រាជធានីភ្នំពេញ ៖ ថ្មីៗនេះមានជនរងគ្រោះមួយរូបបានលាតត្រដាងនូវល្បិចថ្មីមួយទៀតដែលមានអ្នករត់កង់៣ឥណ្ឌាមួយចំនួនតូច ដែលប្រើល្បិចថ្មីចង់ធ្វើស៊ីអ្នកដំណើរ ជាពិសេសនារីៗតែម្តង ។
យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះថា សឹម សក្តិដា បានបង្ហោះសារឡើងវែងរៀបរាប់អំពីដំណើររឿងដែលភរិយារបស់លោក គឺជាជនរងគ្រោះត្រូវថ្នាំសណ្តំអ្នករត់កង់៣ឥណ្ឌាមួយរូប តែដោយសារតែភាពឆ្លាតវៃរបស់ប្រពន្ធរបស់គាត់ និងការជួយពីពលរដ្ឋ ព្រមទាំងសមត្ថកិច្ច ទើបភរិយាគាត់អាចគេចផុតពីគ្រោះភ័យ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យផងដែរ ។

លោក សឹម សក្តិដា បានសរសេរបញ្ជាក់លម្អិតយ៉ាងដូច្នេះថា «អ្នកធ្វើដំណើរតាម Pass App ជាពិសេសនារីៗ សូមប្រយ័ត្នប្រយែង ព្រោះអ្នករត់ Pass App មួយចំនួនតូច គឺមានល្បិចខ្ពស់ណាស់ ក្នុងការប្រព្រឹត្តចោរកម្ម និងបទល្មើសផ្សេងៗ ។
តួយ៉ាងដូចបុរសប្រកបរបរ Pass App ម្នាក់ខាងលើនេះ គឺមានល្បិចខ្ពស់បំផុត ។ កាលពីថ្ងៃ 27 ខែឧសភា ខ្ញុំបានហៅ Pass App នេះតាម App ដោយធ្វើដំណើរពី បុរីទំនើប០១ ក្រោយទីលានវាយកូនហ្គោលជីបម៉ុង ទៅក្រោយផ្សារដេប៉ូ២នាក់គ្រួសារខ្ញុំ ។ លុះជិះដល់ម្ដុំវត្តតាំងកសាងខាងត្បូង អ្នកបើកបរក៏ប្រាប់ថា ទូរស័ព្ទដាច់សេវាហើយ ឲ្យខ្ញុំគិតម៉ោងទៅ ឲ្យខ្ញុំ cancel app ទៅ ។ ដោយចិត្តអាណិតអាសូរ ខ្ញុំក៏ចុច cancel ទាំងទូរស័ព្ទខ្ញុំនៅដើរ app ធម្មតា ។

ក្រោយមកទៀត អ្នកបើកបរក៏ប្រាប់ថា យកលេខទូរស័ព្ទវាទៅ ព្រោះផ្ទះវានៅជិតហ្នឹងដែរ មិនបាច់ហៅតាម App ទេ ។ ដោយនឹកអាណិតម្ដងទៀត ក៏យកលេខដើម្បីកុំឲ្យក្រុមហ៊ុនកាត់ភាគរយគ្នា ឲ្យគ្នាបានកំរៃឲ្យច្រើនទៅចុះ »។
លោកបានបន្តថា «នៅថ្ងៃទី២ ខែកក្កដា ម៉ោង៦ល្ងាច ដោយទើបត្រលប់មកពីខេត្ត ដោយគ្រួសារខ្ញុំមានធុរៈបន្ទាន់ ត្រូវទៅផ្ទះម្ដុំក្រោយផ្សារសាមគ្គី ហើយខ្ញុំមិនបានជូនទៅ គាត់ក៏ហៅ Pass app នេះម្ដងទៀត តាមលេខដែលវាឲ្យ ដោយនឹកឃើញថា ធ្លាប់ជិះ ក៏ជិះទៅតែឯង ហើយក៏ជាលើកទី១ដែរ ដែលគាត់ហ៊ានជិះតែឯង ។ ដោយជិះចេញពីបុរីទំនើប០១ ដដែល ។ ជិះមកដល់ម្ដុំបុរីពិភពថ្មី ឈូកវ៉ា២ ខណៈមេឃកំពុងភ្លៀង កំពុងតែបើកសុខៗ pass app ក៏ឈប់ងក់ ។ គ្រួសារខ្ញុំក៏សួរថា ឈប់ធ្វើអី ? អ្នកបើកបរក៏ថា សុំឈប់ឈឺនោម ។ គ្រួសារខ្ញុំក៏បន្តសួរ ហេតុមកឈប់មិនប្រាប់អញ្ចឹង ? វាក៏អត់មាត់ដើរទៅក្រោយ Pass App មួយសន្ទុះ ក៏ដើរមកវិញ ហើយបើកកង្ហារលើដំបូល ទាំងមេឃកំពុងភ្លៀង គាត់ក៏ឲ្យបិទដោយប្រាប់ថារងា តែវាមិនបានបិទទេ »។

ប្រភពដដែលបានបន្តថា «បានប្រហែល៣នាទី គ្រួសារខ្ញុំក៏ចាប់ផ្ដើមបាត់ស្មារតីបន្តិចម្ដងៗ និងមានអាការៈងងុយដេក ទន់ដៃជើងបន្តិច តែដោយគាត់ធ្លាប់ឆ្លងកាត់បទពិសោធន៍លើវិស័យវេជ្ជសាស្ត្រ គាត់បានដឹងពីអាការៈនៃថ្នាំសណ្ដំ គាត់ក៏បញ្ជាឲ្យអ្នកបើកបរឈប់ តែអ្នកបើកបរមិនព្រមឈប់ ហើយថែមទាំងស្រែកមិនឲ្យគ្រួសារខ្ញុំចុះទៀត ។
ជម្រើសចុងក្រោយ គ្រួសារខ្ញុំសម្រេចចិត្តលោតចុះ ដោយខ្លួនឯងហើយ ហើយរត់ចូលផ្ទះអ្នកជិតនោះឲ្យជួយ ។ ហើយប្រាប់គេថា គេដាក់សណ្ដំគាត់ ឲ្យជួយយកខ្ទឹម និងក្រូចឆ្មាមកបញ្ច្រកគាត់ផង និងប្រាប់គេឲ្យជួយខលមកខ្ញុំ ។ ក្នុងចន្លោះពេលនោះអ្នកបើកបរបានបកមកវិញដោយសួររកគ្រួសារខ្ញុំ ហើយប្រាប់អ្នកជួយនោះថា កុំជឿអ្វីដែលគ្រួសារខ្ញុំបាននិយាយ ហើយបានចោទថាប្រពន្ធខ្ញុំបោកវាទៅវិញ ។ ក្រោយពីអ្នកជួយបានខលមកខ្ញុំ ខ្ញុំក៏បានទាក់ទងទៅសមត្ថកិច្ច មូលដ្ឋានភ្លាមៗ រហូតឃាត់អ្នកបើកបរបាននៅនឹងកន្លែង និងបានយកទៅសាកសួរភ្លាមៗ ។ ក្រោយធ្វើការឆែកឆែររបស់សមត្ថកិច្ច ក៏បានរកឃើញមានដំបងហូតមួយដើមផងដែរ ដោយអ្នកបើកបរបានអះអាងម្ដងថា ខ្លួនជាអ្នកកាសែត ម្ដងជាសន្តិសុខឯកជន» ។

ម្ចាស់គណនីខាងលើក៏បានសម្តែងការថ្លែងអំណរគុណដល់ លោកអធិការនគរបាលខណ្ឌទួលគោក លោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកមេប៉ុស្តិ៍ សំរោងក្រោម ដែលបានខ្នះខ្នែងជួយការពារសុវត្ថិភាពប្រជាជនបានយ៉ាងឆាប់រហ័ស ។ និងបានសូមអរគុណដល់បុគ្គលិក និងម្ចាស់ហាងម្លិះវាំងនន ពិភពថ្មីឈូកវ៉ា២ ដែលបានខ្នះខ្នែងជួយគ្រួសារខ្ញុំដោយសុទ្ធចិត្ត។ នេះជាសារដាក់តឿន ឲ្យមានការប្រុងប្រយ័ត្នចំពោះនារីៗដែលចូលចិត្តធ្វើដំណើរតាម Pass App តែម្នាក់ឯង ។
កោះសន្តិភាពនឹងផ្តល់ព័ត៌មានពិស្តារបន្ថែមទៀតជុំវិញ អត្តសញ្ញាណ និងការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងករណីមួយនេះ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ