ផ្តល់បច្ចេកទេសដល់កសិករដើម្បីភ្ញាស់កូននិងចិញ្ចឹមកង្កែប
- ស្វាយរៀង
ខេត្តស្វាយរៀង៖ លោកថាច់ រតនា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងសហការី បានចុះពិនិត្យ និងផ្តល់ការណែនាំផ្នែកបច្ចេកទេសដល់កសិករមួយរូប ឈ្មោះសំអាត សម ភេទប្រុស អាយុ៤៥ឆ្នាំ ដែលជាសមាជិកសហគមន៍កសិកម្មទងធ្លក កំពុងភ្ញាស់កូនកង្កែប និងចិញ្ចឹមកង្កែបក្នុងអាង (ធ្វើពីតង់)ចំនួន១០អាង ដោយមានមេពូជចំនួន២០០ក្បាល ស្ថិតនៅភូមិអូរស្រងាំ ឃុំដូនសរ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

ការចុះផ្តល់បច្ចេកទេសចិញ្ចឹម និងភ្ញាស់កង្កែបនេះ ធ្វើឡើងកាលពីថ្ងៃទី១ កក្កដា ២០២០ នៅភូមិអូរស្រង៉ាំ ឃុំដូនសរ ស្រុកស្វាយជ្រំ ។ បើតាមលោកប្រធានបានឲ្យដឹងថា ក្នុងរយៈពេល០៤ខែកន្លងមកនេះ កសិករចិញ្ចឹមកង្កែបរូបនេះ បានលក់កូនកង្កែបចំនួន៩០,០០០ក្បាល ក្នុង១ក្បាលតម្លៃ៤០០រៀល ដែលអាចទទួលបានប្រាក់ចំណូលសរុប៣,៦០០,០០០រៀល ។

បច្ចុប្បន្ននេះ កសិកររូបនេះ កំពុងបំប៉នកូនកង្កែបលក់ចំនួន៣០,០០០ក្បាលទៀត។លោកថាច់រតនាបន្តទៀតថា ដោយឡែកចំពោះកសិករឈ្មោះខាំសារ៉េន ភេទប្រុសនៅភូមិត្រោកឃុំខ្សែត្រស្រុកកំពង់រោទិ៍ បានភ្ញាស់កូនកង្កែបនឹងចិពញ្ចឹមកង្កែបយកសាច់(ក្នុងតង់)ព្រមទាំងបានលក់កូនកង្កែបពូជចំនួន៨,០០០ក្បាលតម្លៃ៥០០រៀល ក្នុង១ក្បាល អាចទទួលបានប្រាក់ចំណូលសរុបចំនួន៤,០០០,០០០រៀល និងកំពុងបំប៉នកូនកង្កែបលក់បន្តចំនួន២០,០០០ក្បាលទៀត។

លោកថាច់រតនា បានមានប្រសាសន៍ទៀតថា កសិករដែលងាកមកធ្វើការអនុវត្តន៍វារីវប្បកម្មនៃការចិញ្ចឹមកង្កែប ជាលក្ខណៈគ្រួសារខ្នាតតូចនៅតាមសហគមន៍បានកំពុងមានសក្តានុពល និងមានប្រសិទ្ធិភាពសេដ្ឋកិច្ចក្នុងបរិបទនៃការរីករាលដាលជាសកលនៃមេរោគCOVIDE-19 ហើយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកំពុងជម្រុញលើកទឹកចិត្តដល់កសិករ ដែលប្របមុខរបរកសិកម្មដោយអនុវត្តវារីវប្បកម្មតាមគោលការណ៍ធម្មជាតិដូចជាការចិញ្ចឹមសត្វ មានីទា ជ្រូក ត្រី កង្កែប និងដាំដំណាំរួមផ្សំដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយអាចរកប្រាក់ចំណូលបង្កើនសេដ្ឋកិច្ចគ្រួសារក៏ដូចនៅសហគមន៍ផងដែរ៕





ចែករំលែកព័តមាននេះ