សិស្សសាលាត្រូវត្រៀមខ្លួន ព្រោះក្រសួងអប់រំជិតឲ្យបើកសាលាវិញហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សិស្សសាលាទាំងអស់ត្រូវត្រៀមខ្លួនចូលរៀនវិញ បន្ទាប់ពីពួកគេបានឈប់សម្រាក ជាច្រើនខែកន្លងមក ដោយសារកូវីដ-១៩។ បើមិនមានអ្វីប្រែប្រួលទេ ការបើកសាលារៀននឹងត្រូវធ្វើ ជាជំហានៗ យ៉ាងប្រុងប្រយ័ត្ន ដើម្បីចៀសវាងការឆ្លងកូវីដ-១៩ ដោយដំណាក់កាលទីមួយ នឹងចាប់ផ្តើមនៅខែសីហា ចំពោះសាលារៀនអន្តរជាតិចំនួន១៥។ ការបើកដំណើរសាលារៀនឡើងវិញ ក្រសួងអប់រំនឹងអនុវត្តជាបីដំណាក់កាលគឺ៖
ដំណាក់ទី១ សាលារៀនដែលមានស្តង់ដាសុវត្ថិភាពកម្រិត ខ្ពស់ បន្ទាប់មកគឺសាលារៀនដែលមានកម្រិតសុវត្ថិភាពស្តង់ដាមធ្យម ហើយដំណាក់កាលទី៣ សាលារៀនមានស្តង់ដាសុវត្ថិភាពធម្មតា។ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា ៖ នៅពេលនេះក្រសួងអប់រំបានកំពុងពិភាក្សាយ៉ាងលម្អិតជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បី ពិនិត្យមើលលើសុខុមាលភាពសង្គម និងសេដ្ឋកិច្ចដើម្បីឈានទៅបើកសាលាជាបីដំណាក់កាលខាងលើ។ លោកថា ក្រសួងនឹងជូនដំណឹង ដល់សាធារណជន បានដឹងពីកាលបរិច្ឆេទបើកសាលារៀននៅក្នុង ដំណាក់កាលទី១ នោះនៅក្នុងពេលខាងមុខនេះ។
ការបើកសាលាជាដំណាក់កាលបន្តបន្ទាប់អាស្រ័យលើ លទ្ធផលនៃដំណាក់កាលទី១។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា នៅព្រឹកនេះដែរថា ក្រសួងសុខាភិបាល និងក្រសួងអប់រំយុវជន និងកីឡាបានឯកភាពគ្នាអនុញ្ញាតឲ្យបើក សាលារៀនជាបណ្តើរៗឡើងវិញ នៅខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។ លោកស្រីបានលើកឡើង ប្រហែលនឹងមន្ត្រីក្រសួងអប់រំដែរ គឺថា ការបើកសាលារៀននោះនឹងធ្វើឡើងជាជំហាន។ ជំហានដំបូង ក្រសួងនឹងបើកសាកល្បងសាលាអន្តជាតិចំនួន១៥ ដែលមានស្តង់ដារខ្ពស់រួមមានសាលាភាសាជប៉ុន អង់គ្លេស អាមេរិកាំង និងបារាំង ជាមុនសិន ដែលមានសិស្សប្រមាណ ២ម៉ឺននាក់៕ ដោយ ៖ សហការី
ចែករំលែកព័តមាននេះ