ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងភូមិកូនសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដែលជាប់សង្ស័យប្រើកាំភ្លើងច្នៃបាញ់ទៅលើអ្នកភូមិម្នាក់ បណ្ដាលឱ្យរងរបួសក្បាល។
បើតាមអធិការក្រុងបាត់ដំបង លោក ឆាង វណ្ណឆៃ បានប្រាប់ថា កម្លាំងរបស់លោកបានធ្វើការឃាត់ខ្លួនជនសង្ស័យ គឺធ្វើឡើងក្រោយពីទទួលពាក្យបណ្ដឹងជនរងគ្រោះ ឈ្មោះ សៀន វុទ្ធី ភេទប្រុស អាយុ៥១ឆ្នាំ នៅភូមិកូនសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។ ដោយជនរងគ្រោះបានចោទជនសង្ស័យថា បានប្រើប្រាស់កាំភ្លើងច្នៃ (កាំភ្លើងខ្យល់) លបបាញ់គាត់កាលពីម៉ោងជាង១០យប់ ថ្ងៃទី០៣ កក្កដា ត្រូវចំក្បាល បណ្ដាលឱ្យរបួសឈាមជោកខ្លួន។

លោកអធិការបានបញ្ជាក់ថា ក្រោយទទួលបណ្ដឹងនៅថ្ងៃដដែលនេះ ទើបកម្លាំងជំនាញចុះទៅឃាត់ខ្លួនសង្ស័យឈ្នោះ មឿត សាមឿន ភេទប្រុស អាយុ៣០ឆ្នាំ ដល់ផ្ទះ ដែលស្ថិតនៅភូមិ-សង្កាត់ខាងលើ ។ ជាមួយនឹងការឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់កាំភ្លើងច្នៃបាញ់ទៅលើអ្នកភូមិម្នាក់ឈ្មោះ សៀន វុទ្ធី ពិតប្រាកដមែន។
ជនសង្ស័យរូបនេះបានប្រាប់សមត្ថកិច្ចថា ខ្លួនធ្លាប់មានជម្លោះជាមួយជនរងគ្រោះនាពេលកន្លងមក ទើបធ្វើឲ្យមានគំនុំនៅក្នុងខ្លួនជាប់រហូតឈានដល់ខ្លួនទ្រាំមិនបាន ក៏ទាញកាំភ្លើងខ្យល់លបបាញ់ក្បាលជនរងគ្រោះតែម្ដង។

លោក ឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបង បានថ្លែងថា ខ្មាន់កាំភ្លើងច្នៃនេះ បានលបបាញ់ជនរងគ្រោះ ដើម្បីសងសឹករំសាយគំនុំចាស់។ រីឯជនរងគ្រោះរងរបួសចំក្បាល ហើយបច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ ដោយឡែកជនដៃដល់ ត្រូវមន្ត្រីជំនាញរបស់លោកកំពុងសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ