ខេត្តមណ្ឌលគិរី ៖ ដើម្បីបំផុសស្មារតីឲ្យប្រជាពលរដ្ឋចូលរួមថែរក្សានូវកេរ្តិ៍មរតកខ្មែរ និងជាអត្តសញ្ញាណជាតិខ្មែរ នាថ្ងៃទី៣០ មិថុនា មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានរៀបចំពិធីដាំគ្រាប់ត្នោតចំនួន១ម៉ឺន ៥ពាន់គ្រាប់នៅឃុំចំនួន០៤ ក្នុងស្រុកកោះញែក ។

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមានប្រសាសន៍ថា គោលបំណងនៃការដាំគ្រាប់ត្នោតនេះ គឺដើម្បីបំផុសផ្នត់គំនិតអ្នកជំនាន់ក្រោយឲ្យស្រលាញ់នូវអ្វីដែលជាអត្តសញ្ញាណជាតិ និងដួងព្រលឹងជាតិរបស់ខ្លួន។ ម្យ៉ាងទៀត រុក្ខជាតិប្រភេទនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើន សម្រាប់ឲ្យមនុស្ស យកទៅកែច្នៃសម្រាប់ ធ្វើជាសម្ភារប្រើប្រាស់ផ្សេងៗ និងថែមទាំងអាចយកទៅជាអាហារបានទៀតផង ។

លោកអភិបាលរងខេត្ត ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះរលកទី២ នៃជំងឺកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា៖ ត្រូវរក្សាអនាម័យជាប្រចាំ ដោយត្រូវលាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលជាដើម ហើយក៏សូមឱ្យប្រជាពលរដ្ឋ ត្រូវខិតខំថែទាំសុខភាពឱ្យបានល្អ តាមរយៈរស់នៅស្អាត ហូបស្អាត និងផឹកស្អាត និងត្រូវខិតខំដាំដុះដំណាំផ្សេងៗ ដើម្បីបង្កើននូវជីវភាពរស់នៅមានលក្ខណៈសមរម្យ។

លោកយន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានឲ្យដឹងថា ដោយមើលឃើញពីស្ថានភាពដីក្នុងស្រុកកោះញែក មានអំណោយផលល្អ ដល់ការដាំដុះដើមត្នោត មន្ទីរអភិវឌ្ឍន៍ជនបទ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានដាំគ្រាប់ត្នោតចំនួន១ម៉ឺន៥ពាន់គ្រាប់ នៅទីតាំងឃុំចំនួន៤ក្នុងស្រុកកោះញែក។

លោកបញ្ជាក់ថា ត្នោតក៏ជារុក្ខជាតិមួយ ដែលមានផលប្រយោជន៍ច្រើនណាស់ ក្នុងនោះដើម អាចធ្វើជាសម្ភារ ឬអាចយកធ្វើជាផ្ទះ ស្លឹកអាចធ្វើជាដំបូល ឬអនុវស្សាវរីយ៍ផ្សេងៗ ចំណែកផ្លែយកទៅធ្វើនំ ទឹកយកទៅធ្វើស្ករបាន។ លោក ប្រធានមន្ទីរ ក៏បានជំរុញបន្ថែមដល់ប្រជាពលរដ្ឋ ត្រូវចូលរួមទាំងអស់គ្នា ក្នុងការថែរក្សា អភិរក្ស កូនតោ្នតនេះ ឱ្យបានបានល្អ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយៗទៀត។
ចែករំលែកព័តមាននេះ