រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឲ្យដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៣ កក្កដា នេះ បានសម្រេចចេញដីកាឃុំខ្លួនទីប្រឹក្សាលោកធំម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទ.ឆបោក តាមរូបភាពលក់គំរោងសាងសង់ផ្លូវ ។

ជនសង្ស័យមានឈ្មោះ ប៉ែន នួន ភេទប្រុស អាយុ៤៧ឆ្នាំ ជាទីប្រឹក្សាអ្នកធំម្នាក់ មុខរបរ ជានាយកក្រុមហ៊ុនក្នុងស្រុកមួយ ដែលពីមុនមកគេស្គាល់គ្រប់គ្នាគាត់មានងាជាឧកញ៉ាម្នាក់ និងមានអាស័យដ្ឋាននៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យត្រូវបានកម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី២ ខែកក្កដា តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានមិនទាន់ជាផ្លូវការឲ្យដឹងថា (ឧកញ៉ា ប៉ែន នួន) មុនចាប់ខ្លួនគាត់ទទួលបានគំរោងសាងសង់ផ្លូវជាច្រើនខ្សែ ពីរាជរដ្ឋាភិបាល នៅខេត្តព្រៃវែង ហើយគំរោងនោះត្រូវបានលោកឧកញ៉ាយកទៅដាក់ដេញថ្លៃ ឲ្យក្រុមហ៊ុនផ្សេងទៀតដើម្បីស្ថាបនាបន្ត ។ ការដាក់ដេញថ្លៃនោះនៅដំណាក់កាលដំបូង ត្រូវបានលោកឧកញ៉ា ប្រមូលប្រាក់កក់ពីក្រុមហ៊ុនដែលដេញបាន បានប្រាក់រាប់សិបម៉ឹនដុល្លារ ស្រាប់តែគំរោងមានការជាប់គាំងមិនអាចដំណើរការទៅរួច (ហាក់ដូ ចជាគំរោងខ្យល់) ដូច្នោះទើបដើមបណ្តឹងទាំងឡាយនោះគេសុំទាមទារយកប្រាក់កក់វិញ ។

ពេលនោះ ជនសង្ស័យក៏បានសងប្រាក់ទៅគេបណ្តើរៗវិញដែរ គ្រាន់តែមិនទាន់គ្រប់ចំនួន នៅប្រមាណជាង១០ ម៉ឺនដុល្លារអាមេរិកទៀត ហើយលោកឧកញ៉ាចេះតែសន្យាខ្យល់ នឹងគេចវេសពីម្ចាស់បំណុល ជាហេតុធ្វើកើតមានការប្តឹងផ្តល់ រហូតមានដីកាតាមចាប់ខ្លួន និងឃុំខ្លួនលោកឧកញ៉ា ជាទីប្រឹក្សាលោកធំដ៏មហិមារយ៉ាងដូច្នេះទៅ ។
ព័ត៌មានលំអិត សូមរង់ចាំតាមដានលើទំព័រកាសែតកោះសន្តិភាព ។

ចែករំលែកព័តមាននេះ