រាជធានីភ្នំពេញ ៖ ក្នុងន័យឆ្លើយតបឲ្យទាន់សភាពការណ៍ ក្នុងការធ្វើតេស្តអ្នកដំណើរមកពីក្រៅប្រទេសចូលមកកម្ពុជា ដែលកំពុងមានចំនួនកើនឡើងច្រើន ដែលថ្ងៃខ្លះមានជើងហោះហើរច្រើន និងការចូលតាមផ្លូវគោក និងផ្លូវទឹក រហូតមានអ្នកដំណើរហក់ឡើងដល់៨០០ ឬ ៩០០នាក់ក្នុងមួយថ្ងៃនោះ ក្រសួងសុខាភិបាលនឹងបង្កើតមន្ទីរពិសោធន៍នៅខេត្តចំនួន ៣ ផ្សេងទៀតក្រៅពីភ្នំពេញ គឺសៀមរាប បាត់ដំបង និងកំពង់ចាម ។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងសន្និសីទសារព័ត៌មានស្តីពីការទប់ស្កាត់ជំងឺកូវីដ១៩ ពីក្រៅប្រទេសចូលមកកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ នេះថា ការពង្រីកកន្លែងមន្ទីរពិសោធន៍នៅខេត្តសៀមរាប បាត់ដំបង និងខេត្តកំពង់ចាម ដើម្បីគ្រប់គ្រងឲ្យបានម៉ត់ចត់នូវអ្នកដំណើរមកពីក្រៅប្រទេសចូលកម្ពុជា ហើយកម្ពុជាក៏កំពុងត្រៀមខ្លួន និងពង្រឹងសមត្ថភាពរបស់ខ្លួន រួចជាស្រេច ដើម្បីឆ្លើយតបឲ្យបាននូវការតេស្តគ្រប់អ្នកដំណើរពីក្រៅប្រទេស ។

ជាពិសេសឆាប់ៗក៏អាចនឹងបើកឲ្យមានទេសចរណ៍ចូលស្រុកខ្មែរ ជាពិសេសខេត្តសៀមរាបផងដែរ ព្រោះការការពារសុខភាពជារឿងសំខាន់ តែការរកចំណូលសេដ្ឋកិច្ចជាតិក៏រឹតតែសំខាន់ ដូច្នេះមិនអាចទុកឲ្យគ្រប់យ៉ាងនៅទ្រឹងបែបនេះទេ ។

លោកជំទាវបានបញ្ជាក់ថា បញ្ជាក់មកដល់ពេលនេះ គឺមានអ្នកមកពីក្រៅប្រទេសចូលកម្ពុជាវិញមានចំនួនជាង ១៦០០០នាក់ ជាង មានតែរកឃើញករណីវិជ្ជមានមិនដល់២០ ករណីផង ។ ដូច្នេះការធ្វើ តេស្តសរុបតាំងពីចុងខែមករា រហូតមកដល់ពេលនេះនៅវិទ្យាស្ថានបាស្ទ័រមានចំនួន ២៩០១៧ តេស្ត ស្មើនឹងចំនួន ២៣០៩៧ នាក់ និងនៅវិទ្យាស្ថានសុខភាពសាធារណៈមានចំនួន ១០ ៥៩០ តេស្ត ៕
ចែករំលែកព័តមាននេះ