រាជធានីភ្នំពេញ ៖ ភិក្ខុលួន សុវ៉ាត ដែលរងការចោទប្រកាន់ថាមានទំនាក់ទំនងផ្លូវភេទជាមួយស្ត្រីជា
ម្តាយកូន នៅខេត្តសៀមរាប បាននិមន្តដល់ប្រទេសស្វីសហើយកាលពីយប់ថ្ងៃទី៣កក្កដា បន្ទាប់ពីព្រះអង្គបានភៀសព្រះកាយទៅស្នាក់នៅប្រទេសថៃមួយរយៈគេចពីការសម្រេចឲ្យសឹករបស់សមត្ថកិច្ចសង្ឃខេត្តសៀមរាបនោះ។ នេះបើតាមការបង្ហោះរបស់ព្រះអង្គតាមបណ្តាញសង្គម ។

ថេរសភាសង្ឃខេត្តសៀមរាប កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ បានសម្រេចឲ្យផ្សឹក ភិក្ខុលួន សុវ៉ាត សកម្មជនសិទ្ធិមនុស្ស បន្ទាប់ពីបានពិនិត្យលើការបែកធ្លាយខ្សែអាត់សំឡេងដែលព្រះសង្ឃអង្គនេះ បានសន្ទនាជាមួយស្ត្រីជាម្តាយនិងកូនៗ នៃគ្រួសារមួយ នៅក្នុងខេត្តសៀមរាប ពីបញ្ហាសេ្នហានិងការរួមភេទ។ គណៈនាយកសង្ឃខេត្តសៀមរាបបានចោទថាតាមរយៈខ្សែអាត់នោះ ជាទង្វើខុសទៅនឹងវិន័យព្រះសង្ឃ ដែលមានចែងក្នុងសិក្ខាបទត្រង់អាបត្តិបរាជិក(សេពមេថុនធម្ម)ភិក្ខុអង្គណាបានប្រព្រឹត្តធ្វើឲ្យកន្លង ត្រូវតែចាកចេញពីភិក្ខុភាវៈជាអ្នកបួស។

ភិក្ខុលួន សុវ៉ាត ធ្លាប់ចេញមុខបកស្រាយតាមហ្វេសប៊ុកថាការចោទប្រកាន់នោះជាការមិនពិត ហើយគេមានបំណង«ធ្វើស៊ី»ព្រះអង្គ។ ព្រះសង្ឃដែលជាសកម្មជនសិទ្ធិមនុស្សនិងបរិស្ថានអង្គធ្លាប់ទទួលបានពាន់រង្វាន់ជាអន្តរជាតិផងនោះ បានលើកឡើងថាសំឡេងក្នុងខ្សែអាត់នោះត្រូវបានគេយកទៅកាត់តពីរឿងធម្មតាទៅជារឿងផ្សេងដើម្បីចោទប្រកាន់ព្រះអង្គ។ ព្រះតេជព្រះគុណ ថែមទាំងចោទការប្រកាន់ថា ការចោទប្រកាន់ព្រះអង្គនោះជារឿងនយោបាយទៀតផង៕


ចែករំលែកព័តមាននេះ