រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់ថា ប្រទេសជប៉ុនបានចូលរួមគ្រប់គ្រងបរិស្ថាននៅប្រទេសកម្ពុជា ។ ការលើកឡើងរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ខណៈបានទទួលជួបលោក Kei NISHIHARA អនុប្រធានក្រុមហ៊ុនMinebeaMitsumi នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នាទីស្តីការក្រសួងបរិស្ថាន។

យោងតាមបណ្តាញសង្គមហ្វេសប៊ុកក្រសួងបរិស្ថានបានឲ្យដឹងថា ក្នុង ជំនួបពិភាក្សានេះបានផ្តោតជាសំខាន់លើការចូលរួមប្រតិបត្តិការងារគ្រប់គ្រងបរិស្ថានរបស់ជប៉ុននៅកម្ពុជា ។
ក្នុងឱកាសនោះ លោក Kei NISHIHARA បានសំដែងការរីករាយដោយឃើញកម្ពុជារីកចម្រើនលើគ្រប់វិស័យ ជាពិសេសការគ្រប់គ្រងបរិស្ថាន និងបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលផ្តល់កិច្ចសហការល្អជាមួយក្រុមហ៊ុនជប៉ុនMinebea លើវិស័យបរិស្ថាន ។ ចំណែកលោក សាយ សំអាល់ មានប្រសាសន៍លើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងជប៉ុន ។

លោកបានបញ្ជាក់ថា៖«ប្រទេសជប៉ុនបានចូលរួមចំណែកដល់ការងារគ្រប់គ្រង បរិស្ថាននៅកម្ពុជា ជាពិសេសក្រុមហ៊ុន Minebea បានគាំទ្រផលិតសម្ភារៈ និងបរិក្ខាប្រើប្រាស់ជួយដល់បរិស្ថាន ផលិតផលបញ្ចេញកាបូនតិច តម្លៃសមរម្យ ដូចជាអំពូលភ្លើង LED កំពុងប្រើប្រាស់នៅកម្ពុជា»។
ជាមួយគ្នានោះក៏លោកបានលើកទឹកចិត្តឱ្យមហ៊ុន Minebea បន្តពង្រឹងកិច្ចសហប្រតិបត្តិល្អថែមទៀតជាមួយក្រសួងបរិស្ថាន ជាពិសេសការចូលរួមក្នុងសកម្មភាពប្រតិបត្តិល្អក្នុងវិស័យបរិស្ថាននៅកម្ពុជា ៕
ចែករំលែកព័តមាននេះ