ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជ្ញាធរ​ស្រុក​មោង​ប្ញស្សី​បរាជ័យ ពេល​ចុះ​​បង្ក្រាប​​បទល្មើស​​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ យ៉ាង​ហោច​ណាស់ មាន​ជន​ប្រុស-​ស្រី​ប្រមាណ​៥០​នាក់​បាន​លើកគ្នា​ទៅ​រារាំង ក្រុម​មន្ត្រី​ស្រុក​មោង​ប្ញ​ស្សី ដែល​ព្យាយាម​ចុះ​ទៅ​បង្ក្រាប​ជន​ទុច្ចរិត ដែល​ប្រើប្រាស់​ត្រាក់ទ័រ​ចំនួន​២​គ្រឿង ភ្ជួរ ឈូស ឆាយ​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​ «​តំបន់​៣»…

ខេត្តបាត់ដំបង​៖ យ៉ាង​ហោច​ណាស់ មាន​ជន​ប្រុស-​ស្រី​ប្រមាណ​៥០​នាក់​បាន​លើកគ្នា​ទៅ​រារាំង ក្រុម​មន្ត្រី​ស្រុក​មោង​ប្ញ​ស្សី ដែល​ព្យាយាម​ចុះ​ទៅ​បង្ក្រាប​ជន​ទុច្ចរិត ដែល​ប្រើប្រាស់​ត្រាក់ទ័រ​ចំនួន​២​គ្រឿង ភ្ជួរ ឈូស ឆាយ​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​ «​តំបន់​៣» ត្រង់ចំណុច ​«​អូរ​៣​ជាន់​» ស្ថិត​ក្នុងភូមិ​កូន​ខ្លុង ឃុំ​ព្រៃ​តូច ស្រុក​មោង​ប្ញ​ស្សី កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​០២ កក្កដា ដែល​នាំ​ឲ្យ​កិច្ច​ប្រតិបត្តិការ​នេះ ត្រូវ​បរាជ័យ​ក្នុង​ការ​ប៉ុនប៉ង​រឹបអូស​យក​ត្រាក់ទ័រ ​។ នេះ​បើ​តាម​មន្ត្រី​ស្រុក ដែល​បាន​រាយ​ការ​ណ៍ប្រាប់​កោះសន្តិភាព ក្រោយ​ពី​ពេល​ប្រឈម​មុខ​ដាក់​គ្នា​នៅ​កន្លែង​កើតហេតុ​។

សេចក្ដី​រាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​នោះ ធ្វើ​ឡើង​ដោយ​មានការ​ចូលរួម​ពី មន្ត្រី​ជលផល ប្រជា​​​សហ​គម​ន៍​ប្រជា​ការពារ និង មន្ត្រី​រដ្ឋបាល​ស្រុក​មោង​ប្ញ​ស្សី​មួយ​ចំនួន​ផង​ ។ អ្នក​រាយ​ការ​ណី​បាន​ប្រាប់​ថា ពេល​ចុះ​ទៅ​ដល់​គោលដៅ គេ​បាន​ប្រទះ​ឃើញ​មន្ត្រី​ប៉ុ​ន្មា​ន​នាក់ បាន​ប្រើប្រាស់​ត្រាក់ទ័រ​ចំនួន​២​គ្រឿង កំពុង​ភ្ជួរ ឈូស ឆាយ​លើ​ដី​ព្រៃ​លិច​ទឹក នៅ​ក្នុង​តំបន់ហាមឃាត់ (​តំបន់​៣) ដែល​ម្ចាស់​ត្រាក់ទ័រ​ម្នាក់​ត្រូវ​គេ​ស្គាល់ឈ្មោះ ជុន ចឺ​ត រីឯ​ម្ចាស់​ត្រាក់ទ័រ​ម្នាក់​ទៀត មិន​ត្រូវ​បាន​គេ​ស្គាល់​ទេ​។ ប៉ុន្តែ​ក្រុម​នេះ ត្រូវ​អាជ្ញាធរ​កំណត់​ថា ជា​ក្រុម​មុខសញ្ញា​ដដែល​ៗ ដែល​តែង​ធ្វើ​សកម្មភាព​ឈូស​ឆាយ​រំលោភ​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​នោះ ដែល​ជា​តំបន់ហាមឃាត់​ដោយ​ព្រះរាជ​ក្រិ​ត្រ​។

អភិបាលរង​ស្រុក​មោងប្ញស្សី លោក​បឿន សុវណ្ណ បាន​ប្រាប់​កោះសន្តិភាព​ថា នៅ​កិច្ច​ប្រតិបត្តិការ​នោះ កម្លាំង​ស្រុក បាន​ប្រឈម​យ៉ាង​តឹងតែង​នឹង​មនុស្ស​មួយ​ក្រុម មាន​គ្នា​ប្រហែល​៥០​នាក់ ដែល​បាន​លើកគ្នា​មក​កាង​ត្រាក់ទ័រ និង​រារាំង​មិន​ឲ្យ​កម្លាំង​អាជ្ញាធរ​នាំ​យក​ត្រាក់ទ័រ​នោះ​ មក​ចាត់ការ​តាម​នីតិវិធី ​។ លោក​បាន​បញ្ជាក់​ថា ដោយសារ​តែ​ក្រុម​ល្មើស​នោះ​មាន​គ្នា​ច្រើន ទើប​កម្លាំង​អាជ្ញាធរ ត្រូវ​បង្ខំចិត្ត​ដកថយ​វិញ ចៀស​វាង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ធ្ងន់ធ្ងរ តែ​យ៉ាងណា​យើង​បាន​ស្គាល់​អត្តសញ្ញាណ ម្ចាស់​ត្រាក់ទ័រ​ម្នាក់​ដែរ​។ ប៉ុន្តែ​លោក បឿន សុវណ្ណ ក៏​បាន​បញ្ជាក់​ដែរ​ថា ត្រាក់ទ័រ​ខាងលើ​នេះ ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ស្រុក ចាប់​យក​មក​រក្សា​ទុក និង ធ្វើ​កិច្ចសន្យា​ម្ដង​ហើយ តែ​ក្រោយ​ពី​ដោះ​លេង ម្ចាស់​ត្រាក់ទ័រ​ឈ្មោះ ជុន ចឺ​ត នេះ មិន​បាន​គោរព​កិច្ចសន្យា​ទេ ថែម​ទាំង​ធ្វើ​សកម្មភាព​បំពាន​ច្បាប់​នៅ​កន្លែង​ដដែល​ទៀត​។

សូម​បញ្ជាក់​ថា សកម្មភាព​រំលោភ​បំពាន​ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់​៣ ដែល​ជា​តំបន់ហាមឃាត់​ដាច់ខាត​នេះ ហាក់​មិន​មានការ​ថមថយ​ទេ រហូត​មក​ដល់​ពេល​នេះ​។ បើ​តាម​មន្ត្រី​អធិការកិច្ច​ដែល​ធ្វើ​កិច្ចការ​នេះ បាន​ប្រាប់​ថា មាន​ដី​ព្រៃ​លិច​ទឹក​ដែល​ស្ថិត​ក្នុង​តំបន់​៣ រាប់​ពាន់​ហិច​តា ត្រូវ​បាន​ជន​ទុច្ចរិត​ទន្ទ្រាន​យក ដោយ​គ្មាន​ញញើត​ច្បាប់​ឡើយ​។ ពួក​ជន​ទុច្ចរិត​ដែល​រំលោភ​បំពាន​យក​ដី​ហាមឃាត់​ទាំងនោះ ភាគច្រើន​គឺជា​មន្ត្រី​មាន​អំណាច ដូច​ជា មន្ត្រីរាជការ មន្ត្រី​យោធា មន្ត្រី​នគរបាល និង ឈ្មួញ​ដីធ្លី​មួយ​ចំនួន ដែល​មាន​ខ្នង​អ្នកធំ​នៅ​ពីក្រោយ​។ សេចក្ដី​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា ដី​ព្រៃ​លិច​ទឹក ដែល​ប្រឈម​នឹង​ការ​រំលោភ​បំពាន​ខ្លាំង​ជាងគេ គឺ មាននៅ​ក្នុងស្រុក​មោង​ឬ​ស្សី និង ស្រុក​សង្កែ រីឯ​ការ​រំលោភ​បំពាន​បន្ទាប់បន្សំ មាននៅ​ក្នុងស្រុក​ថ្មគោល និង ស្រុក​ឯក​ភ្នំ ដែល​មានការ​ឃុំ​ឃិ​ត​គ្នា​ជា​ប្រពន្ធ​តែ​ម្ដង​។

កាលពី​ថ្ងៃ​ទី​២៥ មិថុនា កន្លង​ទៅ​នេះ កម្លាំង​សមត្ថកិច្ច​ដែល​ដឹកនាំ ដោយ​លោក សុខ ហឿ​ន អភិបាលស្រុក​សង្កែ បាន​ចុះ​បង្ក្រាប​ការ​កាប់​ទន្ទ្រាន​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក នៅ​ក្នុង​តំបន់​៣ មួយ​កន្លែង​នៅ​ក្នុងភូមិ​សាស្ត្រ ភូមិ​ដំបូក​បុណ្យ ឃុំ​អន្លង់​វិល ស្រុក​សង្កែ​។ កម្លាំង​សមត្ថកិច្ច បាន​រក​ឃើញ ក្រុម​ជនល្មើស​ឈូស​ឆាយ​លើ​ផ្ទៃដី នៅ​ក្នុង​តំបន់​៣ នេះ​អស់​ប្រហែល​ជាង​២០​ហិក​តា ហើយ​ពេល​កម្លាំង​ចុះ​ទៅ​ដល់ គឺ​ស្រប​ពេល​ដែល​ក្រុម​ជន​ស​ល្មើស កំពុង​ប្រើប្រាស​គោ​យន្ត​កន្ត្រៃ​ភ្ជួរ​ដី​ព្រោះស្រូវ ខណៈ​ផ្ទៃដី​ខ្លះ​ត្រូវ​បាន​ព្រោះស្រូវ​រួច​ទៅ​ហើយ​។

ប៉ុន្តែ​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ អាជ្ញាធរ ហាក់​មិន​បាន​ប្រាប់​ពី​អត្តសញ្ញាណ នៃ​ក្រុម​ជនល្មើស​ដែល​កំពុង​ភ្ជួរ​ដី និង កំពុង​ព្រោះស្រូវ​នោះ​ទេ បើ​ទោះជា​រឹបអូស​បាន​គោ​យន្ត និង​ពូជ​ស្រូវ​មួយ​ចំនួន​ក្ដី តែ​បែរជា​ធ្វើ​របាយ​​ការ​ណ៍​​ភូត​កុហក​ថ្នាក់លើ​ថា «ជន​ប្រព្រឹត្ត​បទល្មើស គឺជា​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ទៅ​វិញ​»​។ តាម​ពិត​អាជ្ញាធរ​បាន​ស្គាល់​យ៉ាង​ច្បាស់ ម្ចាស់​ដី​និង​ម្ចាស់​គោ​យន្ត តែ​គេ​សង្ស័យ​មានការ​សម​គំ​និត្យ​គ្នា ដើម្បី​ធ្វើ​របាយ​ការ​ណ៏​កុហក់​ថ្នាក់លើ​។

ពាក់ព័ន្ធ​នឹង​វត្ថុ​តា​វ និង តំបន់​រំលោភ​បំពាន​ដី​ព្រៃ​លិច​ទឹក​នេះ បើ​តាម​ប្រភព​ព័​ត៌​មានបាន​បង្ហើប​ឲ្យ​ដឹង​ថា តាម​ពិតជា​ទីតាំង​ដី​នោះ គ្រប់គ្រង​ដោយ​មន្ត្រី​នគរបាល​ស្រុក​សង្កែម្នាក់ (​សុំ​លាក់​ឈ្មោះ​) ដែល​សំបូរ​ទៅ​ដោយ​រឿងអាស្រូវ​គ្រប់​បែប​យ៉ាង ទាំង​រឿង​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក ទាំង​រឿងអាស្រូវ​នៅ​ក្នុង​អង្គភាព​។ តាម​ធម្មតា​មន្ត្រី​រូប​នេះ មិន​ចេញ​មុខ​ទេ តែ​បាន​ប្រគល់​ឲ្យ​ពលរដ្ឋ​ដែល​ខ្លួន​ទុកចិត្ត ឲ្យ​ធ្វើស្រែ​លើ​តំបន់​ដី​ព្រៃ​នោះ​ជំនួស តែ​ខ្លួន​ជា​អ្នក​កាង​ពីក្រោយ​ខ្នង​។ បើ​តាម​ព័​ត៏​មាន មន្ត្រី​នគរបាល​នោះ​បានកា​ប់រាន​យក​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​នោះ​រាប់រយ​ហិក​តា និង​ធ្វើ​សកម្មភាព រាប់​សិប​ឆ្នាំ​កន្លង​មក​ហើយ​។

ទោះ​យ៉ាងណា ជុំវិញ​ចំណាត់ការ នៃ​ការ​បង្ក្រាប​បទល្មើស​ដី​ព្រៃ​លិច​ទឹក​តំបន់​៣ នៅ​ក្នុងស្រុក​មោង​ប្ញ​ស្សី ខាងលើ​នេះ​វិញ បើ​តាម​លោក​បឿន សុវណ្ណ អភិបាលរង​ស្រុក​សង្កែ បាន​បញ្ជាក់​ថា ពិតមែនតែ​កិច្ច​ប្រតិ​បត្តិ​ការ​នោះ មិន​ទ​ទូល​បាន​ជោគជ័យ ដោយសារ​មានការ​រារាំង​ពី​ក្រុម​ជន​រំលោភ​បំពាន​ដី​រដ្ឋ តែ​យើង​កំពុង​ធ្វើ​ការ​ស្រាវ​រក​សាវតា​ក្រុម​នោះ ដើម្បី​ធ្វើ​របាយ​ការ​ណ៍​​ជូន​ថ្នាក់លើ និងរៀបចំ​ពាក្យបណ្ដឹង ដាក់​ចូល​ទៅ​តុលា​ការ​ចាត់ការ​តាម​ផ្លូវច្បាប់​។ ព្រោះ​ក្រុម​ដែល​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់​៣ ខាងលើ​នេះ មួយ​ចំនួន​ក៏​យើង​បាន​ស្គាល់​ហើយ​ដែរ ហើយ​ក្រុម​នេះ​ភាគច្រើន​រស់នៅ​ឃុំ​ព្រៃតូច ស្រុក​មោង​ប្ញ​ស្សីតែ​ម្ដង ៕

អត្ថបទសរសេរ ដោយ