ខេត្តប៉ៃលិន ៖ មកដល់ពេលនេះ គេសង្កេតឃើញខាងភាគីប្រទេសថៃបានបើកច្រកទ្វារអន្តរជាតិរបស់ខ្លួន ត្រង់ចំណុច «បានផាកកាត» ឃុំខ្លងយ៉ៃ ស្រុកពោងណាមរ៉ន ខេត្តចាន់បូរី ឡើងវិញ ដែលជាច្រកទ្វារនៅទល់មុខនឹងច្រកទ្វារអន្តរជាតិព្រំ ។

ទោះបីជាបែបណា ភាគីថៃគ្រាន់តែអនុញ្ញាតឱ្យរថយន្តធំៗ ដឹកទំនិញចេញចូលប៉ុណ្ណោះ ចំណែកប្រជាពលរដ្ឋនិងភ្ញៀវទេសចរ មិនទាន់អាចឱ្យឆ្លងកាត់នៅឡើយទេ ដោយរង់ចាំមើលសភាពការណ៍នៃជំងឺកូវីដ-១៩នេះមួយរយ:ពេលសិន។ គេមិនដឹងថា តើពេលណានឹងឱ្យដំណើរការឡើងវិញនោះទេ ខណ:ប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែនមួយនេះ ទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែមកហើយ ព្រោះការលក់ដូរមានការធ្លាក់ចុះជាងមុន លុះឃើញមានការបើកច្រកទ្វារអន្តរជាតិនេះឡើងវិញ ពួកគាត់ពិតជាមានការសប្បាយរីករាយយ៉ាងខ្លាំង ។
សូមបញ្ជាក់ថា ខាងភាគីថៃបើកឱ្យដំណើរការច្រកទ្វារអន្តរជាតិ«បានផាកកាត»នេះចាប់តាំងពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ជាប់នឹងច្រកទ្វារអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។

ប្រភពព័ត៌មានពីមន្ត្រីប្រចាំច្រកទ្វារអន្តរជាតិព្រំ បានឱ្យដឹងថា ដោយសារតែមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក បណ្តាលឱ្យឆ្លងរីករាលដាលយ៉ាងឆាប់រហ័សតាំងពីទ្វីបអាស៊ី រហូតដល់ទ្វីបអឺរ៉ុប ទើបកាលពីដើមឆ្នាំ២០២០នេះ ខាងភាគីថៃសម្រេចបិទច្រកទ្វារអន្តរជាតិរបស់ខ្លួនជាច្រើនកន្លែង ដែលក្នុងនោះមានច្រកទ្វារអន្តរជាតិជាប់នឹងព្រំដែនខេត្តប៉ៃលិនផងដែរ។

ទោះបីខាងភាគីថៃ បើកឱ្យដំណើរការបន្តិចម្តងៗឡើងវិញ ដោយឲ្យតែរថយន្តដឹកទំនិញធំៗដូចជា យីឌុបសណ្តោងរ៉ឺម៉កដឹកដែក ស៊ីម៉ង់ត៍ មកពីប្រទេសថៃ និងកសិផលខ្មែរ ពោតក្រហម ក៏ពិតមែន តែសម្រាប់ដំឡូងមីដែលបានស្តុកអស់រយៈពេលជាយូរ ក៏អាចដឹកទៅលក់នៅប្រទេសថៃ ដើម្បីចៀសវាងការទុកយូរបន្តទៀត នាំឱ្យខូចខាតអស់ច្រើន ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ទី សុខា ប្រធានទំនាក់ទំនងច្រកទ្វារអន្តរជាតិព្រំ បានឱ្យដឹងថា បន្ទាប់ពីមានការបិទច្រកទ្វារអន្តរជាតិអស់រយៈពេលប៉ុន្មានខែកន្លងទៅនេះ រហូតមកដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ខាងភាគីថៃ បានបើកឱ្យដំណើរការឡើងវិញហើយ ប៉ុន្តែទើបតែឱ្យតែរថយន្តដឹកទំនិញធំៗចេញចូលប៉ុណ្ណោះ ។
រីឯប្រជាពលរដ្ឋ គឺមានការរឹតត្បិតមិនឱ្យចេញចូលឡើយ ព្រោះសភាពការណ៍ជំងឺកូវីដ-១៩ មិនទាន់ផុតរលត់ទាំងស្រុងនៅឡើយទេ ។ ដូច្នេះទាំងខាងភាគីខាងថៃ និងខាងខ្មែរយើង ក៏មានការប្រុងប្រយ័ត្នដូចគ្នា ដោយមានការស្ទង់កម្តៅ អ្នកបើកបររថយន្ត ដើម្បីការពារសុវត្ថិភាពទាំងអស់គ្នាផងដែរ ។

លោក សុខ សាវុធ ប្រធានការិយាល័យច្រកទ្វារអន្តរជាតិព្រំ ក៏បានឱ្យដឹងដែរថា ឈានចូលមកដល់ដើមខែកក្កដា ឆ្នាំ២០២០នេះ ខាងភាគីថៃបានបើកច្រកទ្វាររបស់ខ្លួនឡើងវិញហើយ ។
ដូច្នេះខាងខ្មែរក៏មានការបើកច្រកទ្វារដូចគ្នា ដើម្បីឱ្យមានការនាំចេញនាំចូលទំនិញដូចដើមឡើងវិញ ខណ:ប្រជាពលរដ្ឋទាំងពីរប្រទេសមិនទាន់ឱ្យចេញចូលដូចមុននោះទេ ពោលគឺដើម្បីការពារកុំឲ្យឆ្លងរាលដាលជំងឺកូវីដ-១៩ ។
លោកបន្តថា ប្រហែលជានៅថ្ងៃខាងមុខឆាប់ៗនេះ ខាងថៃអាចនឹងបើកឱ្យដំណើរការជាធម្មតាឡើងវិញ បើសិនជាសភាពនៃជំងឺកូវីដ-១៩ផុតរលត់ លែងមានការឆ្លងរីករាលដាលបន្តពីមនុស្សម្នាក់ទៅម្នាក់ទៀត ៕ (កែសម្រួលដោយ ៖ បុប្ផា)







ចែករំលែកព័តមាននេះ