រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ទីតាំងម៉ាស្យាយីហោ « កល្យាណ ម៉ាស្សា» បង្កប់សេវាកម្មផ្លូវភេទមួយកន្លែង ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះបង្ក្រាប ដោយឃាត់ខ្លួនស្ត្រីជាថៅកែហាង និងនាំខ្លួនស្ត្រីរកស៊ីផ្លូវភេទ៣នាក់ ទៅសាកសួរ ក្នុងនោះមានក្មេងស្រីជាអនិតិជនម្នាក់ផងដែរ។

សេចក្តីរាយការណ៍បន្តថា ការបង្ក្រាបផ្ទះបនស្រីជ្រកក្រោមផ្ទះម៉ាស្យាខាងលើនេះ ធ្វើឡើងកាលពីម៉ោង២និង៣០នាទីរសៀល នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅផ្ទះលេខ៨៣Eo ស្ថិតក្នុងសង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រតិបត្តិការខាងលើនេះ ដឹកនាំបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក សេង គីមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមសហការពីនគរបាលខណ្ឌសែនសុខផងដែរ។

បើតាមនគរបាលឱ្យដឹងថា ស្ត្រីដែលត្រូវឃាត់ខ្លួនបានខាងលើឈ្មោះ ប៉ែន គីមស្រ៊ាង អាយុ៤៥ឆ្នាំ មុខរបរបើកហាងម៉ាស្សា ស្នាក់នៅទីតាំងម៉ាស្សាកើតហេតុខាងលើ ។
តាមនគរបាលអោយដឹងថា ដោយមានការស្រាវជ្រាវពីនគរបាលជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក៏បានរកឃើញទីតាំងម៉ាស្យាខាងលើបានលួចលាក់បម្រើសេវាកម្មផ្លូវភេទ ដែលចាប់ផ្ដើមបើកបម្រើភ្ញៀវចាប់ពីម៉ោង៩ព្រឹក រហូតដល់យប់ជ្រៅរំលងអធ្រាត្រ។

នៅក្នុងនោះ មាននារីក្មេងៗកំពុងរង់ចាំភ្ញៀវមកម៉ាស្សាធម្មតាក្នុងតម្លៃ៥ដុល្លារ និងម៉ាស្សាប្រេង8ដុល្លារ រយៈពេល១ម៉ោង។ ក្រៅពីនោះ បើមានភ្ញៀវត្រូវការរួមភេទ ភ្ញៀវទាំងនោះ ក៏បានបម្រើសេវាផ្លូវភេទ ដោយមួយដងតម្លៃចាប់ពី៤០ដុល្លារទៅ៥០ដុល្លារ ។

បន្ទាប់ពីស្រាវជ្រាវសមត្ថកិច្ច ក៏បានរាយការណ៍ទៅព្រះរាជ្ញាចុះបង្ក្រាបតែម្តង ។ តាម នគរបាលឱ្យដឹងទៀតថា នៅក្នុងការចុះឆែកឆេរ សមត្ថកិច្ចក៏បានរកឃើញ និងដកហូតវត្ថុតាងរួមមានស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើប្រាស់ ព្រមទាំងឃាត់ខ្លួនស្ត្រីជាថៅកែហាង និងនាំខ្លួន នារីវ័យក្មេងចំនួន៣នាក់ ទៅសាកសួរ និងចាត់ការតាមច្បាប់ផងដែរ៕


ចែករំលែកព័តមាននេះ