ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ធ្វើការស្រាវជ្រាវ ហើយឃាត់ខ្លួនបាននៅថ្ងៃទី៣ កក្កដា ដោយនាំមកស្នងការដ្ឋាននគរបាលខេត្តដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីបុរសសង្ស័យរូបនេះ បានយករូបថតអាក្រាតកាយរបស់ស្រីស្នេហ៍ដែលបានឡើងឋានសួគ៌ជាមួយគ្នានៅក្នុងផ្ទះសំណាក់នោះ ទៅចែកចាយបរិហារកេរ្ដិ៍ជាសាធារណៈ ដោយសារតែបុរសសង្ស័យរូបនេះ ខឹងស្រីស្នេហ៍ផ្ដាច់ទំនាក់ទំនងស្នេហា ។
សូមរំលឹកថា ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី១២ ឧសភា ឆ្នាំ២០២០ កន្លងមក នៅចំណុចភូមិពាមប្រជុំ សង្កាត់ព្រែកអំបិល ស្រុកស្អាង ខេត្ដកណ្ដាល ។ លោកវរសេនីយ៌ ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ៖ជនសង្ស័យឈ្មោះ ង៉ែត សុផាត អាយុ៣៦ឆ្នាំ មានទីលំនៅភូមិតាញព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្ដកំពត មុខរបរកម្មករសំណង់ ។ ដោយឡែក នារីរងគ្រោះមានអាយុ៣២ឆ្នាំ មានទីលំនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្ដកណ្ដាល ។ វត្ថុតាងដកហូតបានមាន ទូរស័ព្ទ១គ្រឿង ម៉ាកOPPO ពណ៌ខ្មៅ ។
លោកបានបន្តថា កន្លងមកនារីរងគ្រោះ និងជនសង្ស័យបានស្គាល់គ្នាតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ដោយជនសង្ស័យប្រើប្រាស់អាក់ខោនហ្វេសប៊ុកឈ្មោះ Punleu Meas រហូតមានទំនាក់ទំនងជាស្នេហាជាមួយគ្នា រហូតដល់ថ្ងៃទី ១៦ កុម្ភៈ ២០២០ វេលាម៉ោង១០និង០០នាទី នារីរងគ្រោះបានណាត់ជាមួយជនសង្ស័យតាមហ្វេសប៊ុក ដើម្បីមកផ្ទះសំណាក់ម្តុំផ្សារដើមគ(មិនចាំយីហោ) និងបានដេកនៅជាមួយគ្នារហូតដល់ម៉ោង៥ ហើយខណៈដែលដេកជាមួយគ្នានោះ ជនសង្ស័យបានលួចថតសកម្មភាពរបស់ខ្លួន និងនារីរងគ្រោះក្នុងសភាពអាក្រាតកាយទុកក្នុងទូរស័ព្ទដៃរបស់ខ្លួន ។រហូតមកដល់ថ្ងៃទី៦ ខែមេសាឆ្នាំ២០២០ ដោយសារតែជនសង្ស័យឈ្មោះង៉ែត សូផាត បានប្រើពាក្យសម្តីមាក់ងាយដល់នារីរងគ្រោះ ទើបនាងព្យាយាមផ្តាច់ទំនាក់ទំនងស្នេហា និងបានប្លុកលេខទូរស័ព្ទ ព្រមទាំងអាក់ខោនហ្វេសប៊ុកដែលធ្លាប់លេងជាមួយគ្នានោះក៏ប្លុកចោលដែរ។
ចាប់តាំងពីបែកបាក់ជាមួយស្រីស្នេហ៍មក មកដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ជនសង្ស័យ បានឆាតរូបអាក្រាតកាយរបស់នារីរងគ្រោះនោះចូលក្នុងអាក់ខោនហ្វេសប៊ុករបស់ក្មួយប្រុសនារីរងគ្រោះនិងមិត្តភក្តិមួយចំនួនផ្សេងទៀត ដោយប្រើពាក្យប្រមាថមើលងាយទៅលើនារីរងគ្រោះទៀតផង រហូតបែកធ្លាយដល់នារីរងគ្រោះដឹងថា ជនសង្ស័យចែកចាយរូបអាក្រាតកាយរបស់ខ្លួន ក៏ដាក់ពាក្យបណ្ដឹង ប្តឹងទៅនគរបាលជំនាញខេត្តកណ្ដាល បានចុះមកធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនជនសង្ស័យបាន រួចយកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា៖ «ខ្លួនពិតជាបានលួចថតរូបអាសអាភាស ពេលដេកជាមួយជនរងគ្រោះ និងផ្ញើរូបភាព និងសារជាសំឡេងបរិហារកេរ្ដិ៍ ទៅឲ្យបងប្អូន មិត្ដភក្តិជនរងគ្រោះបានឃើញប្រាកដមែន មូលហេតុដោយសារជនរងគ្រោះបានផ្ដាច់ទំនាក់ទំនងស្នេហាជាមួយខ្លួន» ៕



ចែករំលែកព័តមាននេះ