រាជធានីភ្នំពេញ ៖ វាជារឿងធម្មតាទៅហើយ ដែលស្ត្រីគ្រប់រូបតែងប្រសូតផ្តល់កំណើតដល់ទារកឬទារិការម្នាក់ៗ ប៉ុន្តែសម្រាប់ការផ្តល់កំណើតកូនភ្លោះម្តង៣នាក់ វាជារឿងកម្រណាស់ បើទោះបីជាការប្រសូតបុត្រាបុត្រាម្តង៣នាក់នេះ ។ ធ្លាប់លិចឮព័ត៌មានជាច្រើនបន្តបន្ទាប់ទៅហើយក៏ដោយ មិនដែលខកខានទទួលបានអំណោយពីសម្តេចតេជោ និងកាកបាទក្រហមកម្ពុជាឡើយ។

ស្ត្រីវ័យ៣៦ឆ្នាំម្នាក់មានឈ្មោះ ហែម មរកត បានប្រសូតទារកភ្លោះ៣នាក់ កាលពីថ្ងៃ៤ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ បច្ចុប្បន្នស្ត្រីរូបនេះ រួមរស់នៅជុំគ្នាជាមួយប្តីមានឈ្មោះ អ៊ុយ តាំងកា អាយុ៤១ឆ្នាំ ដែលទាំង២នាក់ប្តីប្រពន្ធមានមុខរបរជាអ្នកលក់ផលិតផលតាមអនឡាញ ដោយ Live ជាវីដេអូលក់នៅផ្ទះ ។ លុះពេលមានការកុម្ម៉ង់ ទើបប្តីជាអ្នកដឹកយកទៅអោយគេ ។ អ្នកទាំង២មានស្រុកកំណើតនៅស្រុកថ្មគោល ខេត្តបាត់ដំបង ។

ក្នុងជីវភាពប្រចាំថ្ងៃ អ្នកទាំង២ជាប្តីប្រពន្ធមានការលំបាក ដោយពួកគេពុំមានផ្ទះសម្បែងផ្ទាល់ខ្លួនរស់នៅឡើយ ពោលគឺពួកគេសុទ្ធតែជាអ្នកកំព្រាឪពុកម្តាយដូចគ្នា ហើយបច្ចុប្បន្នរស់នៅជាមួយបងប្រុសខាងប្រពន្ធ និងប្រកបរបរលក់ផលិតផលបន្តិចបន្តួចនៅលើប្រព័ន្ធអនឡាញគ្រាន់សល់លុយកាក់បន្តិចបន្តួចសម្រាប់ខ្លួនឯង និងសម្រាប់ចិញ្ចឹមទារកភ្លោះទាំង៣ដែលចាប់កំណើតបានជិត១ខែ ។ ស្ថិតក្នុងស្ថានភាពគ្រួសារកំពុងជួបការលំបាកនោះ បុរសជាប្តីក៏មានផ្ទុកនូវជំងឺទឹកនោមផ្អែមកម្រិតធ្ងន់ផងដែរ ដោយជាតិស្ករក្នុងខ្លួនឡើងដល់៥០០ឯណោះ ។

យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះគ្រួសារពួកគេកំពុងជួបនូវការខ្វះខាតជាខ្លាំងផងដែរ ដោយកង្វះខាតលើការចាយវាយ ការហូបមិនគ្រប់គ្រាន់ ពិសេស ការចំណាយប្រាក់កាសខ្ពស់ក្នុងការថែទាំ និងបំប៉នអាហារដែលមានជីវជាតិដល់កូនៗទាំង៣ដែលចាប់កំណើតបានមួយខែហើយនោះ ព្រេាះប្រពន្ធមិនអាចធ្វើអ្វីកើត ខណៈកំពុងកូនខ្ចី ។ ចំណែកប្តីក៏ទៅធ្វើអ្វីមិនកើត ដោយជាប់ជួយប្រពន្ធមើលកូន ។

ក្រោយការទទួលបានព័ត៌មានអំពីការចាប់កំណើតទារកម្តង៣នាក់ ហើយស្ថានភាពគ្រួសារជួបការលំបាកផងនោះ នៅវេលាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះ អនុសាខាកាកបាទក្រហមកម្ពុជាប្រចាំខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និងជាប្រធានអនុសាខា បានចុះសួរសុខទុក្ខ និងពាំនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់ក្រុមគ្រួសារខាងលើផងដែរ ។

ក្នុងឱកាសនោះ លោកអភិបាលរង បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់គិតគូរយ៉ាងហ្មត់ចត់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសគឺសុខទុក្ខអ្នកដែលសម្រាលបានកូនភ្លោះ៣នាក់ ។ មិនតែប៉ុណ្ណោះ សម្តេចទាំងទ្វេបានចាត់ទុកកូនភ្លោះ៣នាក់នេះ ជាចៅរបស់សម្តេចផងដែរ ។ ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា ណែនាំឲ្យក្រុមគ្រួសារកូនភ្លោះទាំង៣នាក់នេះ ត្រូវថែរក្សាសុខភាពឲ្យបានល្អ និងរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ ក្នុងកាលៈទេសៈនៃការរាតត្បាតនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ ។

សូមបញ្ជាក់ថា អំណោយរបស់អនុសាខា ដែលនាំមកចែកជូននាពេលនេះរួមមាន អង្ករចំនួន៣០គីឡូក្រាម មី១កេស ទឹកក្រូច១កេស ត្រីខ១យួរ ទឹកបរិសុទ្ធ១កេស រួមទាំងថវិកាចំនួន១០០.០០០រៀលផងដែរ ។

ចំពោះអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ជាប្រាក់ចំនួន៥លានរៀល និងអង្ករ៥០គីឡូក្រាម ទឹកដោះគោម្សៅឌុយម៉ិក២កេសធំ ស្មើនឹង៤៨កំប៉ុង ស្ករស៥គីឡូក្រាម សារុង២ និងក្រមា២ តាមរយៈឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញនាំយកអំណោយដ៏សប្បុរធម៌ទាំងអស់នោះ ទៅចែកជូនផ្ទាល់ដៃដល់គ្រួសារកូនភ្លោះទាំងពីរគ្រួសារនោះដល់លំនៅឋានស្ថិតនៅផ្ទះលេខ១៩E ផ្លូវ៣៧១ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះ ៕





ចែករំលែកព័តមាននេះ