ខេត្តត្បូងឃ្មុំ ៖ ការចិញ្ចឹមកង្កែបយកសាច់ តាមបែបបច្ចេកទេសកសិកម្មកំពុងពេញនិយមខ្លាំង នៅភូមិសេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

អ្នកស្រី ខុម ចាន់ថុល ដែលជាសមាជិកក្រុមកែលម្អជីវភាព នៅភូមិសេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ ទទួលបានជោគជ័យខ្លាំង ក្នុងការចិញ្ចឹមកង្កែបយកសាច់ ក្រោយពីទទួលបានការបណ្ដុះបណ្ដាលបច្ចេកទេសពីមន្ត្រីបច្ចេកទេសនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំរួចមកជាលទ្ធផល កង្កែបក្រោយចិញ្ចឹមរយៈពេល៤០ថ្ងៃ មានការធំធាត់រហ័ស គឺ៧ក្បាលក្នុង១គីឡូក្រាមធ្វើឲ្យមានចំណាប់អារម្មណ៍ទៅដល់កសិករផ្សេងទៀត នៅមូលដ្ឋានយ៉ាងខ្លាំង និងមានការអនុវត្តតាមចំនួន៥គ្រួសារ ដែលចាប់ផ្តើមជាមួយនឹងកូនកង្កែបចំនួន ៨០០០ក្បាល ។

បើតាមការអោយដឹងពីលោក ជៀង សារិទ្ធ ប្រធានសម្របសម្រួលកសិកម្មនៃគម្រោង TSSD-AF និងជាអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំឲ្យដឹងថា ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះរបបចិញ្ចឹមកង្កែបហាក់មានការពេញនិយមច្រើន ដោយឃើញមានកសិដ្ឋានចិញ្ចឹមកង្កែបជាហូរហែដើម្បីផ្គត់ផ្គង់ទីផ្សារក្នុង និងក្រៅស្រុក ហើយការចិញ្ចឹមត្រឹមតែរយៈពេលតែ២ទៅ៣ខែប៉ុណ្ណោះ អាចប្រមូលផលលក់ទៅលើទីផ្សាបាន។

លោក ជៀង សារិទ្ធ បានចែករំលែកនូវបទពិសោធន៍មួយចំនួនជូនដល់កសិករចិញ្ចឹមកង្កែបយកសាច់មានដូចជា ៖ ត្រូវជ្រើសរើសទីតាំងរៀបចំធ្វើអាង ដាក់កង្កែប ចិញ្ចឹមឲ្យបានសមស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ជ្រើសរើសពូជកូនកង្កែប ដែលមានសុខភាពល្អក្នុងចន្លោះអាយុប៉ុន្មាន៣០ ទៅ៤០ថ្ងៃ ផ្ដល់ចំណីដែលមានកម្រិតជាតិសាច់គ្រប់គ្រាន់ឲ្យបានទៀងទាត់ និងថែទាំអនាម័យឱ្យបានស្អាតជាប្រចាំដោយផ្លាស់ទឹក ២ទៅ៣ដងក្នុងមួយថ្ងៃ។

ដោយឡែក ប្រសិនបើមានបញ្ហាហើមពោះ ឬរលាកត្រូវព្យាបាល ដោយថ្នាំផ្សំពីធម្មជាតិ តាមមេរៀនពីលោកគ្រូកសិកម្ម។ ក្នុងការចិញ្ចឹមតាមបច្ចេកទេសបំប៉នកង្កែបយកសាច់ ចំនួន១ពាន់ក្បាល អាចរកប្រាក់ចំណេញបានប្រមាណ៦០ ទៅ៨០ម៉ឺនរៀល ក្នុងរយៈពេលពីរខែកន្លះ ទៅ៣ខែផងដែរ ៕
ចែករំលែកព័តមាននេះ