ខេត្តប៉ៃលិន ៖ ក្រោយពីមានគណនីហ្វេសប៊ុកមួយ ឈ្មោះ ស៊ឹម ច័ន្ទតារា បានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គមហ្វេស
ប៊ុក (Facebook) កាលពីព្រឹកថ្ងៃពុធ ទី០១កក្កដា ឆ្នាំ២០២០ ដោយចោទប្រកាន់ទៅលើក្រុមការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រថា មានភាពអយុត្តិធម៌ចំពោះម្តាយឪពុករបស់ខ្លួន ដែលចាស់ជរា ហើយម្តាយកំពុងមានជំងឺ ព្រមទាំងគ្រួសារអ្នកជិតខាងម្នាក់ទៀត ដែលក្រីក្រ ស្ថិតនៅក្នុងភូមិ បឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពុំបានទទួលប័ណ្ណសមធម៌ ដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល ក្នុងការបើកប្រាក់ឧបត្ថម្ភចំពោះគ្រួសារក្រីក្រនិងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។
ក្រោយទទួលបានព័ត៌មាននេះ រដ្ឋបាលខេត្តបានដឹកនាំក្រុមការងារចុះពិនិត្យ និងធ្វើការសម្ភាសន៍ផ្ទាល់ឃើញថា ម្តាយឪពុកគាត់ជាចាស់ជរានោះ គឺជាគ្រួសារដែលមានជីវភាពសមរម្យ មានផ្ទះថ្មមួយល្វែង មានដីចំការចំនួន០៣ហិកតា និងមានសម្ភារៈ ប្រើប្រាស់ដូចជាម៉ូតូជាដើម ។
ដោយឡែក គ្រួសារអ្នកជិតខាងដែលហ្វេសប៊ុកខាងលើបានលើកឡើងថា មានភាពអយុត្តិធម៌ដែរនោះ គាត់មានអាយុ៥៧ឆ្នាំ មានមុខរបរដើរលក់នំ និងភេសជ្ជៈ ហើយកំពុងរស់នៅជាមួយកូន ដែលមានជីវភាពសមរម្យលើដីធំទូលាយ និងមានផ្ទះថ្មទំហំ៦ម៉ែត្រx៧ម៉ែត្រ កំពស់០២ជាន់ ។ ដូច្នេះហើយ ទើបគ្រួសារទាំងពីរនេះ ពុំអាចទទួលបានពិន្ទុតាមចំណាត់ថ្នាក់គ្រួសារក្រីក្រីនោះឡើយ ។
ដោយសារមានការបង្ហោះតៗគ្នានិងផ្តល់យោបល់ផ្សេងៗជាច្រើន ទើបក្រុមការងាររដ្ឋបាលខេត្ត បានចុះទៅផ្តិតយករូបភាពជាក់ស្តែងនៃគ្រួសារទាំងពីរ ជូនសាធារណៈជនជ្រាបជាព័ត៌មាន ដើម្បីរកឱ្យមានការយល់ច្រឡំទៅថ្ងៃក្រោយ ៕





ចែករំលែកព័តមាននេះ