រាជធានីភ្នំពេញ៖ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំនៅតុលាការរបស់ក្រសួងយុត្តិធម៌ចេញលទ្ធផលបណ្តើរៗហើយ ។

ជាក់ស្តែង ត្រឹមរយៈពេល៤២ថ្ងៃ នៃការអនុវត្តយុទ្ធនាការនេះមានសំណុំរឿងព្រហ្មទណ្ឌចំនួន ៣ ៤៥៤ ករណីនៅទូទាំងប្រទេសបានជំនុំជម្រះរួចរាល់ ។ ក្រសួងបានបញ្ជាក់ថា លទ្ធផលនៃការជំនុំជម្រះសំណុំរឿងខាងលើនេះ គឺសម្រេចបាន២៧% នៃសំណុំរឿងដែលកកស្ទះ ។
ក្រសួងយុត្តិធម៌បានអះអាងថា នឹងខិតខំដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូងទូទាំងប្រទេសឲ្យចប់សព្វគ្រប់នៅដំណាច់ឆ្នាំ២០២០នេះ។ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត បានប្រកាសបើកកាលពីថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២០គឺក្រោយពេលប៉ុន្មានថ្ងៃ ដែលលោក កើត រិទ្ធ ចូលកាន់ដំណែងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជំនួសលោក អង្គវង្ស វឌ្ឍនា ។

យុទ្ធនាការដោះស្រាយការកកស្ទះសំណុំក្តី នៅតុលាការ ទទួលបានការសាទរពីមជ្ឈដ្ឋានច្រើន ហើយសាធារណជនបានកំពុងតាមដានពីលទ្ធផលនៃយុទ្ធនាការនេះ ។ ការកកស្ទះសំណុំនៅតុលាការត្រូវបានអ្នកឃ្លាំមើលលើកឡើងថា បានផ្តល់ភាពអយុត្តិធម៌ រំលោភសិទ្ធិដល់ពលរដ្ឋដែលត្រូវជាប់ចោទខ្លះដោយសារមានការឃុំឃាំាងលើសកំណត់ នៅក្នុងការរងចាំដំណើរការរបស់តុលាការ ។
ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា យុទ្ធនាការរនេះ មានគោលបំណងពង្រឹងសេវាយុត្តិធម៌ជូនពលរដ្ឋ និងការដោះស្រាយការណែនចង្អៀតអ្នកជាប់ឃុំក្នុងពន្ធនាគារផង ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានពីលទ្ធផលការងាររយៈពេល៤២ថ្ងៃមកនេះ ក្រសួងយុត្តិធម៌ បានវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវរបស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរាជការនៃអង្គភាពរដ្ឋបាលនៃសាលាជម្រះក្តីទាំងអស់ ដែលបានរួមសហការជាមួយក្រសួងក្នុងការធ្វើឲ្យយុទ្ធនាការនេះ ដំណើរការទៅប្រកាន់ខ្ជាប់នូវអភិក្រមការងារ គឺ «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ» ៕
ចែករំលែកព័តមាននេះ