រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យ២នាក់ធ្វើសកម្មភាពគាស់ផ្ទះមួយកន្លែងលួចយកម៉ូតូ២គ្រឿង ខណៈម្ចាស់ផ្ទះមិននៅជាប់រវល់ទៅខេត្តតាកែវ បន្ទាប់មកលួចម៉ូតូរួចក៏ជិះគេចខ្លួនចេញពីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តកំពង់ឆ្នាំង ដោយពុំដឹងថា ម៉ូតូទាំង២គ្រឿងនោះមាន១គ្រឿងភ្ជាប់ប្រព័ន្ធតាមដាន GPS នោះឡើយ។ លុះក្រោយមកម្ចាស់ម៉ូតូប្ដឹងនគរបាលខណ្ឌដង្កោ និងនគរបាលប៉ុស្តិ៍ព្រៃស ឲ្យជួយអន្តរាគមន៍ ហើយលោកអធិការនគរបាលខណ្ឌ ធ្វើការស្រាវជ្រាវតាមប្រព័ន្ធ GPS នោះ រហូតកំណត់បានទិសដៅដែលជនសង្ស័យទាំង២នាក់កំពុងគេចខ្លួន។

សេចក្តីរាយការណ៍បន្តថា ខណៈនោះក៏បានដេញតាម និងសហការជាមួយនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួន ព្រមទាំងដកហូតយកម៉ូតូប្រគល់ជនរងគ្រោះវិញផងដែរ។ ការចាប់ខ្លួននេះ ធ្វើឡើងកាលពីម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខសាលាខេត្តកំពង់ឆ្នាំង ស្ថិតក្នុងភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យទាំង២នាក់នាក់ខាងលើ ម្នាក់ឈ្មោះ ព្រីង រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងបាញ់ថ្នាំម៉ូតូ មានទីលំនៅផ្ទះ៤៩ ផ្លូវ២៦១ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក និងម្នាក់ទៀតឈ្មោះ រិន គន្ធារ័ក្ស ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ១៩ ផ្លូវលំ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ក្រោយពេលចាប់ខ្លួនជនសង្ស័យទាំង២នាក់ ក្រៅពីការដកហូតម៉ូតូដែលលួចបានហើយ នគរបាលក៏បានដកហូតទួនណាវីស១, អាវខ្មៅដៃវែងជាប់មួក១, ទូរស័ព្ទដៃ២គ្រឿង និងកាបូបចំនួន១ផងដែរ។ ចំណែកម៉ូតូដែលជនសង្ស័យគាស់ផ្ទះចូលលួចយកបាននោះ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FN-9874 ដែលមានភ្ជាប់ប្រព័ន្ធតាមដាន GPS រីឯ១គ្រឿងទៀតម៉ាក Honda Zoomer-X ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GB-5331 ដែលជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះ អេង វណ្ណឆាវ អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឆ្នោតខ្មែរ មានទីលំនៅផ្ទះលេខ១១៤ ផ្លូវលេខ២០ បុរីពិភពថ្មី ក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ ។

នគរបាលបានប្រាប់ថា មុនកើតហេតុ កាលពីម៉ោង៤ល្ងាចថ្ងៃទី០១ ខែកក្កដា បុរសរងគ្រោះបានទុកម៉ូតូចំនួន៣គ្រឿង រួមមានម៉ូតូទាំង២គ្រឿងខាងលើ និងម៉ូតូ១គ្រឿងទៀត ម៉ាក Honda CD ពណ៌ខ្មៅ (ម៉ូតូចាស់) នៅក្នុងផ្ទះ ដោយបានបិទទ្វារចាក់សោរត្រឹមត្រូវ។ បន្ទាប់មកគាត់បាននាំក្រុមគ្រួសារធ្វើដំណើរចាកចេញទៅលេងខេត្តតាកែវ ហើយពុំមានអ្នកណានៅចាំផ្ទះឲ្យឡើយ លុះរហូតដល់ម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ទើបចាកចេញពីខេត្តតាកែវ ត្រឡប់មកផ្ទះវិញ ។

នគរបាលបន្តថា ខណៈនោះស្រាប់តែឃើញទ្វារផ្ទះចំហរ និងមានការមួលវីសដោះកញ្ចក់ទ្វារចេញអស់១ផ្ទាំង ហើយក៏ប្រទះឃើញថា ម៉ូតូម៉ាក Honda CD ពណ៌ខ្មៅ (ម៉ូតូចាស់) ទុកចោលនៅខាងមុខផ្ទះ។
ប្រភពដដែលបន្តថា បន្ទាប់មកជនរងគ្រោះ ក៏បានដើរចូលទៅមើលនៅក្នុងផ្ទះឃើញមានការរើកកាយអីវ៉ាន់នៅក្នុងផ្ទះរប៉ាត់រប៉ាយ ហើយក៏បាត់ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច និងម៉ូតូម៉ាកH onda Zoomer-X មិនឃើញឡើយ ទើបគាត់ទៅប្ដឹងនគរបាលប៉ុស្តិ៍ព្រៃស និងនគរបាលខណ្ឌដង្កោ ដើម្បីឲ្យជួយអន្តរាគមន៍តែម្តង ។

ភ្លាមៗនោះលោកអធិការនគរបាលខណ្ឌដង្កោ ក៏ដឹកនាំកម្លាំងចេញធ្វើការស្រាវជ្រាវតាមរយៈប្រព័ន្ធតាមដាន GPS ដែលមានភ្ជាប់នៅម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ។ ពេលនោះបានដឹងពីទិសដៅដែលជនសង្ស័យទាំង២នាក់កំពុងជិះគេចខ្លួនតាមផ្លូវជាតិលេខ៥ ចេញពីភ្នំពេញឆ្ពោះទៅកាន់ខេត្តកំពង់ឆ្នាំង ហើយកម្លាំងក៏បានដេញតាម និងសុំការសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងផងដែរ។
ប្រភពខាងលើបញ្ជាក់បន្ថែមថា ក្រោយពេលដេញតាមទៅដល់ត្រង់ចំណុចខាងមុខសាលាខេត្តកំពង់ឆ្នាំង ស្ថិតក្នុងភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ក៏បានប្រទះឃើញជនសង្ស័យទាំង២នាក់កំពុងជិះម៉ូតូដែលលួចបាននោះ ទើបកម្លាំងទាំងអស់ឡោមព័ទ្ធចាប់ខ្លួនបានភ្លាមៗតែម្តង ព្រមទាំងដកហូតម៉ូតូទាំង២គ្រឿងនោះមកវិញ។

បន្ទាប់មកជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបាននាំយកត្រឡប់មកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោវិញ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ចំណែកជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងចោទប្រកាន់ទៅលើជនសង្ស័យនោះហើយដែរ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ