ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​នាំ​គ្នា​និយម​ត​សំយាបផ្ទះ បោះបង់​ការ​ដាំ​ដើមឈើ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សព្វ​ថ្ងៃនេះ​មិន​ថា​ទីក្រុង ឬ​តាម​បណ្តាល​ស្រុក​នានា​ទេ ប្រជាពលរដ្ឋ​កាន់តែ​និយម​កា​រត​សំយាបផ្ទះ​របស់​ខ្លួន ដើម្បី​បាន​ម្លប់ សោភ័ណ​ភាព និង​ការពារ​កុំ​ឲ្យ​ពុក​ជញ្ជាំង​ផ្ទះ​ជាដើម ហើយ​ពួក​គាត់​បោះបង់​ការ​ដាំ​ដើមឈើ​។ អ៊ុំ​ស្រី…

រាជធានី​ភ្នំពេញ ៖ សព្វ​ថ្ងៃនេះ​មិន​ថា​ទីក្រុង ឬ​តាម​បណ្តាល​ស្រុក​នានា​ទេ ប្រជាពលរដ្ឋ​កាន់តែ​និយម​កា​រត​សំយាបផ្ទះ​របស់​ខ្លួន ដើម្បី​បាន​ម្លប់ សោភ័ណ​ភាព និង​ការពារ​កុំ​ឲ្យ​ពុក​ជញ្ជាំង​ផ្ទះ​ជាដើម ហើយ​ពួក​គាត់​បោះបង់​ការ​ដាំ​ដើមឈើ​។ អ៊ុំ​ស្រី នឹម នាង រស់នៅ​ភូមិ​អង្គ​រុន ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ បាន​ឲ្យ​ដឹង​ថា ៖ គាត់​មាន​បងប្អូន​៥​នាក់ បាន​សាងសង់​ផ្ទះ​៥​ខ្នង ហើយ​ក៏​ត​សំយាប ជុំវិញ​ផ្ទះ ដើម្បី​ការពារ​ទឹកភ្លៀង​កុំ​ឲ្យ​សាច​ចូល​ជញ្ជាំង​ផ្ទះ និង​ម្យ៉ាង​វិញ​បាន​ម្លប់​គ្រាន់​ឲ្យ​កូន​ៗ អង្គុយ​លេង​។ ម្យ៉ាងវិញទៀត​ឃើញ​អ្នក​ក្នុងភូមិ​នាំ​គ្នា​ត​សំយាប​គាត់​ក៏​ត​នឹង​គេ​ដែរ តែ​គាត់​មិន​បាន កាប់​បំផ្លាញ​ដើមឈើ​នោះ​ទេ​សូ​ម្បី​តែ​មួយ​ដើម​។

សព្វ​ថ្ងៃនេះ​ក្នុងភូមិ​របស់​គាត់​មាន​ប្រជាពលរដ្ឋ ៨០​ភាគរយ​ដែល​នាំ​គ្នា​ត​សំយាប​នេះ​ក៏​ព្រោះតែ​បងប្អូន​មាន​សាច់ញាតិ​ទៅ​ធ្វើ​ចំណាកស្រុក​មាន​ជីវភាព​ធូរធា​ផង​ដែរ​។ លោក​អ៊ុំ ជុំ សំណាង អាយុ​ជាង​៦០​ឆ្នាំ រស់​ភូមិ​ពង្រ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ ដែល​អង្គុយ​មុខ​ផ្ទះ​ក្រោម​សំ​យ៉ាប​ផ្ទះ​របស់​គាត់​និយាយ​ឲ្យ​ដឹង​ថា ៖ ដោយសារ​តែ​ភ័យ​ខ្លាច​ដើមឈើ​រលំ សង្កត់​ផ្ទះ ទើប​គាត់​សម្រេចចិត្ត​ឲ្យ​ជាង​ត​សំយាបផ្ទះ ដើម្បី​បាន​ម្លប់ និង​កុំ​ឲ្យ​ពុក​ជញ្ជាំង​ផ្ទះ​។ ទន្ទឹម​នឹង​មាន​សំយាបផ្ទះ​ដែល​ការពារ​ពន្លឺ​ថ្ងៃ តែ​គាត់​ឆ្លៀត​ដាំ​ដើមឈើ​បន្ថែម​ផង​ដែរ ព្រោះថា​ដើមឈើ​ផ្ដល់​ទាំង​ម្លប់ អុក​ស៊ី​សែន ខ្យល់អាកាស​ល្អ និង​ជួយ​ទប់ទល់​ការ​ឡើង​កម្ដៅ អាកាសធាតុ​អាប់អួរ​ជាដើម​។

លោក​អ៊ុំ សំណាង រំលឹក​ថា ៖ ភូមិ​ឃុំ​ដែល​អ៊ុំ​រស់​សព្វថ្ងៃ​គឺជា​ភូមិ​ដាច់​ស្រយាល​កាលពីមុន​មិន​ថា សម័យ​សម្តេច​តា សម័យ​សាធារណៈ​ខ្មែរ សម័យ​ប៉ុ​ល​ពត ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង ដើរ​កាត់​ព្រៃ​លើ​ផ្លូវ​រទេះ​ដែល​សុទ្ធតែ​ខ្សាច់​។ ដើម្បី​ទៅ​ផ្សារ​តាកែវ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ២០​គីឡូម៉ែត្រ ព្រលឹម​ស្រាង​ៗ​ចេញពី​ភូមិ​លុះ​ល្ងាច​នាំ​គ្នា​មក​វិញ​ជិត​យប់​។ តែ​ពេល​នេះ​បងប្អូន ប្រជាពលរដ្ឋ​រស់​ឃុំ​ខ្វាវ​មាន​ជីវភាព​ធូរធារ​ហូត​ដល់​ពួក​គេ​មាន​លទ្ធភាព​ត​សំយាបផ្ទះ​ពេញ​មួយ​ឃុំ តែ​អ្វី​ដែល​គាត់​សោកស្តាយ​មាន​អ្នកខ្លះ​បែរ​កាប់​ដើមឈើ​ចោល​ជុំវិញ​ផ្ទះ​ដើម្បី​ត​សំយាប​។ គាត់​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​យល់​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ដើមឈើ​ផង​ដែរ​។

សមាជិក​ក្រុមប្រឹក្សា​ឃុំ​ខ្វាវ​មួយ​រូប​បាន​លើក​ឡើង ៖ ដើម្បី​ទទួលផល​ប្រយោជន៍​ដូច​ខាងលើ​នេះ ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ត្រូវ​ភ្លេច​ពីសារ​ប្រយោជន៍​របស់​ដើមឈើ​ដែល​ហុច​ផល​ច្រើន​ជាង​នេះនោះ​ទេ​។ លោក​ប្រាប់​ថា ទន្ទឹម​នឹង​មាន​សំយាបផ្ទះ​ដែល​ការពារ​ពន្លឺ​ថ្ងៃ តែ​គេ​គួរ​រក្សា និង​ឆ្លៀត​ដាំ​ដើមឈើ​បន្ថែម​ផង​ដែរ ព្រោះថា​ដើមឈើ​ផ្ដល់​ទាំង​ម្លប់ អុក​ស៊ី​សែន ខ្យល់អាកាស​ល្អ និង​ជួយ​ទប់ទល់​ការ​ឡើង​កម្ដៅ អាកាសធាតុ​អាប់អួរ​ជាដើម​។ ហើយ​ពួក​គេ​អាច​ជ្រើសរើស​ដាំ​ដើមឈើ​ហូប​ផ្លែ​នៅ​កៀក​ផ្ទះ ហើយ​ដាំ​ដើមឈើ​ធំ​ៗ​នៅ​ឆ្ងាយ​ពី​ផ្ទះ​បន្តិច ករណី​ដែល​គេ​ខ្លាច​ដើមឈើ​ធំ​បាក់​រលំ​លើ​ផ្ទះ​។

លោក​ក៏​បាន​បញ្ជាក់​ថា ៖ រឿង​ទាំងនេះ គឺ​ទាមទារ​ការ​ផ្លាស់​ប្ដូរ​ឥរិយា​បទ​របស់​ប្រជាពលរដ្ឋ តាម​រយៈ​ការ​យល់​ដឹង ការ​លើកទឹកចិត្ត ហើយ​បើ​មាន​គម្រូ​របស់​អាជ្ញាធរ​ដែល​ដាំ​ដើមឈើ​ក្នុង​ទីធ្លា​សាធារណៈ​ក៏​រួមចំណែក​ផង​ដែរ​។ ឃុំ​ខ្វាវ មាន​ចម្ងាយ​ប្រមាណ​ជិ​២០​គីឡូម៉ែត្រ ពី​ទីរួមខេត្ត​តាកែវ​ធ្វើ​ដំណើរ​តាម បណ្តោយ​ផ្លូវជាតិ​លេខ​២ លុះដល់​ផ្សារ​ព្រៃ​សណ្តែក​បត់​ទៅ​ទិស​ខាងកើត ប្រមាណ​៨​គីឡូម៉ែត្រ នឹង​ដល់​សាលាឃុំ​ខ្វាវ​ព្រមទាំង​បានឃើញ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​នរណា​ក៏​គេ​ត​សំយាបផ្ទះ​ដែរ ៕ ដោយ ៖ ទុ​យ ប៊ុ​ន​រី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ