រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអនុញ្ញាតឱ្យបើកឡើងវិញនៅអាជីវកម្មក្លិបកម្សាន្ត និង KTV និងបណ្តាកាស៊ីណូនៅភ្នំពេញ(ណាហ្គាវើល) ប៉ុន្តែត្រូវគោរពឱ្យបានម៉ឺងម៉ាត់ នូវវិធាននៃក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នូវការរីករាលដាល នៃជំងឺ កូវីដ-១ ៩ នេះបើយោងតាមលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០នេះ ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា រាជរដ្ឋាភិបាលអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវអាជីវកម្មក្លិបកម្សាន្ត និង KTV នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តប្រែក្លាយ ទៅជាភោជនីយដ្ឋាន ដើម្បីចូលរួមសកម្មភាព សេដ្ឋកិច្ច និងផ្ដល់ការងារឡើងវិញ ប៉ុន្តែត្រូវគោរព ឱ្យបានម៉ឺងម៉ាត់នូវវិធាននៃក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១ ៩

ចំណែកការបណ្តាកាស៊ីណូនៅភ្នំពេញ (ណាហ្គាវើល) ខេត្តព្រះសីហនុ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមតំបន់ព្រំដែន និងទីតាំងផ្សេងទៀត ដោយឱ្យម្ចាស់កាស៊ីណូ ត្រូវចុះកិច្ចព្រមព្រៀង ឬអនុស្សរណៈជាមួយក្រសួងសុខាភិបាល (ឬមន្ទីរសុខាភិបាល) លើការអនុវត្តតាម វិធានរបស់ក្រសួងសុខាភិបាល ដើម្បីផ្តល់ការងារឱ្យបុគ្គលិកដែលបានបាត់បង់ការងារមួយរយៈកន្លងមក និងជាការជួយឱ្យសេដ្ឋកិច្ចងើបឡើងវិញផងដែរ ៕




ចែករំលែកព័តមាននេះ