ខេត្តត្បូងឃ្មុំ៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តបានឲ្យសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធនៅតាមច្រកព្រំប្រទល់ជាមួយនឹងប្រទេសវៀតណាម ត្រូវយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសឆ្លងដែនដោយខុសច្បាប់ ។ ផ្ទុយទៅវិញ នៅច្រកចាន់មូល ស្រុកមេមត់ នាថ្ងៃទី៣ កក្កដា គេឃើញរថយន្តចំនួន២គ្រឿងបានដឹកដើមច័ន្ទគិរី មានមុខកាត់ធំៗតាមរថយន្ត ដើម្បីត្រៀមចេញទៅកាន់ប្រទេសវៀតណាម ដោយមិនមានការទប់ស្កាត់នោះទេ។

បើយោងតាមប្រភពពីរក្រុមអ្នកសារព័ត៌មានទទួលបានឲ្យដឹងថា មួយរយៈពេលនេះ ក្នុងគ្រាដែលប្រទេសកម្ពុជានិងវៀតណាម ត្រូវរឹតបន្តឹងតាមច្រកព្រំដែនដើម្បីទប់ស្កាត់ជំងឺ covid ជាសុវត្ថិភាពរបស់ប្រទេសទាំងសង្ខាង។ ដោយឃើញឱកាសស្ងាត់បែបនេះ ក្រុមឈ្មួញមុខដដែលៗ បានប្រមូលទិញដើមច័ន្ទគីរី ពីតាមបណ្ដាខេត្តនានាក្នុងប្រទេស កំពុងជាដែលមានមុខកាត់ធំៗប្រមូលមកស្កុបទុកនៅក្បែរច្រកព្រំដែន មានឱកាសហុចឲ្យនិងដឹកចេញទៅកាន់ប្រទេសវៀតណាម។
លោកហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសា ទខេត្តត្បូងឃ្មុំ បានប្រាប់តាមទូរស័ព្ទឲ្យដឹងនៅរសៀលថ្ងៃទី ៣កក្កដាថា ចំពោះរថយន្តដឹកដើមច័នគិរីខាងលើនោះសូមឱ្យទំនាក់ទំនងទៅកាន់ប្រធានច្រកច័ន្ទមូល ដើម្បីមានវិធាន ការទប់ស្កាត់។

លោកឡូត ប្រធានច្រកច័ន្ទមូល បានប្រាប់ឲ្យដឹងតាមទូរស័ព្ទថា សម្រាប់ឈើប្រភេទនេះជាគោលការណ៍ណែនាំរបស់អាជ្ញាធរខេត្តគឺប្រជា ពលរដ្ឋអាចទិញលក់ធ្វើការកែច្នៃប្រើប្រាស់បានតែនៅក្នុងស្រុកតែប៉ុណ្ណោះ។កន្លងមកប្រជាពលរដ្ឋបាននាំគ្នាដឹកអុសមែកឈើតូចៗ ចេញទៅកាន់ប្រទេសវៀតណាម គឺមានការយោគយល់និងអធ្យាស្រ័យឱ្យតែបើប្រភេទឈើក្នុងស្រុកដូចខាងលើនេះ គឺមិនអនុញ្ញាតឱ្យចេញនោះទេ។ចំពោះដើមចាន់គីរីជារបស់អ្នកស្រុកឈ្មោះម៉ុនរស់នៅស្រុកមេមត់នេះ បានប្រមូលទិញពីដីចំការរបស់ប្រជាពលរដ្ឋ ដោយបានទិញស្តុកទុករយៈពេលជាង១ខែដោយសារតែមានការផ្ទុះឡើងជំងឺកូវីដ ច័ន្ទគីរី មិនបានដឹកចេញទៅវៀតណាម នោះទេមកដល់ពេលនេះ ម្ចាស់គេបានប្រមូលលើកដាក់ដឹកតាមរថយន្តដែលមើលទៅជាលក្ខណៈទ្រង់ទ្រាយធំ ហើយអនុញ្ញាតឲ្យចេញតែ១ជើងនេះទេតែលើកក្រោយមិនអនុញ្ញាតឱ្យចេញនោះឡើយ។
បុរសឈ្មោះម៉ុន ដែលអះអាងជាម្ចាស់ដើមច័ន្ទគិរីទាំងនេះបានប្រាប់ថា គាត់បានប្រមូលទិញពីប្រជាពលរដ្ឋនៅតាមបណ្ដាឃុំមួយចំនួនក្នុងស្រុកមេមត់ ហើយពេលដែលទិញនោះគឺមានសរសេរលិខិតស្នាមទិញលក់ត្រឹមត្រូវ ដែលអាចធ្វើអាជីវកម្មបានតែក្នុងស្រុក។ហើយបើបានដឹកចេញយកទៅលក់នៅប្រទេសវៀតណាមក្នុងមួយជើងអាចចំណេញបានប្រមាណជា១លានរៀល។ឈ្មួញត្អូញថា មួយរយៈដោយជំងឺcovid សឹងដាច់បាយផងដែរ។

លោកប៉ែន សុលីណា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំបានឲ្យដឹងដែរថាចំពោះប្រភេទឈើច័ន្ទគីរីនេះគឺអាចលក់ដូរបានតែក្នុងស្រុកប្រសិនបើនាំចេញទៅលក់នៅក្រៅប្រទេសលុះត្រាតែមានឡាយសិន (ច្បាប់នាំចេញ) ទើបនាំចេញទៅបាន។
លោកបណ្ឌិតជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តបានមាន ប្រសាសន៍លើកឡើងនៅក្នុងឱកាសពិធីបំពាក់ឋានន្តរសក្កិជូនដល់មន្ត្រីនគរបាលនៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នាពេលកន្លងទៅថ្មីៗ បានលើកឡើងដោយឲ្យសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធនៅតាមច្រកព្រំដែនជាប់ជា មួយនឹងប្រទេសវៀតណាមត្រូវតែយកចិត្តទុកដាក់ទប់ ស្កាត់បង្ក្រាបបទល្មើសឆ្លងដែនដោយខុសច្បាប់ នឹងត្រូវសាម គ្គីគ្នាជាមួយប្រទេសជិតខាងភូមិផងរបងជាមួយឲ្យបានល្អប្រសើរ៕
ចែករំលែកព័តមាននេះ