រាជធានីភ្នំពេញ ៖ ក្នុងគោលបំណងឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រសម្រាប់វិស័យជលផល ឆ្នាំ២០១៥-២០២៤ និងផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វារីវប្បកម្មនៃប្រទេសកម្ពុជា ឆ្នាំ២០១៦ – ២០៣០ ជាពិសេស សារាចរណែនាំស្តីពីការបង្កើនយុទ្ធនាការជំរុញផលិតកម្មកសិកម្ម ស្ថិតក្នុងស្ថានភាពដែលមានការប៉ះពាល់ជាសកលបង្កដោយជម្ងឺកូវីដ ១៩ (Covid 19) រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលការគាំទ្រហិរញ្ញប្បទានជាបឋមចំនួនប្រមាណជាង ៤,៦៨ លានដុល្លារអាមេរិក ដើម្បីចាប់ផ្តើមសកម្មភាពចុះជួយដល់កសិករជាង ៦០០០គ្រួសារ ។ នេះបើតាមផេកផ្លូវការរបស់លោករដ្ឋមន្ត្រី ។

ការជួយជាថវិកានេះ ត្រូវបានលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានសរសរលើបណ្តាញសង្គម នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ យ៉ាងដូច្នេះថា ៖ ការផ្តល់ថវិការនេះមាន ១. ការឧបត្ថម្ភដោយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចគាំទ្រគម្រោងចិញ្ចឹមត្រីអណ្តែង និងកង្កែបក្នុងតង់ប្លាស្ទីក ដោយប្រើរយៈពេលខ្លី ចំណាយដើមទុនតិច និងទទួលបានប្រាក់ចំណូលនៅខេត្តចំនួន១០ រួមមាន ៖ ខេត្តរតនគីរី មណ្ឌលគីរី ព្រះវិហារ ឧត្តរមានជ័យ កំពត ព្រះសីហនុ ត្បូងឃ្មុំ ស្វាយរៀង កំពង់ស្ពឺ និងខេត្តប៉ៃលិន ។

កញ្ចប់ថវិកាពិសេសចំនួន២ ០០០ ០០០ ០០០ រៀល ផ្តោតលើសកម្មភាពសំខាន់ដូចជា ៖ ការចិញ្ចឹមត្រីអណ្តែងក្នុងតង់ប្លាស្ទីក ចំនួន១០០០គ្រួសារកសិករ ការចិញ្ចឹមកង្កែបក្នុងតង់ប្លាស្ទីក ចំនួន៧០០គ្រួសារកសិករ ពង្រឹងសមត្ថភាពកសិករផលិតកូនត្រីពូជ (ដោយផ្តល់អ័រម៉ូន ចំណី និងកូនត្រីពូជ) ចំនួន៥០គ្រួសារកសិករ ។

២. ការឧបត្ថម្ភដោយអង្គការដៃគូអភិវឌ្ឍន៍ តាមរយៈកម្មវិធីជម្រុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្នផ្នែកវារីវប្បកម្មនៅកម្ពុជា (Cap-Fish-វារីវប្បកម្ម) ដែលឧបត្ថម្ភថវិកាដោយ EU និងគ្រប់គ្រងដោយភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានអនុម័តលើការគាំទ្រគម្រោងជម្រុញវារីវប្បកម្មតាមជនបទ ឆ្លើយតបនឹងជំងឺរាតត្បាត ជំងឺកូវីដ១៩ (Covid 19) ដែលមានរយៈពេល១ឆ្នាំ ។

គម្រោងមានទឹកប្រាក់សរុបចំនួន ១១២៩ ៧៩៧ ដុល្លារ ។ ផ្តោតលើការគាំទ្រការចិញ្ចឹមត្រីអណ្តែងចំនួន ១ ០០០ គ្រួសារកសិករ និងកង្កែប ១០០០ គ្រួសារកសិករ និងគាំទ្រកសិករផលិតកូនត្រីអណ្តែងចំនួន២០ គ្រួសារ និងកសិករផលិតកូនកង្កែបចំនួន៣៥គ្រួសារ ក្នុងខេត្តគោលដៅចំនួន១០ខេត្ត រួមមាន ៖ ខេត្តតាកែវ កំពង់ចាម បាត់ដំបង សៀមរាប ពោធិ៍សាត់ ព្រៃវែង កណ្តាល កំពង់ឆ្នាំង កំពង់ធំ និងបន្ទាយមានជ័យ ។

លោកបន្តថា រដ្ឋបាលជលផលបានដាក់សំណើគម្រោង «ការពង្រឹងវារីវប្បកម្មកម្ពុជានាអំឡុងពេល និងក្រោយពេលនៃការរីករាលដាលជំងឺកូវីដ ១៩ (Covid 19)» នៅក្នុងគម្រោងពិពិធកម្មកសិកម្មកម្ពុជារបស់ក្រសួងកសិកម្ម រុក្ខា-ប្រមាញ់ និងនេសាទ ដែលឧបត្ថម្ភដោយហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក (WorldBank) ដែលមានទឹកប្រាក់សរុបចំនួន ៣០៥៩ ៦២០ ដុល្លារ ។ លោកបន្ថែមថា គម្រោងនឹងអនុវត្តជួយផ្តល់បច្ចេកទេសចិញ្ចឹមត្រីអណ្តែង និងកង្កែបក្នុងតង់ ប្លាស្ទីកចំនួន ២០០០ គ្រួសារកសិករ និងជួយឧបត្ថម្ភដល់កសិករផលិតខ្នាតមធ្យមចំនួន២៦០ គ្រួសារកសិករ ។

នៅក្នុងខេត្តគោលដៅចំនួន ១២ខេត្ត រួមមាន ៖ ខេត្តកំពង់ឆ្នាំង បាត់ដំបង សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ និងរាជធានីភ្នំពេញ៕
ចែករំលែកព័តមាននេះ