រាជធានីភ្នំពេញ ៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបិទអាជីវកម្មកាស៊ីណូអស់រយៈពេលជិត៣ខែ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ អាជីវកម្មនេះក៏ត្រូវបានប្រកាសបើកឡើងវិញ ក៏ប៉ុន្តែត្រូវមានវិធានការរឹតត្បិតដដែល ដើម្បីការពារការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ ។ អ្នកវិភាគសេដ្ឋកិច្ចក៏បានស្នើអោយរដ្ឋាភិបាលពិចារណាបើកអាជីវកម្មដទៃទៀតផងដែរដែលបានបិទកន្លងមកដើម្បីជំរុញចរន្តសេដ្ឋកិច្ចឡើងវិញ ។

បើយោងតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលលោកផៃ ស៊ីផាន បានអោយដឹងថា ឆ្លងតាមកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី០៣ កក្កដា ២០២០ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតអោយអាជីវកម្មកាស៊ីណូ ត្រៀមរៀបចំបើកដំណើរការឡើងវិញ ក៏ប៉ុន្តែត្រូវគោរពតាមវិធានរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។

លោកបន្តថា រាជរដ្ឋាភិបាលបានអនុញ្ញាតអោយបើកដំណើរតែល្បែងភ្នាល់និងស្លុតម៉ាស៊ីនដូច្នេះ បើសិនម្ចាស់កាស៊ីណូណាបានប្រព្រឹត្តិហួសពីអ្វីដែលរដ្ឋាភិបាលផ្ដល់ជូន កាស៊ីណូនោះ នឹងត្រូវទទួលពិន័យ ឬរងការផ្អាកអាជីវកម្មវិញ ដោយរដ្ឋាភិបាលបានកំណត់រួចហើយ ។ លោកថា៖« ម្ចាស់កាស៊ីណូ អាចទាក់ទងទៅក្រសួងសុខាភិបាល និងចុះកិច្ចព្រមព្រៀងសន្យាជាមួយគ្នា ដូច្នេះកាស៊ីណូនោះ អាចបើកដំណើរចាប់ពីថ្ងៃនេះតទៅក៏បានដែរ » ។

បើតាមលោកចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ចមួយរូបនៅកម្ពុជា បានអោយដឹងថា ការបើកដំណើរការឡើងវិញនៃអាជីវកម្មកាស៊ីណូនេះ គឺផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋជាពិសេសអ្នកដែលបាត់បង់ការងារ ដោយសារតែកូវីដ១៩និងអ្នកដែលធ្លាប់បម្រើការងារក្នុងអាជីវកម្មកាស៊ីណូ អាចចូលបម្រើការងារឡើងវិញបាន ហើយក៏អាចនឹងជួយអោយអាជីវកម្មផ្សេងទៀត ដូចជាសណ្ឋាគារ ភោជនីយដ្ឋានក្នុងកាស៊ីណូនោះ អ្នករត់តាក់ស៊ី ម៉ូតូឌុប និងកង់បីជាដើម ហើយក៏អាចអោយពួកគាត់រកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារពួកគាត់ផងដែរ ។ ក្រៅពីនេះដែរ វាក៏បាននាំនូវប្រាក់ចំណូលពីបរទេសមកចូលក្នុងប្រទេសកម្ពុជាផងដែរ តាមរយៈការមកស្នាក់នៅរបស់អ្នកចូលលេងក្នុងកាស៊ីណូ ។

លោកបន្តថា ក្រៅពីអាជីវកម្មកាស៊ីណូ រាជរដ្ឋាភិបាលគួរពិចារណាបើកដំណើរការឡើងវិញនូវអាជីវកម្មផ្សេងទៀតដែលបានប្រកាសបិទ ដើម្បីការពារកូវីដ១៩ ក៏ប៉ុន្តែត្រូវ មានវិធានការការពារត្រឹមត្រូវពីម្ចាស់អាជីវកម្មដោយរក្សាគម្លាតពីគ្នា ដើម្បីបង្កា ។ ធ្វើដូច្នេះគឺដើម្បីអោយពលរដ្ឋមានការងារធ្វើឡើងវិញ ហើយរដ្ឋាភិបាលក៏អាចរកចំណូលបានវិញតាមរយៈការប្រមូលពន្ធ ។ លោកថា៖« កន្លងមកក្រសួងទេសចរណ៍ ក៏បានចេញវិធានការអនាម័យណែនាំដល់ម្ចាស់ភោជនីយដ្ឋាននិងអាជីវកម្មទេសចរណ៍ដទៃទៀតដូចជាការស្ទង់កំដៅ ការកំណត់ទីតាំងអង្គុយ កំណត់ចំនួនភ្ញៀវជាដើម »។
លោកបញ្ជាក់ថា ការបើកដំណើរការឡើងវិញនូវអាជីវកម្មដែលបានបិទកន្លងទៅ ពីសំណាក់រដ្ឋាភិបាលនឹងអាចហុចផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋកម្ពុជា និងជាការសម្រួលបន្ទុករបស់រដ្ឋាភិបាលក្នុងការជួយដល់ពលរដ្ឋក្រីក្រផងដែរ ។
បើតាមលោកម៉េង សុខជា អ្នករត់កង់បីនៅខេត្តព្រះសីហនុ បានអោយដឹងថា ចាប់តាំងពីរាជរដ្ឋាភិបាលប្រកាសបិទអាជីវកម្មកាស៊ីណូ លោកបានបាត់ចំណូលអស់ច្រើន ពីព្រោះអ្នកជិះកង់បីរបស់លោកភាគច្រើនជាអ្នកចូលលេងក្នុងកាស៊ីណូ ហើយជាជនបរទេស ។ បន្ទាប់ពីកាស៊ីណូបិទ ជនបរទេសទាំងអស់អត់ចេញពីផ្ទះនិងមិនសូវចេញដើរលេងទើបធ្វើអោយអ្នកប្រកបរបរដូចគ្នានេះ ត្រូវបាត់បង់ចំណូលគ្រប់ៗគ្នា ។ លោកថា៖«នៅពេលលឺថារដ្ឋាភិបាលប្រកាសបើកវិញ ពួកយើងអ្នករត់កង់បី និងអ្នកដែលបាត់បង់ការងារដោយសារការបិទអាជីវកម្មនេះ សង្ឃឹមថានឹងអាចរកចំណូលនិងប្រាក់ខែសម្រាប់ផ្គត់ផ្គង់ជីវភាពអោយប្រសើរឡើងវិញ » ។
យោងរបាយការណ៍របស់ក្រសួងទេសចរណ៍, អាជីវកម្មទេសចរណ៍ជាង៣ពាន់ទីតាំងបានបិទនិងផ្អាកសកម្មភាពដោយសារតែកូវីដ១៩ ហើយក៏ធ្វើអោយប៉ះពាល់ដល់កំលាំងពលកម្មប្រមាណ៤ម៉ឺន៥ពាន់នាក់ផងដែរ ។ ដើម្បីស្ដារវិស័យនេះឡើងវិញ ក្រសួងទេសចរណ៍បានជំរុញភ្ញៀវទេសចរធ្វើដំណើរកម្សាន្តនៅក្នុងស្រុក ដើម្បីអោយប្រតិបត្តិករអាចរកចំណូលបានខ្លះៗ សម្រាប់ផ្គត់ផ្គង់អាជីវកម្មនិងបើកប្រាក់ខែអោយបុគ្គលិករបស់ខ្លួន ក៏ប៉ុន្តែម្ចាស់អាជីវកម្មទេសចរណ៍ទាំងនោះ ក៏ត្រូវអនុវត្តន៍តាមការណែនាំអោយបានខ្ជាប់ខ្ជួនរបស់ក្រសួងសុខាភិបាលកម្ពុជាផងដែរ ដើម្បីការពារការឆ្លងកូវីដ១៩នៅតាមសហគមន៍ ៕
ចែករំលែកព័តមាននេះ