កំពង់ឆ្នាំង គឺជាឈ្មោះកំពង់ទឹកមួយដ៏សំខាន់ ក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីព្រេងនាយមក ហើយដែលជាកន្លែងលក់ដូរ ដ៏ធំមួយនូវឧបករណ៍ប្រើប្រាស់ធ្វើអំពី ដីដុត មានចង្ក្រាន ក្អម ឆ្នាំង និងវត្ថុប្រើប្រាស់អំពីដី ផ្សេងៗ ទៀតជាដើម ។ កំពង់នេះនៅជាប់ដៃទន្លេសាប ដែលមានចម្ងាយប្រមាណ៩១គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ហើយក្លាយជាខេត្តមួយរបស់ប្រទេសកម្ពុជា គឺខេត្តកំពង់ឆ្នាំងនេះឯង ។

ឯកសាររដ្ឋបាលខេត្តពណ៌នាថាបានជាមានឈ្មោះយ៉ាងដូច្នេះ ដោយមានមូលហេតុថា៖ កាលដើមឡើយមនុស្សសម័យបុព្វកាលមិនទាន់រកឃើញនូវជាតិលោហធាតុ ដើម្បីយកមកកែច្នៃជាឧបករណ៍ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដូចសម័យនេះទេ ដូច្នេះមានតែការច្នៃប្រឌិតផលិតផលវត្ថុប្រើប្រាស់ដែលធ្វើអំពីដីតែប៉ុណ្ណោះ ដូចជា ចង្ក្រាន ,ក្អម ,ឆ្នាំង និងវត្ថុផ្សេងៗទៀតជាច្រើន ព្រោះឧបករណ៍ទាំងនេះជាវត្ថុចាំបាច់បំផុតសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។

យ៉ាងណាមិញប្រជាពលរដ្ឋកម្ពុជាក៏ដូចជាប្រជាជនទាំងឡាយក្នុងលោកទាំងមូលសុទ្ធតែបានផលិតនូវវត្ថុប្រើប្រស់ធ្វើអំពីដីដុតនេះ ។ មានប្រជាជនជាច្រើនក្នុងភូមិ/ឃុំ/ស្រុក នៃតំបន់ទំនាបជុំវិញបឹងទន្លេសាបបាននាំគ្នាធ្វើសិប្បកម្មស្មូនដី ពិសេសគឺពួក ស្រីៗ ហើយក្នុងនោះគឺមានខេត្តកំពង់ឆ្នាំងដែលលេចធ្លោជាងគេក្នុងសកម្មភាព ។

ពេលផលិតរួចស្រេចបាច់អស់ហើយ គេក៏បាននាំចេញទៅលក់ចែកចាយពាសពេញប្រទេសដោយប្រើប្រាស់គ្រប់មធ្យោបាយទាំងផ្លូវគោក និងផ្លូវទឹក ។ ផ្លូវគោកគេប្រើរទេះគោជាមធ្យោបាយដឹកជញ្ជូន តែបើផ្លូវទឹកគេប្រើទូកតូចធំគ្រប់ប្រភេទសម្រាប់ដឹកជញ្ជូនក៏ប៉ុន្តែការដឹកជញ្ជូនតាមផ្លូវទឹកគឺជាមធ្យោបាយមួយដ៏ប្រសើរបំផុត ព្រោះមិនបណ្តាលឲ្យបាក់បែកខូចខាត និងជាមធ្យោបាយអាចផ្ទុកច្រើនទៀតផង ។
ម្យ៉ាងវិញទៀតដោយផ្លូវទឹកមានលក្ខណៈងាយស្រួលផងនោះ ប្រជាជនដែលផលិត ចង្ក្រាន ,ក្អម ,ឆ្នាំង បានរួចរាល់ហើយក៏តែងតែនាំគ្នាយកមកដាក់លក់នៅមាត់កំពង់មួយកន្លែងជាប់នឹងដងទន្លេសាបតែម្តង (ត្រង់ម្តុំចុងកោះផ្សារក្រោម) ។

ដូច្នេះហើយបានជាកំពង់នេះគេតែងហៅថា កំពង់ឆ្នាំង ជាប់រហូតមក ។ ប៉ុន្តែកំពង់ដែលដាក់លក់ឆ្នាំងនេះ គឺគេអាចដាក់លក់បានតែក្នុងរដូវប្រាំងប៉ុណ្ណោះ រីឯរដូវវស្សាវិញត្រូវទឹកលិចអស់មិនអាចលក់ដូរបានទេ ទើបក្នុងសម័យអាណានិគមបារាំងគេបានកេណ្ឌប្រជាជនលើកដីបំពេញមាត់ទន្លេប្រហែលជា៤០០ម៉ែត្រ ទំហំប្រហែលជា១០០ម៉ែត្រ បួនជ្រុងពីខាងជើងវត្តទេពធីតារាម ហៅវត្តយាយទេព ដែលគេអាចដាក់លក់ ចង្ក្រាន ,ក្អម ,ឆ្នាំងបានទាំងរដូវប្រាំង និងរដូវវស្សា ។ ទីកន្លែង ដីលើក សម្រាប់លក់ឆ្នាំងនេះគេក៏ហៅថាលក់ឆ្នាំងហើយដែលដំណតមកខាងក្រោយទៀត គេក៏ហៅកាត់ខ្លីថា ផ្សារឆ្នាំង ទៅវិញ ហើយជាប់ឈ្មោះរហូតមកដល់សព្វថ្ងៃនេះ ។

បច្ចុប្បន្ននេះទីកន្លែងផ្សារឆ្នាំងបានក្លាយទៅជាអាគារលក់ទំនិញសម័យទំនើបទៅហើយ ប៉ុន្តែ នៅរក្សាឈ្មោះថា ផ្សារឆ្នាំងដដែល ។ ម្យ៉ាងវិញទៀតពាក្យថា ផ្សារឆ្នាំង នេះក៏បានក្លាយទៅជាឈ្មោះភូមិផ្សារឆ្នាំង និងជាឈ្មោះតំបន់រដ្ឋបាលសង្កាត់គឺ សង្កាត់ផ្សារឆ្នាំង តែម្តង ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ