រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេច ស ខេង បានរំលឹកដល់អភិបាលខេត្ត-រាជធានី កុំភ្លេចកម្មវិធីបើកប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោមពីរឆ្នាំផង ខណៈពលរដ្ឋក្រីក្ររងគ្រោះដោយកូវីដ១៩ បាននឹងកំពុងទទួលបានប្រាក់ឧបត្ថម្ភនោះ ។

សម្រាប់កម្មវិធីឧបត្ថម្ភប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ គឺជាកម្មវិធីផ្សេងគ្នាពីការឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលដល់ពលរដ្ឋក្រីក្រ ដែលងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ។

ការបើប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ជាកម្មវិធីលើកកម្ពស់សុខុមាលភាពស្ត្រី និងកុមារ ក្នុងការជំរុញឲ្យស្ត្រីមានផ្ទៃពោះទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពពេលមានផ្ទៃពោះ ហើយនាំកូនតូចរបស់ខ្លួនទៅទទួលថ្នាំបង្ការតាមកម្មវិធីរបស់រដ្ឋឲ្យបានគ្រប់គ្នា ។

ដើម្បីជំរុញប្រសិទ្ធិភាពនេះសម្តេចក្រឡាហោម ស ខេង តាមរយៈលិខិតផ្ញើទៅថ្នាក់ដឹកនាំខេត្ត រាជធានីទូទាំងប្រទេសឲ្យបង្កើនកិច្ចសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការផ្សព្វផ្សាយអំពីកម្មឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោមពីរឆ្នាំឲ្យមានប្រសិទ្ធភាព ។ ត្រូវអនុវត្តការងារពិនិត្យ និងប្រមូលទិន្នន័យស្ត្រីមានផ្ទៃពោះ និងកុមារក្រោម២ឆ្នាំ ជាការងារអាទិភាព ដើម្បីផ្ទៀងផ្ទាត់លើគុណវឌ្ឍដែលត្រូវទទួលផល និងជំរុញការចុះឈ្មោះទៅក្នុងកម្មឲ្យបានគ្របដណ្តប់ជាអតិបរមា ។

សម្តេចឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការជំរុញការអនុវត្តកម្មវិធីនេះ គឺជាការធានានិរន្តភាពក្នុងការទទួលអត្ថប្រយោជន៍របស់អ្នកទទួលផលក្នុងស្ថានភាពលំបាក ឬគ្រោះអាសន្នក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩នេះ ៕
ចែករំលែកព័តមាននេះ