ខេត្តកំពង់ស្ពឺ ៖ មនុស្សចំនួន៦នាក់បានត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីការដ្ឋានបំផ្ទុះថ្មមួយកន្លែងត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាពវាយកម្ទេចសោ ហើយលួចយកគីបបំផ្ទុះថ្មអស់ជិត១.០០០គ្រាប់ ។ ក្រោយពេលឃាត់ខ្លួន ក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនៅការិយាល័យសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្ត ព្រោះក្រុមជនសង្ស័យសុទ្ធសឹងជាកម្មករ និងសន្តិសុខយាមនៅការដ្ឋានខាងលើ ។

យោងតាមប្រភពពីសមត្ថកិច្ចបានបង្ហាញថា ការបានដឹងថាបាត់គីបបំផ្ទុះថ្មនេះ គឺកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ៨និង៣០នាទីព្រឹក នៅការដ្ឋានផលិតថ្មរបស់ក្រុមហ៊ុន
ទ្រីភាព គ្រុប ចំណុចភ្នំតាចាន់ ស្ថិតក្នុងភូមិស្រែព្រីង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ។ ក្រោយពីដឹងថាបាត់គីបបំផ្ទុះភ្លាម អ្នកគ្រប់គ្រងការដ្ឋានបានប្តឹងទៅសមត្តកិច្ចថា មានជនសង្ស័យធ្វើសកម្មភាពវាយកម្ទេចសោទ្វារឃ្លាំងដែលធ្វើពីទូកុងតឺន័រ លួចយកគីបបំផ្ទុះបំបែកថ្មអស់ចំនួន៩៨៦គ្រាប់ និងខ្សែភ្លើងប្រវែង២២៥ម៉ែត្រ ។

នៅពេលទទួលបានព័ត៌មាននេះ កម្លាំងនគរបាលស្រុកបរសេដ្ឋ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដឹកនាំផ្ទាល់ដោយឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបានជាតិ រួមទាំងប្រធាននាយកដ្ឋានទទួលបន្ទុកគ្រប់គ្រងសារធាតុផ្ទុះ លោកស្នងការរងនគរបាលខេត្តទទួលផែនសន្តិសុខ និងលោកស្នងការរងគ្រប់គ្រងអាវុធជាតិផ្ទុះ ។
ប្រភពព័ត៌មានឲ្យដឹងទៀតថា ក្រោយពីធ្វើការស្រាវជ្រាវនិងសាកសួររួចមក នៅថ្ងៃទី៣ ខែកក្កដា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៦នាក់មាន ៖
១-ឈ្មោះ តុំ សៅ ភេទប្រុស អាយុ៣៥ឆ្នាំ
២-ឈ្មោះ វី វណ្ណៈ ភេទប្រុស អាយុ៣៣ឆ្នាំ
៣-ឈ្មោះ ឈួន ពិសិដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ
៤-ឈ្មោះ សុខ សារ៉េត ភេទប្រុស អាយុ២៧ឆ្នាំ ។

ទាំង៤នាក់រស់នៅភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាកម្មករផ្នែកបំផ្ទុះថ្ម ។ ចំណែក២នាក់ទៀតជាសន្តិសុខយាមការដ្ឋាន ៖
៥-ឈ្មោះ គុយ ហ៊ា ភេទប្រុស អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅភូមិទ្រា ឃុំស្វាយជ្រំ ស្រុកមេសាង ខេត្តព្រៃវែង និង៦-ឈ្មោះ ចាន់ វឿន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិសង្កែលាក់ ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ