រាជធានីភ្នំពេញ ៖ ព្រលានយន្តហោះភ្នំពេញថ្មី វិនិយោគក្នុងទឹកប្រាកប្រមាណ១៥០០លានដុល្លារ ដែលជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីបបាន ។ ដោយធ្វើការចុះហត្ថលេខាលើផែនការនេះ នារសៀលថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តម សេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល បានចុះហត្ថលេខាលើផែនការមេសាងសង់ចុងក្រោយនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកឧកញ៉ា ពុង ឃាងសែ ដែលមានទីតាំងស្ថិតនៅក្នុង ស្រុកកណ្តាលស្ទឹង ស្រុកស្អាងខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ ។ នេះបើយោងតាមទទូរទស្សន៍ជាតិកម្ពុជាចេញផ្សាយនាថ្ងៃទី០៤ ខែកក្កដានេះ ។

គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថាបនាលើដីទំហំ ប្រមាណ ២ ៦០០ ហិកតា មានបណ្តោយ ប្រមាណ ៦ គីឡូម៉ែត្រ និងទទឹងប្រមាណ ៤ គីឡូម៉ែត្រ ។ ដំណើការនៃការសាងសង់ព្រលានយានដ្ឋាន អន្តរជាតិភ្នំពេញថ្មីនេះថាអាចនឹងរួចរាល់នៅឆ្នាំ២០២៣ខាងមុខនេះ ។សមត្ថភាពអាកាសយានដ្ឋានបន្ទាប់ពីសាងសង់រួច ៖

- ឆ្នាំ ២០២៣ ទទួលអ្នកដំណើរ ១៣ លាននាក់
- ឆ្នាំ២០៣០ ទទួលអ្នកដំណើរ ៣០ លាននាក់
- ឆ្នាំ២០៥០ ទទួលអ្នកដំណើរ ៥០ លាននាក់

សូមបញ្ជាក់ ៖ ព្រលានយន្តហោះថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ១៥០០លានដុល្លារ ដែលជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតា អភិវឌ្ឍន៍ជាព្រលានយន្ត ហោះថ្មីនេះឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី៕
ចែករំលែកព័តមាននេះ