រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅផ្សារបាត់ដឹង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កំពុងរង់ចាំអ៊ុតវាសនាស្ត្រីជើងខ្លាំងមួយរូប និងបក្សពួកថា នឹងទៅជាយ៉ាងណាចំពោះមុខច្បាប់ បន្ទាប់ពីសំណុំរឿងបានដល់ដៃលោកព្រះរាជអាជ្ញា កែវ សុធា ហើយនោះ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីរូបនេះ កំពុងតែរត់ការទៅតុលាការ ដើម្បីអោយរួចខ្លួន ដោយសារអាងទឹកលុយរបស់ខ្លួនច្រើន ។ ក៏ប៉ុន្តែមហាជនក៏កំពុងតាមដានមើលផងដែរថា តើតុលាការហ៊ានអោយស្ត្រីជើងកាងនេះរួចខ្លួនដែរឬទេ? អង្គភាពប្រឆាំងអំពើពុករលួយជួយមើលសំណុំរឿងមួយនេះផង ខ្លាចដោយសារទឹកលុយអាចបង្កឲ្យមានភាពមិនប្រក្រតីណាមួយកើតឡើង ។
ស្ត្រីខាងលើនេះមានឈ្មោះថា យឹម អេង និងបក្សពួកមួយចំនួនទៀត ដែលបានតដៃ និងក្របួច.កអាវនគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃ ពេលដែលនគរបាលចុះឃាត់ខ្លួនស្ត្រីរូបនេះតាមដីកាបញ្ជាឲ្យចូលខ្លួននោះ ត្រូវបាននគរបាលក្រសួងមហាផ្ទៃ បញ្ជូនសំណុំរឿងនេះទៅកាន់តុលាការ ដើម្បីឲ្យតុលាការចោទប្រកាន់ ឬមិនចោទប្រកាន់ដល់ស្ត្រីជើងកាងរូបនេះ ឬយ៉ាងណា ខណៈស្ត្រីរូបនេះកំពុងដើរហើរសេរី ដោយមិនខ្លាចតុលាការទាល់តែសោះនោះ។
ជនសង្ស័យដែលជាស្ត្រី មានអាយុ៣៨ឆ្នាំ រស់នៅភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាមួយនឹងប្តី និងបក្សបួកមួយចំនួនទៀត បានរារាំង ក្របួច.កអាវ និងត្រូវបានប្រវាយប្រតប់ជាមួយសមត្ថកិច្ចនគរបាល ខណៈដែលនគរបាលចុះឃាត់ខ្លួននៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចផ្សារបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ កន្លងទៅថ្មីៗនេះ មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរបស់ក្រសួងមហាផ្ទៃបានចុះនាំខ្លួនស្ត្រីដែលមានឈ្មោះខាងលើនេះ គឺបន្ទាប់ពីមានដីការបញ្ជាឲ្យចូលខ្លួនពីព្រះរាជអាជ្ញា នៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុធា នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រោយពីមានពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះឡេង ម៉ូវ អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ននៅភូមិបាត់ដឹងឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
យោងតាមពាក្យបណ្តឹងបានបញ្ជាក់ថា ស្ត្រីដែលជាជនសង្ស័យរូបនេះបានជេរប្រមាថ និងគំរាមកំហែងជាសាធារណៈដល់ជនរងគ្រោះដែលជាមនុស្សចាស់ ដោយសារតែខ្លួនអាងមានលុយ ហើយស្ត្រីម្នាក់ នេះក៏ជាអ្នកមានរឿងអាស្រូវជាច្រើនទាក់ទងនឹងករណីដីធ្លីផងដែរ។
តាមពាក្យបណ្តឹងពីជនរងគ្រោះ បានប្តឹងដល់ស្ត្រីរូបនេះ ឲ្យមានការសូមទោសជាសាធារណៈ និងទាមទារសេវាកម្មផ្លូវច្បាប់ ថ្លៃទាមទារខាតបង់ពេលវេលា សំណងជំងឺចិត្ត ការប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរ និងការខូចខាតប្រយោជន៍ផ្សេងៗចំនួនមួយលានដុល្លារអាមេរិក ៕ ដោយសហការ


ចែករំលែកព័តមាននេះ