រាលដាល​ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូច​តាម​បណ្តា​ខេត្ត​នានា ។

គាត់​ត្រូវ​ចំណាយ​ដើមទុន​ជិត​២០​ម៉ឺន​រៀល​ដើម្បី​ទិញ​ចេក នំត្នោត នំគម នំ​បត់ នំអន្សម​និង​នំ​ផ្សេង​ៗ​ទៀត​យក​មក​លក់​ក្នុង​មួយ​ថ្ងៃ​ចំណាយ​ទៅ​លើ​បាយ​ទឹក​រួច​គាត់​បាន​ចំណេញ​មិន​ក្រោម​១០​ម៉ឺ​ន​រៀល​ទេ​ទាំង​ប្តី​ទាំង​ប្រពន្ធ ។

លោក វិសាល បាន​បញ្ជាក់​ថា គាត់​មាន​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​សម្រាប់​ដឹក​អីវ៉ាន់​នំនែក​ពី​ផ្ទះ​គាត់​មក​ផ្សារ​ធំ​ថ្មី មិន​ដូច​បងប្អូន​ភាគច្រើន​នៅ​ភូមិ​គាត់​ត្រូវ​ចំណាយ​លើ​ថ្លៃ​ឡាន​ទៅ​មក​អស់​១​ម៉ឺ​ន​រៀល​និង​ផ្ញើ​កង់​គេ​មួយ​យប់​អស់​២.០០០​រៀល​នោះ​ទេ ។ គាត់​ចាប់​យកមុខ​របរ​លក់​បែប​នេះ​គឺ​ពេល​ព្រឹក​ចេញពី​ភូមិ​មក​លក់​ចល័ត​នៅ​ភ្នំពេញ​អស់​រយៈពេល​៤​ឆ្នាំ​មក​ហើយ និយាយ​រួម​ក្រោយ​ពី​រៀប​ការ​រួច ។ ដ

ោយសារ​តែ​គាត់​មិន​ចង់​ធ្វើ​ចំណាកស្រុក​ចោល​ប្រពន្ធ​កូន ទើប​សម្រេចចិត្ត​ចាប់​យកមុខ​របរ​លក់​អាហារ​ចល័ត​នៅ​ភ្នំពេញ ។ រីឯ​ចំណូល​ប្រចាំ​ថ្ងៃ​អាច​ដោះស្រាយ​ជីវភាព​បាន​ល្អ​ប្រសើរ​ផង​ដែរ ។ ក្រៅពី​អ្នក​ភូមិ​របស់​គាត់​លក់​អាហារ​ចំណី​ចល័ត​ដោយ​កង់​នៅ​ភ្នំពេញ ក៏​មាន​អ្នក​ភូមិ​មួយ​ចំនួន​ទៀត​នាំ​គ្នា​ដឹក​បន្លែ​គ្រប់មុខ​គ្មាន​ជាតិ​គីមី យក​លក់​នៅ​ភ្នំពេញ​ផង​ដែរ ពេល​ព្រឹក​មក​ដល់​ភ្នំពេញ​លក់​អស់​ពេល​ល្ងាច​វិល​ទៅ​ផ្ទះ​វិញ ។

អ្នកស្រី យៀន ផល្លា អាយុប្រមាណ​ជាង​៦០​ឆ្នាំ រស់នៅ​ភូមិ​មាន់​ដប់ ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​ដែល​កំពុង​អង្គុយ​លក់​ដំឡូងជ្វា ត្រាវ នំគម នំ​បត់​និង​នំ​ផ្សេង​ៗ​ជា​ច្រើន​មុខ​ទៀត​ជា​ផលិតផល​របស់​ខ្មែរ​យើង​នៅ​លើ​ចិញ្ចើម​ផ្លូវ​ខាងជើង​ផ្សារ​ធំ​ថ្មី​រាជធានី​ភ្នំពេញ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា មុខរបរ​លក់​អាហារ​ចល័ត​ដោយ​ប្រើប្រាស់​កង់​នៅ​ភ្នំពេញ​របស់​អ្នក​ភូមិ​មាន់​ដប់ ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធ ខេត្តកំពង់ចាម​ភាគច្រើន​ជា​ស្ត្រី​បាន​នាំ​គ្នា​ចាប់​យកមុខ​របរ​នេះ​ម្នាក់​ៗ​មិន​ក្រោម​ពី​៤​ទៅ​៥​ឆ្នាំ​នោះ​ទេ ម្យ៉ាង​ពួក​គេ​គ្មាន​ដីស្រែ​ចំការ​ធ្វើ​ផង ។

ជាក់ស្តែង​ដូច​រូប​គាត់​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ​ដែល​គាត់​បាន​លក់​នំចំណី​ទាំងនេះ​ពី​ជិះ​កង់​រហូត​ដល់​អង្គុយ​លក់​មួយ​កន្លែង​ព្រោះ​អាយុ​គាត់​តែ​ច្រើន​មិន​អាច​ជិះ​កង់​បាន​ទៀត ធ្វើ​ឱ្យ​អ្នក​ភូមិ​មក​លក់ដូរ​តាម​ដែរ ។

គាត់​អាច​រក​ចំណូល​បាន​៦​ទៅ​៧​ម៉ឺ​ន​រៀល​ក្នុង​មួយ​ថ្ងៃ​ព្រោះ​គាត់​គ្មាន​ចំណាយ​លុយ​ទៅ​លើ​ឡាន​ឈ្នួល​នោះ​ទេ បាន​ចៅ​មក​ដឹក​យក​ទៅ​ផ្ទះ​ក្រោយ​ពី​ចៅ​ឈប់​រត់​ម៉ូតូឌុប ។

អ្នកស្រី ផល្លា បាន​បញ្ជាក់​ថា ក្នុងភូមិ​មាន់​ដប់​ដែល​ភាគច្រើន ជា​ស្ត្រី​ប្រកប​មុខរបរ​លក់​អាហារ​នំចំណី​ជិះ​កង់ចល័ត​នៅ​ភ្នំពេញ​មាន​ប្រមាណ​ជា​៦០​ភាគរយ ហើយ​មួយ​ចំនួន​ទៀត​គេ​ដឹក​បន្លែ​តាម​ឡាន​ឈ្នួល​យក​មក​លក់​នៅ​ភ្នំពេញ ព្រោះតែ​ពួក​គេ​មិន​ចង់​ឲ្យ​ប្តី​ធ្វើ​ចំណាកស្រុក​ចោល​ប្រពន្ធ​កូន ។ មុខរបរ​នេះ​វា​មិន​អាច​ធ្វើ​មានបាន​ក៏​ពិតមែន តែ​វា​ជួយ​សម្រួល​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​ដែរ ។

ពេល​ព្រឹក​មក​ដល់​ភ្នំពេញ លុះ​ពេល​ល្ងាច​វិល​ទៅ​ស្រុកភូមិ​វិញ មិនបាច់​ចំណាយ​ប្រាក់​ជួល​ផ្ទះ​គេ​ទេ​…​ចំណាយ​ជួល​គេ​ទុកដាក់​កង់ និង​រទេះរុញ​ប៉ុណ្ណោះ ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ