កំពង់ឆ្នាំង ៖ បណ្ណាល័យចល័តលើទឹកដំបូងគេបានដាក់ដំណើរការចាប់ពីខែកក្កដានេះទៅ នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ប្រជាពលរដ្ឋ ពិសេសក្មេងៗនៅក្នុងភូមិបណ្តែតទឹក ក្នុងបឹងទន្លេសាបនេះ អាចរកសៀវភៅអាន តាមរយៈបណ្ណាល័យចល័តនេះ ។ បណ្ណាល័យដែលមានកាណូតម៉ាស៊ីនមួយ នឹងបើកនាំសៀវភៅចូលដល់ភូមិ ដើម្បីជំរុញការអានរបស់កុមារនៅលើទឹកតែម្តង។ គម្រោងសាកល្បងបណ្ណាល័យចល័តលើទឹកនេះ គាំទ្រដោយអង្គការស៊ីប៉ា(Sipar) ដែលជាអង្គការធំមួយមានបេសកកម្មជំរុញការអាននៅកម្ពុជា។

លោក ថែន ផាន់ មន្ត្រីសម្របសម្រួលបណ្ណាល័យចល័តរបស់អង្គការស៊ីប៉ា ឲ្យដឹងថា ទូកម៉ាស៊ីនមួយ នឹងដឹកនាំសៀវជាច្រើនក្បាលរៀងរាល់ថ្ងៃ ដើម្បីឲ្យកុមារ និងពលរដ្ឋអាន ។ បណ្ណាចល័តលើទឹកនោះដូចគ្នាទៅនឹងបណ្ណាចល័តតាមរថយន្តតាមម៉ូតូដែលស៊ីប៉ា បានកំពុងដំណើរការនៅក្នុងតំបន់ដីគោកដែរ ។ ក្នុងបេសកកម្មជំរុញការអានស៊ីប៉ា បានបង្កើតគម្រោងបណ្ណាល័យជាច្រើនកន្លែង ពិសេសកនៅតាមកន្លែង ឬតំបន់ដែលសៀវភៅពិបាកទៅដល់ ។

កន្លងមកស៊ីប៉ា បានបង្កើតបណ្ណាល័យចល័តទៅតំបន់ដាច់ស្រយាល សហគមន៍ក្រីក្រ បង្កើតបណ្ណាល័យនៅក្នុងពន្ធនាគារ និងតាមរោងចក្រជាដើម ។ ស៊ីប៉ា ជាស្ថាប័នមួយដែលបានជំរុញ និងគាំទ្រដល់ការរៀបចំពិព័រណ៍សៀវភៅជារៀងរាល់ឆ្នាំផងដែរ ។ បណ្ណាល័យចល័តលើទឹកនេះ ស៊ីប៉ា ឧបត្ថម្ភគាំទ្រក្នុងរយៈពេលបីឆ្នាំ ។

លោក ថែន ផាន់ ឲ្យដឹងថា បើការសាកល្បងនេះទទួលជោគជ័យ ហើយម្ចាស់ជំនួយនៅតែគាំទ្រ ស៊ីប៉ានឹងពង្រីកកាណូតបណ្ណាល័យទៅឃុំផ្សេងទៀត ក្នុងតំបន់បឹងទន្លេសាបនោះ។ អ្នករស់នៅលើបឹងទន្លេសាបដែលការអាននិងការសិក្សា នៅមានកម្រិតទាបបើប្រៀបធៀបអ្នកលើគោកនោះ៕
ចែករំលែកព័តមាននេះ