រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ក្នុងឆមាសទី១ នៃឆ្នាំ២០២០នេះ កម្ពុជារកចំណូលបានជាង២៦៤លានដុល្លារអាមេរិក ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ក្នុងបរិមាណ៣៩៧.៦៦០តោន បើធៀបនឹងឆមាសទី១ នៃឆ្នាំ២០១៩ កម្ពុជានាំចេញបានតែប្រមាណ ៤១ភាគរយ ខណៈឆ្នាំបរិមាណនាំចេញមានតែជាង២៨១ពាន់តោនប៉ុណ្ណោះ ។

ស្ថិតិរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានអោយដឹងផងដែរថា ប្រទេសចិនមានចំណែកទីផ្សាររហូតដល់៣៧ភាគរយនៃទីផ្សារនាំចេញអង្ករសរុបរបស់កម្ពុជា ក្នុងមួយឆមាសដើមឆ្នាំ ២០២០នេះ ដែលគិតជាបរិមាណមានប្រមាណ១៤៧.៩៤៩តោន ។ បន្ទាប់ពីទីផ្សារប្រទេសចិន គឺទីផ្សារសហគមន៍អឺរ៉ុប ហើយក្នុងនោះប្រទេសអង់គ្លេសនៅតែដើរតួនាទីសំខាន់។

ទីផ្សារអង្ករកម្ពុជានៅសហគមន៍អឺរ៉ុប ក្នុងរយៈពេល១ឆមាសនេះមានចំណែកទីផ្សារ៣៤ភាគរយ បើគិតជាបរិមាណស្មើនឹងប្រមាណ១៣៥ពាន់តោន ក្នុងនោះបារាំងជាប្រទេសនាំចូលធំជាងគេដែលមានបរិមាណ៥១.១៧៥ តោន ។ ចំណែកទីផ្សារប្រទេសក្នុងតំបន់អាស៊ានវិញមានប្រមាណ១៣ភាគរយនៃទីផ្សារសរុប ដែលមានបរិមាណ៥២.៩៨៧តោន ក្នុងនោះ ម៉ាឡេស៊ីគឺជាទីផ្សារធំបំផុតដែលបាននាំចូលអង្ករពីកម្ពុជា២១.៩០៤តោន ។
សម្រាប់ទីផ្សារខែមិថុនា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ កម្ពុជានាំចេញអង្ករទៅកាន់ សហគមន៍អឺរ៉ុប មានរហូតដល់ ១៣ ៥៦៦តោន ឬ ស្មើនឹង ៣៣% នៃចំណែកទីផ្សារនាំចេញរបស់កម្ពុជា ហើយប្រទេសចិនបាននាំចូលអង្ករកម្ពុជា ជាង១១.១២៤ តោន ឬ ស្មើនឹង ២៧% នៃចំណែកទីផ្សារនាំចេញអង្កររបស់កម្ពុជា ហើយអាស៊ាន និងទីផ្សារគោលដៅផ្សេងៗទៀតមានចំនួន ៤០% ឬក្នុងបរិមាណ ១៦ ៨៧៣តោន។

តម្លៃអង្ករនាំចេញ គិតត្រឹមកំពង់ផែ អង្ករក្រអូបប្រណីត មានតម្លៃជាមធ្យម ៩០០ដុល្លារអាមេរិក និងប្រភេទក្រអូបធម្មតា មានតម្លៃជាមធ្យម ៧៦០ដុល្លារអាមេរិក ហើយអង្ករ ស ប្រភេទបាយទន់ មានតម្លៃជាមធ្យម ៥២០ដុល្លារអាមេរិក ។ សរុបជារួមមក ចំណូលដែលទទួលបានពីការនាំចេញអង្ករកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២០នេះ គឺមានទឹកប្រាក់សរុបប្រមាណ ២៣.៧លានដុល្លារអាមេរិក ។
លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានអោយដឹងថា ឆ្នាំ២០២០នេះ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យស្រូវអង្ករកម្ពុជា ដោយសារតែវិបត្តិកូវីដ១៩ បណ្ដាប្រទេសមួយចំនួន មានតម្រូវការអង្ករកាន់តែច្រើន ហើយអង្ករកម្ពុជាដែលធ្លាប់ជាប់ចំណាត់ថ្នាក់កំពូលក្នុងការប្រកួតថ្នាក់អន្តរជាតិក៏ជាទំនិញអាទិភាពសម្រាប់បណ្ដាប្រទេសទាំងនោះក្នុងការនាំចូលផងដែរ ។ លោកលើកឡើងថា ឆ្នាំ ២០២០នេះកម្ពុជាអាចនឹងសម្រេចការនាំចេញអង្ករទៅកាន់ទីផ្សារបរទេសក្នុងរង្វង់ជិត១លានតោន ឬយ៉ាងហោចណាស់ក៏ក្នុងរង្វង់៨០ម៉ឺនតោនផងដែរ ។
កម្ពុជានៅតែមានលទ្ធភាពក្នុងការនាំចេញទៅកាន់ទីផ្សារបរទេសតាមតម្រូវការនៃប្រទេសទាំងនោះ ។ បើតាមលោកលន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាក៏បានលើកឡើងថា កម្ពុជាមានអង្ករគ្រប់គ្រាន់ក្នុងការផ្ដល់ជូនប្រទេសដែលមានតម្រូវការប៉ុន្តែអ្វីដែលសំខាន់នោះ គឺជាការចរចាតម្លៃសម្រាប់នាំចេញ ។បើសិនជាតម្លៃត្រូវរូវគ្នា នោះកម្ពុជានឹងបញ្ជូនអង្ករទៅកាន់គោលដៅ ។
លោកថា៖« កត្តាដែលជំរុញអោយការនាំចេញ អង្ករកម្ពុជាឆ្នាំ ២០២០នេះមានកំណើនជាងឆ្នាំមុនៗ មកពីកូវីដ១៩មួយចំនែក ហើយមួយចំណែកទៀតនោះ ដោយសារតែ អ្នកនាំចេញមានបទពិសោធន៍ក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិខណៈការវិយោគលើឃ្លាំងស្តុក និងឡសម្ងួតក៏កាន់តែច្រើន សម្រាប់ស្តុកស្រូវនិងកិនជាអង្ករបម្រុងផ្គត់ផ្គង់លើទីផ្សារអន្តរជាតិ »៕
ចែករំលែកព័តមាននេះ