រាជធានីភ្នំពេញ ៖ ស្ថានទូតជប៉ុនរួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន (JFAC) នឹងរៀបចំនូវព្រឹត្តិការណ៍ «ពិធីបុណ្យផ្កាយអនឡាញ២០២០» ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ជំនួសឲ្យព្រឹត្តិការណ៍ដែលធ្វើជារៀងរាល់ឆ្នាំគឺ «ពិធីបុណ្យផ្កាយ» ដែលរៀបចំឡើងតាំងពីឆ្នាំ២០០៤ ក្នុងគោលបំណងបន្តជម្រុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសជប៉ុន និងកម្ពុជា ។

ស្ថានទូតជប៉ុនបានឱ្យដឹង នៅថ្ងៃនេះថា «តាណាបាតា ឬពិធីបុណ្យផ្កាយ គឺជាព្រឹត្តិការប្រពៃណីមួយរបស់ជប៉ុនដែលតែងតែប្រារព្ធឡើង នៅថ្ងៃទី៧ ខែកក្កដា នៅប្រទេសជប៉ុនដែលរំឮកដល់រឿងរបស់គូស្នេហ៍មួយគូនៅឋានសួគ៌ គឺនារីតម្បាញ និងបុរសគង្វាលគោ ដែលអ្នកទាំងពីរត្រូវបានបំបែកចេញពីគ្នាដោយទន្លេអាម៉ាណូហ្គាវ៉ា ហើយត្រូវបានអនុញ្ញាតឱ្យជួបគ្នាវិញតែម្តងគត់ ក្នុងមួយឆ្នាំ គឺនៅថ្ងៃទី៧ ខែកក្កដា ។ នៅថ្ងៃនោះប្រជាជនជប៉ុន សរសេរបំណងប្រាថ្នារបស់ពួកគេ ហើយព្យួរនៅលើដើមឫស្សី ដើម្បីឲ្យទទួលបានដូចបំណង» ។

គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលនៃពិធីបុណ្យផ្កាយអនឡាញ ២០២០ ចាប់ពីថ្ងៃទី ១១-១២ ខែកក្កដាឆ្នាំ ២០២០ នឹងមានកម្មវិធីវប្បធម៌ជប៉ុនតាមអនឡាញជាច្រើន នៅលើទំព័រហ្វេសប៊ុកព្រឹត្តិការណ៍ពិធីបុណ្យផ្កាយអនឡាញ ២០២០ (សូមមើលLinkខាងក្រោម) ដូចជា របៀបតុបតែងដើមឫស្សីតាណាបាតា សិក្ខាសាលាអនឡាញស្តីពីការបង្កើតគំនូរជីវចល ការបញ្ចាំងគំនូរជីវចល ដែលបានទទួលពាន់រង្វាន់ Digicon6 របៀបស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ជប៉ុន និងកម្ពុជា «យូកាតា» និង«ក្បិន» របៀបបត់ក្រដាស «អូរីហ្កាមិ» និងធ្វើគ្រឿងអលង្ការ របៀបធ្វើបង្អែមជប៉ុន និងកម្មវិធីជាច្រើនទៀត ។ កាលវិភាគពេលវេលានៃសកម្មភាពនីមួយៗមានភ្ជាប់ជាមួយ ៕

ចែករំលែកព័តមាននេះ