ឥណ្ឌូនេស៊ី ៖ ខេត្តធំទី៣ របស់ឥណ្ឌូណេស៊ី បានប្រកាសអាសន្នកាលពីថ្ងៃពុធ បន្ទាប់ពីបានរកឃើញអគ្គិភ័យជាង ៧០០កន្លែង ខណៈដែលប្រទេសនេះត្រៀមខ្លួនសម្រាប់រដូវកាលភ្លើងឆេះប្រចាំឆ្នាំរបស់ខ្លួន។

ការប្រកាសនេះធ្វើឡើងនៅពេលប្រទេសឥណ្ឌូណេស៊ី ធ្វើមាត្រដ្ឋានការការពារសម្រាប់តំបន់ត្រូពិកដ៏សំខាន់បំផុតរបស់ពិភពលោក។ មន្ត្រីក្រសួងបរិស្ថានបានប្រាប់សារព័ត៌មានរ៉យទ័រកាលពីខែមុនថា ក្រុមការងារដែលបានកំណត់អត្តសញ្ញាណអគ្គិភ័យ និងជួយពន្លត់ ពេលនេះមានប្រាក់ប្រើប្រាស់មិនគ្រប់គ្រាន់ទេ ដោយសារតែវិបតិ្តសេដ្ឋកិច្ចមកពីកូវីដ១៩។

អាជ្ញាធរខេត្តកណ្តាល កាលីម៉ានតាន បាននិយាយថា ស្ថានភាពអាសន្ននឹងដំណើរការរហូតដល់ថ្ងៃទី២៨ ខែកញ្ញា។ កម្រិតនៃភាពអាសន្នស្ថិតក្នុងដំណាក់កាលប្រកាសអាសន្នដំបូង ដែលអំពាវនាវឱ្យបង្កើនការល្បាត និងកិច្ចខិតខំប្រឹងប្រែងពន្លត់ឱ្យបានមុន។

លោក Alpius Patanan មន្ត្រីទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយខេត្ត បានមានប្រសាសន៍ថា៖ «កិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយភ្លើងឆេះព្រៃ កំពុងដំណើរការ ពីព្រោះស្ទើរតែគ្រប់តំបន់នៅកណ្តាលកាលីម៉ានតាន បានចូលរដូវប្រាំងក្នុងខែកក្កដា»។

ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសផលិតប្រេងដូងធំជាងគេបំផុតនៅលើពិភពលោក ហើយអគ្គិភ័យរៀងរាល់ឆ្នាំត្រូវបានផ្សារភ្ជាប់ជាមួយនឹងការដុតបំផ្លាញ ដែលត្រូវបានប្រើ ដើម្បីបោសសំអាតតំបន់ដាំដុះដំណាំដូងប្រេង។ អគ្គិភ័យកាលពីឆ្នាំមុន បានបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយមានព្រៃ និងដីពោត ចំនួន ១.៦លានហិកតាត្រូវបានឆេះ។

ភាគច្រើនប្រេងដូងរបស់ប្រទេសនេះ ត្រូវបានដាំដុះនៅក្នុងតំបន់ដែលសម្បូរទៅដោយព្រៃឈើ។ អ្នកជំនាញបរិស្ថាននិយាយថា ឧស្សាហកម្មប្រេងដូងរបស់ឥណ្ឌូនេស៊ីគឺជាផ្នែកមួយនៃការឈានមុខគេ នៃការកាប់បំផ្លាញព្រៃឈើ ដែលកំពុងបំផ្លាញទីជម្រករបស់ប្រភេទសត្វដែលជិតផុតពូជដូចជាសត្វខ្លាស៊ូម៉ាត្រា និង ស្វាអ៊ូរ៉ាអ៊ូតង់៕ ដកស្រង់ចេញពីវេបសាយ ៖ bangkokpost (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ