ចុះបង្ក្រាបសិប្បកម្មលីងកាហ្វេមួយកន្លែងដែលនាំមានហានិភ័យខ្ពស់ដល់សុខភាព
- កណ្តាល
ខេត្តកណ្តាល ៖ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ វេលា១០និង១០នាទីព្រឹក ក្រុមមន្ត្រីក្នុងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដឹកនាំដោយឧត្តមសេនីយ៍ឯក កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចុះត្រួតពិនិត្យនិងបិទទីតាំងសិប្បកម្មលីងកាហ្វេនិងសណ្ដែកដ៏ស្មោគគ្រោកមួយយីហោថុន ណាត ដែលបង្កគ្រោះថ្នាក់ និងមានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ។

ការចុះត្រួតពិនិត្យឆែកឆេរទីតាំងសិប្បកម្មលីងកាហ្វេនិងសណ្ដែកខាងលើនេះស្ថិតនៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានម្ចាស់ឈ្មោះ ថុន ណាត ភេទស្រីអាយុ៣៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ក្នុងការត្រួតពិនិត្យរកឃើញមានគ្រាប់សណ្ដែកសៀងចំនួន៦០បាវ គ្រាប់កាហ្វេលេខ១ចំនួន៦បាវ គ្រាប់កាហ្វេលេខ២ចំនួន១០បាវ កាហ្វេលីងរួចចំនួន៦បាវ ម៉ាស៊ីនលាយប៊័រ១គ្រឿង ម៉ាស៊ីនលាយស្ករ១គ្រឿង កាហ្វេច្រកជាកញ្ចប់រួចចំនួន៣០កញ្ចប់ ប៊័រ មេក្លិនសម្រាប់លាយកាហ្វេចំនួន១២ធុង ទឹកត្រីចំនួន៣ប៊ីដុង ស្រាស១ប៊ីដុង កាហ្វេផលិតរួចចំនួន១៤កញ្ចប់(កាហ្វេខ្មែរធម្មជាតិ) ។

ក្រោយពិនិត្យរួចគណៈកម្មការចម្រុះរកឃើញមានកំហុសដូចខាងក្រោម មិនមានលើកស្លាកយីហោ មិនទាន់បានទៅចុះបញ្ជីផលិតផល (ចបផ) គ្មានវិញ្ញាបនប័ត្រត្រួតពិនិត្យគុណភាព នៅលើសម្បកវេចខ្ចប់កាហ្វេមិនមានដាក់អាស័យដ្ឋាន និងរបៀបប្រើប្រាស់ នៅលើសម្បកវេចខ្ចប់កាហ្វេ ដាក់កាហ្វេសុទ្ធ១០០% ចំណែកទីតាំងផលិតស្មោគគ្រោក ទីតាំងគ្មានអនាម័យ ។

លោក កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានប្រាប់ឱ្យដឹងថា មុននិងឈានដល់ការចុះត្រួតពិនិត្យ កម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវអស់រយៈពេលជាយូរថ្ងៃមកហើយ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ ។ លោកបានបន្តទៀតថា ចំពោះទីតាំងសិប្បកម្មលីងកាហ្វេនិងសណ្ដែកខាងលើនេះ បង្កផលប៉ះពាល់ដល់សុខភាពអ្នកផឹកច្រើនណាស់ ដោយម្ចាស់ទីតាំងផលិតនេះ បានលាយគ្រឿងផ្សំ ធ្វើឱ្យកាហ្វេឈ្ងុយ លាយទឹកស៊ីអុីវ ប៊័រ ទឹកស្ករcaramel មេក្លិនសម្រាប់លាយកាហ្វេ ល័ក្ខណ៍ពណ៌ ស្ករស អំបិល ទឹកត្រី ស្រាស ប៊ីចេង ទឹកដោះគោ និងសណ្ដែកសៀង ។

ដោយឡែកលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានឱ្យដឹងដែរថា ម្ចាស់ទីតាំងត្រូវបាននាំយកទៅសាកសួរ បើរកឃើញថាមានកំហុសពិតប្រាកដមែននិងចាត់ការតាមផ្លូវច្បាប់ដោយមិនលើកលែងឡើយ ។
ក្រុមអ្នកតាមដាននិយាយថា ចាំមើលចំណាត់ការនេះបន្តទៀត តើម្ចាស់ទីតាំងមានវាសនាបែបណាទៀត ក្រោយពេលឃើញកំហុស ៕























ចែករំលែកព័តមាននេះ