រាជធានីភ្នំពេញ៖ ចាត់ទុកជាដំណើរចេញចាកឆ្ងាយពីផ្ទះនៅក្រុងភ្នំពេញលើកដំបូងក្រោយពីរូបលោក កឹម សុខា ត្រូវបានតុលាការបន្ធូរបន្ថយនៃកម្រិតការដើរហើរកន្លងមក តែបែរអតីតមេបក្សប្រឆាំងរូបហាក់ត្រូវដំបងធ្ងន់ៗពីសំណាក់មនុស្សមួយចំនួននៅក្នុងចង្កោមសមាជិកអតីតគណបក្សសង្គ្រោះជាតិ ដែលបានបង្ហោះសារផ្លែផ្ការូបលោក កឹម សុខា ថាមានសេរីភាពដើរចេញពីបន្ទាត់ក្រហមហើយ ម្តេចមិនប្រកាសឲ្យគេដឹង ។

ជុំវិញបញ្ហានេះ អ្នកនាង ម៉េង សុភារី មេធាវីការពារមួយរូបក្នុងចំណោមមេធាវីការពារលោក កឹម សុខា ជាច្រើនរូបបានចេញមុខបកស្រាយនៅព្រឹកថ្ងៃទី ៦ កក្កដា ឆ្នាំ២០២០ នេះថា «ដើម្បីជៀសវាងការយល់ខុស ឬយល់ច្រលំ ចំពោះការធ្វើដំណើរចេញពីលំនៅដ្ឋាន» របស់លោក កឹម សុខា ក្នុងនាមអ្ននាងជាមេធាវីរបស់លោក កឹម សុខា អ្នកនាងបានអះអាងជូនសាធារណៈជនថា ១ . លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចកែប្រែកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការមួយចំនួនកាលពីថ្ងៃទី១០.១១.២០១៩ ។

ហើយក្នុងនោះគឺបានសម្រេចអោយលោក កឹម សុខា ជាប់កាតព្វកិច្ច៣ចំណុចដូចខាងក្រោមវិញ៖
ក. មិនត្រូវចេញក្រៅព្រំប្រទល់ដែនរាជាណាចក្រកម្ពុជា ។ មានន័យថា លោក កឹម សុខា អាចធ្វើដំណើរបាននៅទូទាំងប្រទេសកម្ពុជា លើកលែងតែការធ្វើដំណើរទៅក្រៅប្រទេស ។ ខ. មិនត្រូវធ្វើសកម្មភាពនយោបាយ ។ មានន័យថា ទោះជា លោក កឹម សុខា មានសិទ្ធិធ្វើដំណើរនៅទូទាំងប្រទេសកម្ពុជាក៏ដោយ តែ ឯកឧត្តម កឹម សុខា មិនអាចធ្វើសកម្មភាពនយោបាយបានឡើយ ។ និង គ. ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។

អ្នកនាងមេធាវីបានបន្តថា ចំណុច ទៅ២ – ចំណុចដែលហាមមិនអោយជួបជនបរទេសត្រូវបានលុបចោល ហេតុនេះហើយទើបកន្លងមក បណ្តាទូតបានអញ្ជើញមកជួប លោក កឹម សុខា ដល់គេហដ្ឋាន ចាប់តាំងពីមានសេចក្តីសម្រេចកែប្រែកាតព្វកិច្ចចុះថ្ងៃទី១០.១១.២០១៩។

៣ . លោក កឹម សុខាមិនទាន់មានសាលក្រម ឬសាលក្រមស្ថាពរសម្រេចផ្តន្ទាទោសពីបទក្បត់ជាតិទេ ។ តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ជនណាដែលមិនទាន់មានសាលក្រមផ្តន្ទាទោសជាស្ថាពរ ជននោះនៅតែចាត់ទុកជាជនគ្មានទោស ។ ហេតុនេះ រហូតមកដល់បច្ចុប្បន្នលោក កឹម សុខា មិនមែនជាជនក្បត់ជាតិឡើយ ។

៤ . សរុបមកការធ្វើដំណើររបស់ លោក កឹម សុខា ដោយគោរពកាតព្វកិច្ចចំណុច ខ នៃសេចក្តីសម្រេចរបស់តុលាការ មិនមែនជាការដើរចេញពីបន្ទាត់ក្រហមអ្វីឡើយ ៕
ចែករំលែកព័តមាននេះ