ភ្នំពេញ ៖ កិច្ចប្រជុំកំពូល ASEM ដែលគ្រោងធ្វើនៅថ្ងៃទី១៦ និង១៧ ខែវិច្ឆិកាខាងមុខនេះ ត្រូវបានប្រកាសពន្យាពេលទៅធ្វើនៅពាក់កណ្តាលឆ្នាំ២០២១ វិញ ដោយសារការរំខានដោយកូវីដ១៩ ។ នេះបើតាមសេក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិ្កការអន្តរជាតិ នៅយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០នេះ ។

យោងតាមសេចក្តីប្រកាសព័ត៌មាននោះបានអោយដឹងថា ការប្រកាសពន្យារពេលនេះបានធ្វើឡើងបន្ទាប់ពីមានការស្នើសុំរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំឧត្តមមន្ត្រី ASEM13 ក្រោមអធិបតីភាពលោក សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល និងជាឧត្តមមន្ត្រីកម្ពុជាទទួលបន្ទុកកិច្ចការអាស៊ី-អឺរ៉ុប ព្រមទាំងមានការចូលរួមពីឧត្តមមន្ត្រីនៃបណ្តាប្រទេសជាដៃគូ ASEM ទាំងអស់ផងដែរ ។ កិច្ចប្រជុំនេះបានធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២-៣ ខែកក្កដា ឆ្នាំ២០២០នេះ ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានបញ្ជាក់យ៉ាងដូច្នេះថា ៖ «ដោយសារតែផលវិបាកអាក្រក់នៃការរីករាលដាលជំងឺកូវីដ១៩ ឧត្តមមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី-អឺរ៉ុប ទាំងអស់ បានបង្ហាញការឯកភាពប្រកបដោយស្មារតីយោគយល់ និងគាំទ្រជាឯកច្ឆន្ទចំពោះសំណើរបស់កម្ពុជា សុំលើកពេលកិច្ចប្រជុំកំពូល ASEM13 នេះ ទៅប្រព្រឹត្តនៅពាក់កណ្តាល ឆ្នាំ២០២១វិញ» ។
កម្ពុជាបានចាត់ទុកការរៀបចំកិច្ចប្រជុំកំពូល ASEM ជាកិច្ចប្រជុំដ៏សំខាន់បំផុតមួយសម្រាប់កម្ពុជាបង្ហាញខ្លួននៅលើឆាកអន្តរជាតិ ។ កម្ពុជាបានប្តេជ្ញាចិត្តនៅក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ ៕
ចែករំលែកព័តមាននេះ