ជប៉ុន ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា អ្នកលក់រាយនៅប្រទេសជប៉ុនបានចាប់ផ្តើមគិតប្រាក់ថង់ប្លាស្ទិច កាលពីថ្ងៃពុធ ដែលជាសកម្មភាពមួយសំដៅទប់ស្កាត់ការចូលចិត្តប្រើប្រាស់ថង់វេចខ្ចប់ច្រើន ហើយទីបំផុតនាំប្រទេសនេះឱ្យស្របទៅនឹងប្រទេសសេដ្ឋកិច្ចធំៗ ផ្សេងទៀត។
ហាងរាប់បញ្ចូលទាំងហាងលក់ឥវ៉ាន់លក្ខណៈម៉ាត ដែលពួកគេអាចសម្រេចថាត្រូវគិតថ្លៃថង់ប៉ុន្មាន ជាមួយនឹងតម្លៃភាគច្រើន ៣យ៉េន (ប្រហែល ៣សេនដុល្លារអាមេរិក)។

ប្រទេសនេះផលិតកាកសំណល់វេចខ្ចប់ប្លាស្ទិចច្រើនជាងប្រទេសណាៗទាំងអស់ ក្រៅពីសហរដ្ឋអាមេរិក។ នេះបើយោងតាមអង្គការសហប្រជាជាតិដោយក្រុមអ្នកធ្វើយុទ្ធនាការ បានរិះគន់ទីក្រុងតូក្យូ ចំពោះការផ្លាស់ប្តូរយឺតពេក លើការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិច។
យោងតាមឯកសារគោលនយោបាយថ្មីបំផុតរបស់ជប៉ុនបានឱ្យដឹងថា ជាមួយនឹងវិធានការណ៍នេះ ប្រទេសជប៉ុនបានប្តេជ្ញាថា នឹងទប់ស្កាត់ការប្រើប្រាស់ប្លាស្ទិចហួសប្រមាណ ហើយគិតអំពីរបៀបប្រើវាដោយឈ្លាសវៃ។

នៅឆ្នាំ២០១៨ ជប៉ុនប្តេជ្ញាកាត់បន្ថយកាកសំណល់ប្លាស្ទិចប្រចាំឆ្នាំរបស់ខ្លួនចំនួន ៩.៤លានតោន ត្រឹមមួយភាគបួននៅត្រឹមឆ្នាំ ២០៣០។ ហើយនៅក្នុងកិច្ចប្រជុំមួយនៅអូសាកា កាលពីឆ្នាំមុន មេដឹកនាំមកពីប្រទេស G20 បានយល់ព្រមកាត់បន្ថយកាកសំណល់ប្លាស្ទិចនៅក្នុងសមុទ្រ។
ប្រទេសជប៉ុន ប្រើប្រព័ន្ធគ្រប់គ្រងសម្រាមដែលអាចជឿទុកចិត្តបាន ហើយរដ្ឋាភិបាលនិយាយថា ជាង ៨០% នៃកាកសំណល់ប្លាស្ទិចរបស់វាត្រូវបានកែច្នៃឡើងវិញ។ ប៉ុន្តែភាគច្រើននៃការកែច្នៃឡើងវិញ ទាក់ទងនឹងការដុតប្លាស្ទិច ជាញឹកញាប់ ដើម្បីផលិតថាមពល ដែលវាបានបង្កើតកាបូនឌីអុកស៊ីត និងរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ៕ ដកស្រង់ចេញពីវេបសាយ ៖ bangkokpost (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ