ខេត្តសៀមរាប ៖ អាជ្ញាធរស្រុកសូទ្រនិគម បានសហការគ្នាជាមួយម្ចាស់ដី ស្ម័គ្រចិត្តរុះរើរបងដែលខ្លួនធ្វើរំលោភលើផ្លូវ ចេញពីកណ្តាលទ្រូងផ្លូវវិញ ។ នេះជាបាតុភាពថ្មីមួយដែលករណីបែបនេះធ្លាប់កើតមាននៅខេត្តកំពង់ឆ្នាំងដែលធ្វើរបងព័ទ្ធដីរបស់ខ្លួន លេបអស់ផ្លូវលំពាក់កណ្តាល និងបានធ្វើការដោះស្រាយក្រោយពីមានការភ្ញាក់ផ្អើល ។
ពេលនេះក៏ដូចគ្នាដែរ តែក៏បានដោះស្រាយរួចហើយដែរ ក្រោយពេលមានប្រតិកម្ម ។
ហេតុការណ៍រុះរើនេះធ្វើឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ លោក ផាន់ សាយ មេឃុំដំដែកបានឲ្យដឹងថា ម្ចាស់ដីដែលធ្វើរបងនោះមានឈ្មោះ ធៀម សុន និងប្រពន្ធឈ្មោះ វៃ ណា ជាអ្នករស់នៅភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប
ពួកគាត់បានយល់ព្រមជាមួយអាជ្ញាធរនិងបានរុះរើរបងនោះចេញវិញហើយ ។លោក បន្តថា ករណីនេះលោកបានស្នើឲ្យម្ចាស់ដីមានការដោះស្រាយគ្នាទៅតាមច្បាប់ ហើយការធ្វើផ្លូវនេះ គឺមន្ត្រីសុរិយោដីស្រុកនិងខេត្តបានបិទប្រកាសទុកពេលឲ្យប្តឹងក្នុងរយៈពេល១ខែ ប្រសិនមានប៉ះពាល់ពារលើដីអ្នកណាមួយ ។
ប៉ុន្តែមិនដឹងយ៉ាងម៉េចបានជាពួកគាត់មកបោះបង្គោលធ្វើរបងយកចំពាក់កណ្តាលផ្លូវសាធារណៈដោយមិនប្រាប់អាជ្ញាធរ។ ទោះជាយ៉ាងណាលោកបានព្យាយាមពន្យល់ដល់គាត់ឲ្យយល់ពីច្បាប់បន្ថែមទៀត ព្រោះដីតំបន់នេះមិនទាន់មានកម្មសិទ្ធិជាប្រព័ន្ធនៅឡើយទេ ។
លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគមបានឲ្យដឹងថា ក្នុងករណីដែលគេបង្ហោះហ្វេសបុ៊កនោះ លោកបានឲ្យក្រុមការងារចម្រុះ ចុះពិនិត្យដល់កន្លែងកើតហេតុ និងបានដកបង្គោលរបងដែលបោះនៅលើផ្លូវនោះចេញវិញអស់ហើយ ។ លោកបន្តថា ការដែលម្ចាស់ដីមកបោះបង្គោលរបងនៅលើផ្លូវនេះ គឺមកពីគាត់ខ្លាចបាត់ដីគាត់ ព្រោះគោល ការណ៍ពង្រីកផ្លូវ ត្រូវបើក១៥ម៉ែត្រគឺធ្វើជាលក្ខណៈប្រព័ន្ធ ។
អុីចឹងហើយបានជាគាត់ភ័យ និងបានមកបោះបង្គោលធ្វើរបងក្នុងបំណងការពារដីរបស់ខ្លួន ដោយមិនបានប្រាប់អាជ្ញាធរឲ្យបានដឹង ។ លោកបន្តថា ការដែលអាជ្ញាធរពង្រីកផ្លូវគឺដើម្បីផលប្រយោជន៍រួម តែបើបងប្អូនណាមិនពេញចិត្ត អាចទៅដាក់ពាក្យបណ្តឹងនៅឃុំឬស្រុកបាន ។
លោកសំណូមពរឲ្យបងប្អូននៅក្នុងបណ្តាញសង្គម និងអាជ្ញាធរជ្រាបជាដំណឹង និងសុំកុំឲ្យយល់ច្រលំតទៅទៀត ព្រោះករណីនេះអាជ្ញាធរស្រុកសូទ្រនិគម បានប្រឹងប្រែងសម្របសម្រួលឲ្យបានចប់សព្វគ្រប់អស់ហើយ ។ ក្នុងនោះអាជ្ញាធរនិងមានវិធានការឲ្យពលរដ្ឋយល់ព្រមទទួលយកទាំងសងខាង ដោយមិនលម្អៀងនោះឡើយ ។
គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះត្រូវបានបណ្តាញសង្គមហ្វេសបុ៊ក និងសារព័ត៌ មានមួយចំនួនបានរិះគន់យ៉ាងខ្លាំងមកលើអាជ្ញាធរដែលបណ្តែតបណ្តោយឱ្យកើតមានបញ្ហាបែបនេះ ។ ប៉ុន្តែពេលនេះអាជ្ញាធរបានចុះធ្វើការងារនេះរួចស្រេចហើយ ពុំមានបាតុភាពកើតឡើងទេ គឺបានស្រុះស្រួលគ្នាឈ្នះ ឈ្នះទាំងសងខាង ៕
ចែករំលែកព័តមាននេះ